តាកែវ៖ បិណ្ឌទី១ ស្នងការនគរបាលខេត្តតាកែវ អំពាវនាវឲ្យប្រជាពលរដ្គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជាសហគមន៍នៃជំងឺកូវីដ ១៩ និងមិនត្រូវឆ្វេសប្រហែស ចំពោះមធ្យោបាយប្រើប្រាស់ ឬសម្ភារផ្សេងៗ ដែលជាទ្រព្យសម្បត្តិរបស់ខ្លួន ក្នុងពេលដែលប្រជាពលរដ្ឋជាច្រើន បានមកកាន់បិណ្ឌនៅតាមទីវត្តអារាម ព្រោះវាជាឱកាសដែលអំណោយផល សម្រាប់ក្រុមជនខិលខូច ដែលតែងតែធ្វើសកម្មភាពនៅពេលមានមនុស្សអ៊ូអរច្រើន ឬនៅពេលដែលប្រជាពលរដ្ឋកំពុងភ្លេចខ្លួន ធ្វើបុណ្យទុកដាក់មធ្យោបាយធ្វើតំណើររបស់ខ្លួនមិនបានល្អ ។
លោកបន្តថា ចំពោះនៅក្នុងទឹកដីនៅខេត្តតាកែវ កងកម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង ១០០ប៉ុស្តិ៍ និងបណ្តាអធិការគ្រប់ស្រុកក្រុង ត្រូវដាក់ឲ្យមានការយ៉ាមល្បាត នៅតាមទីវត្តអារាម ដើម្បីទប់ស្កាត់និងបង្ក្រាបនៅសកម្មភាពនានា ដែលបង្កឡើងដោយក្រុមឆ្លៀតឱកាសទាំងនោះ ។
មានប្រសាសន៍បែបនេះ គឺក្នុងពេលដែលឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង រួមជាមួយលោកជំទាវនិងក្រុមគ្រួសារ ក្រុមការងារ បានអញ្ជើញចូលរួមកាន់បិណ្ឌ១ នៅវត្តបរិវាស ដែលជាវត្តនៃស្រុកកំណើតរបស់លោកឳពុក និងម្តាយក្មេក ស្ថិតនៅឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ។
លោកស្នងការបានមានប្រសាសន៍ ក្នុងពេលសំណេះសំណាលជាបងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្តថា ដោយសារតែស្រុកទេសរបស់យើងជួបនូវសុខសន្តិភាព ទើបធ្វើឲ្យយើងទាំងអស់គ្នាមានពេលវេលាគ្រប់គ្រាន់ ក្នុងការរួមគ្នាកសាងអំពើបុណ្យ ក៏សាងសមិទ្ធផលនានា នៅក្នុងវិស័យពុទ្ធចក្របានយ៉ាងសស្រាក់សស្រាំ មិនតែប៉ុណ្ណោះនៅតាមទីវត្តអារាមមួយចំនួនធំ ក៏ជាផ្នែកសំខាន់មួយផងដែរ ក្នុងការចូលរួមជាមួយនិងរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ នេះផងដែរ ៕ ដោយ៖តាកែវ