ភ្នំពេញ៖ នេះជាខណៈពេលដ៏សាហាវមិននឹកស្មានដល់មួយ ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ ដោយបង្ហាញឲ្យឃើញបុរសម្នាក់ បានបើកឡានប៉ុនប៉ងបុកសម្លាប់ស្ត្រីម្នាក់ ប៉ុន្តែ សំណាងល្អណាស់ ដែលបានដែកកល់កង់ កុំអីស្ត្រីនោះមិនដឹងជាយ៉ាងណានោះទេ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Cho Kris បានបង្ហោះវីដេអូស្តែងៗ និងសរសេររៀបរាប់អំពីហេតុការណ៍ខាងលើនេះឲ្យដឹងថា៖ «សកម្មភាពដែលជនល្មើសបើករថយន្តបុក ហើយចុះពីរថយន្តមកវាយជនរងគ្រោះនៅកន្លែងកើតហេតុ ដែលបណ្តាលឲ្យជនរងគ្រោះមានរបួសស្លាកស្នាមនៅលើរាងកាយ។
សួរថាបើជីដូន ម្តាយ បងប្អូនស្រី ឬក៏សមាជិកដែលជាមនុស្សស្រីនៅក្នុងក្រុមគ្រួសាររបស់អ្នក ហើយត្រូវបានបុរសមកវាយប្រហារបែបនេះ តើអារម្មណ៍របស់អ្នកនៅស្ងប់ដែរឬទេ? តើអ្នកសុខចិត្តឈរឱបដៃឲ្យគេមកវាយដំសមាជិកក្រុមគ្រួសាររបស់អ្នកបែបនេះដែរឬក៏អត់? រាល់បញ្ហាគ្រប់យ៉ាងតែងតែមានដំណោះស្រាយ ហេតុអ្វីត្រូវប្រើប្រាស់អំពើហិង្សាលើស្ត្រីបែបនេះ?
តើអ្នកយល់យ៉ាងណាចំពោះបញ្ហានៃការប្រើប្រាស់អំពើហិង្សាលើស្ត្រី?
មកដល់ពេលនេះហើយ ជនល្មើសនៅតែបន្តរត់គេចខ្លួន មិនទាន់មកដោះស្រាយនោះទេ ។ ទុកឲ្យច្បាប់ជាអ្នកដោះស្រាយ បើសិនជានៅតែសម្ងំពួនលាក់ខ្លួនបែបនេះទៀត។ ឪពុកម្តាយកុំចង់ប្រើប្រាស់អំណាចរបស់អ្នកដទៃ មកដោះស្រាយអី វាមិនល្អនោះទេ អាចបណ្តាលឲ្យកើតរឿងធំជាងនេះ។
ដូច្នេះហើយគ្រប់សកម្មភាពដែលបានកើតឡើងខាងលើ សបញ្ចាក់ឲ្យឃើញថាតម្លៃអប់រំ សុជីវធម៌ នូវមានភាពខ្វះខាតច្រើន។ ខ្លួនជាប្រុសមុខមាត់ស្អាតដែរ តែបែរមកធ្វើទង្វើរបែបនឹងមកលើមនុស្សស្រី។
ម្ចាស់ Account ខាងលើឈ្មោះ Ratana( ឈ្មោះ វាង រត្ន័នា )ប្រសិនបើនៅតែបន្តរត់គេចបែបនេះ មិនមែនជារឿងល្អនោះទេ។ រថយន្តដែលបង្កហេតុ ពាក់ផ្លាកលេខ 2BF-9937 ម៉ាករថយន្ត Lexus GS300 ដែលបានបង្ករឿងនៅទីតាំងកើតហេតុ នៅភូមិព្រែកធំ, សង្កាត់ក្បាលកោះ, ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។»
គួរបញ្ជាក់ផងដែរថា រវាងជនល្មើស និងនារីរងគ្រោះ គេពុំបានដឹងថា ត្រូវជាអ្វីនឹងគ្នានោះទេ ហើយក៏មិនដឹងថាកើតមានជម្លោះរឿងអ្វីនឹងគ្នានោះដែរ មុនហេតុការណ៍នេះកើតឡើង ខណៈគណនីខាងលើសួរនាំពុំបានឆ្លើយតប៕ ដោយ៖ លឹម ហុង