ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យកំណត់ប្រភេទ បែបបទ និងនិតិវិធីនៃការផ្តល់លិខិតអនុញ្ញាតឬអាជ្ញាប័ណ្ណដល់អន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច និងការលើកលែង។
អនុក្រឹត្យ លេខ ១៣៤ អនក្រ.បក នេះចុះហត្ថលេខាដោយ រដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ និង រដ្ឋមន្ត្រីប្រៃសណីយ៍និងទូរគនាគមន៍កម្ពុជា ជា វ៉ាន់ដែត។
អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះរូបវន្តបុគ្គល សហគ្រាសឯកជន និតីបុគ្គល និងសាខាក្រុមហ៊ុន បរទេសដែលធ្វើប្រតិបត្តិការនិងសកម្មភាពពាណិជ្ជកម្មប្រព័ន្ធអេឡិចត្រូនិច នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងឬផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីព្រះរាជាណាចក្រកម្ពុជាទៅក្រៅប្រទេស ឬពីក្រៅប្រទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងពាណិជ្ជកម្ម ជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រងនិងផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណដល់អន្តរការីនិងបុគ្គលផ្តល់សេវាកម្មពាណិជ្ជកម្ម ឲ្យដំណើរការជាស្វ័យប្រវត្តិនៃទិន្នន័យ ព័ត៌មាន ឬឯកសារ រួមបញ្ចូលទាំងឧបករណ៍អេឡិចត្រូនិក សម្រាប់រក្សាទុកទិន្នន័យ ព័ត៌មាន ឬឯកសារនោះ។
ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងកម្រិតជាតិនិងអន្តរជាតិ ជាសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយធ្វើការសម្របសម្រួលជាមួយនឹងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ។
អាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវផ្តល់ឲ្យនិតិបុគ្គលនិងសាខាក្រុមហ៊ុនបរទេស ដែលធ្វើប្រតិបត្តិការ និងសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូចខាងក្រោម៖ សេវាគេហទំព័រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេវាថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេវាទីផ្សារអនឡាញ សេវាគេហទំព័រដេញថ្លៃអនឡាញ សេវាស្រដៀងគ្នាផ្សេងទៀតដែលផ្តល់តាមរយៈកម្មវិធីកុំព្យូទ័រ ឬឧបករណ៍វៃឆ្លាតសម្រាប់ការជំរុញធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
លិខិតអនុញ្ញាតប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវផ្តល់ឲ្យរូបវន្តបុគ្គល ឬសហគ្រាសឯកបុគ្គលដែលនឹងប្រកបអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងរូបវន្តបុគ្គល ឬសហគ្រាសឯកបុគ្គលដែលប្រើប្រាស់បណ្តាញសង្គមឬ ប្រព័ន្ធអេឡិចត្រូនិក ជាមធ្យោបាយក្នុងការផ្គត់ផ្គង់ទិញ លក់ទំនិញនិងឬសេវា។
ត្រូវបានលើកលែងការតម្រូវស្នើសុំលិខិតអនុញ្ញាត ប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចំពោះរូបវន្តបុគ្គល ឬសហគ្រាសឯកបុគ្គលដែលធ្វើសកមុ្មភាព ដូចជា ការផ្សព្វផ្សាយពាណិជ្ជកម្ម អំពីទំនិញសេវា រួមមានការបញ្ជូលទាំងការផ្សព្វផ្សាយលក់ទំនិញ ឬសេវាដែលមិនមែនជាសំណើបង្កើតកិច្ចសន្យា។ ការបម្រុងទុកសេវាដែលមានការកក់ប្រាក់ ឬទូទាត់កម្រៃ ដែលមានផលរបរនៅក្រោមកម្រិតផលរបរជាអ្នកជាប់ពន្ធតូច។ ការលក់ទំនិញ ឬសេវាដែលមានលក្ខណៈគ្រួសារ ឬតាមរដូវប្រមូលផល។ ការលក់ទំនិញឬសេវាដែលជាស្នាដៃសិល្បៈផ្ទាល់ខ្លួន សុទ្ធសាធ។ ការបង្ហាត់បង្រៀន ឬអបរ់រំអំពីសាសនារបស់រដ្ឋ៕
ដោយ៖CEN