ការបញ្ចេញឯកសារគោលនយោបាយនុយក្លេអ៊ែររបស់មន្ទីបញ្ចាកោណអាមេរិច កាលពីពេលថ្មីៗនេះដោយក្នុងនោះអាមេរិចបញ្ជាក់ពីការប្តេជ្ញាចិត្តថា នឹងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរថ្មី បានរងការរិះគន់ជាអន្តរជាតិ។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានរុស្សី Sputnik នៅថ្ងៃអង្គារនេះ។
ឯកសារដែលចេញកាលពីថ្ងៃសុក្រអាទិត្យមុន បានអះអាងបញ្ជាក់ថា អាមេរិចចាំបាច់ត្រូវតែមានអាវុធនុយក្លេអ៊ែរដែលខ្លាំង និងមានប្រសិទ្ធិភាពជាងមុន ក្រោយពេលមានការគំរាមកំហែងកើនឡើងពីរុស្សី ចិន អ៊ឺរ៉ង់ និងកូរ៉េខាងជើង។ អាមេរិចបញ្ជាក់ពីផែនការអភិវឌ្ឍន៏អាវុធនុយក្លេអ៊ែរថ្មីឬក៏ធ្វើទំនើបកម្មលើអាវុធដែលមានស្រាប់។
ឯកសារស្ថានការណ៏នុយក្លេអ៊ែរ បានលើកឡើងពីការធ្វើសមាហរ័ណកម្មនៃសមត្ថភាពនុយក្លេអ៊ែរសម្រាប់យន្តហោះចំបាំង F-35 ការដាក់ពង្រាយក្បាប់គ្រាប់នុយក្លេអ៊ែរនៅសមុទ្រ និងការអភិវឌ្ឍន៍អាវុធយុទ្ធសាស្ត្រក្រោមដី និងផែនការណ៍ផ្សេងៗទៀត។
អ្នកជំនាញនុយក្លេអ៊ែរអ៊ឺរ៉ង ឈ្មោះ Hassan Beheshtipour បានថ្លែងប្រាប់សារព៌តមាន Sputnik ដូច្នេះថា គោលនយោបាយថ្មីនុយក្លេអ៊ែរអាមេរិច មិនត្រឹមតែជាការគំរាមកំហែងទៅដល់ប្រទេសដែលខ្លួនបានរាយនាមនោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់ពិភពលោក និងមនុស្សជាតិដែរ។
លោកថ្លែងថា “មហិច្ឆតារបស់អាមេរិច បានកំពុងបញ្ឆេះឲ្យមានការប្រកួតប្រជែងអាវុធ ដែលប្រទេសដទៃទៀតក៏នឹងធ្វើទំនើបកម្មអាវុធ និងបង្កើតសមត្ថភាពនុយក្លេអ៊ែររបស់ពួកគេ ហើយជាលទ្ធផលវានឹងធ្វើឲ្យបាត់បង់តុល្យភាពនុយក្លេអ៊ែរអន្តរជាតិ”។
លោកបន្តទៀតថា ដោយសំដៅដល់លោកត្រាំថា ក្នុងនាមជាអ្នកជំនួញដែលមិនមានចំណេះដឹងគោលនយោបាយបរទេស ប្រធានាធិបតី ដូណាល់ ត្រាំជឿជាក់ថាអ្វីៗអាចវាស់បានទាំងអស់ដោយលុយដុល្លា៕ សុភ័ក្ត្រ