ភ្នំពេញ ៖ ថ្មីៗនេះ មានករណីមួយបង្កឲ្យមានការភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តជាខ្លាំងតែម្តង ក្រោយពីបានដឹងថា មានលោកសង្ឃក្លែងក្លាយមួយអង្គ បាននិងកំពុងយកព្រះពុទ្ធសាសនាបោកប្រាស់ទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ដូរ ដោយគេបានប្រទះឃើញកំពុងដើរបិណ្ឌបាតហួសម៉ោងឆាន់ថ្ងៃត្រង់ដ៏គួរឲ្យកត់សម្គាល់ ពោលគឺហួសម៉ោង ១២ ថ្ងៃត្រង់ទៅហើយ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ បាន ព្រីយ៉ាណុត បានបង្ហោះឲ្យដឹងថា៖ «មួយរយៈនេះសម្បូរចោរដើរបិណ្ឌបាតខុសម៉ោងណាស់ ម៉ោង១១កន្លះហើយនៅដើរប្រមូលបច្ច័យកសាងទៀត ពេលខ្លះម៉ោង១ ម៉ោង២ ក៏មាន»។
ម្ចាស់គណនីខាងលើ ក៏បានបញ្ជាក់ថា៖ លោកសង្ឃក្លែងក្លាយនោះ បានប្រាប់ថា នៅវត្តឧណ្ណាលោម ចុចតេហៅប៉ូលិស ស្រាប់តែបកហេមកបែបនេះថាចង់តេអីក៏តេទៅ! និងបន្ទាប់មក បានរត់ឡើងម៉ូតូកង់បីគ្នីគ្នារបស់ខ្លួននៅរង់ចាំយ៉ាងលឿន រួចជិះចាកចេញទៅយ៉ាងរំភើយតែម្តង។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ សង្ឃក្លែងក្លាយរូបនេះ នៅបានហ៊ានបោះសម្តីខ្លាំងបែបនេះទៀតថា «ផ្ទះហែងលក់ដូរអញចូលមិនបានហី!»។ តាមរយៈនេះ គណនីខាងលើក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់គ្នា មានការប្រុងយ័ត្នថា៖ «សូមបងប្អូនប្រយ័ត្នផង វាហ៊ានណាស់ដើរចូលផ្ទះតែម្តង។ នៅម្តុំផ្លូវត្រសក់ផ្អែម!»។
ក្រោយពីបានឃើញរូបភាពនេះរួច ស្រាប់តែក្នុងនោះមានបងប្អូនអ្នកលេងហ្វេសប៊ុកម្នាក់មានគណនីឈ្មោះ Nuth Thida ដែលបានស្គាល់សង្ឃក្លែងក្លាយនេះ បានលើកឡើងទាំងហួសចិត្តថា៖ «លោកបងទើបប្រមូលបច្ច័យកំពង់សោមថ្ងៃមុនសោះ ឥឡូវដល់ភ្នំពេញហី»។ ដោយឡែក មនុស្សជាច្រើនដែលមានការស្អប់ខ្ពើមពីទង្វើនេះ បានស្នើឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួនសង្ឃក្លែងក្លាយដ៏ព្រហើន មកចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ៖ លឹម ហុង