បាត់ដំបង៖ក្រុមអាជីវករនៅផ្សារធំបាត់ដំបង ហៅផ្សារណាត់ ដែលរងគ្រោះអគ្គិភ័យឆាប់ឆេះតូបលក់ដូរ កាលពីចុងខែសីហាកន្លងទៅនេះ បានស្នើសុំប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តបាត់ដំបង ជួយដោះស្រាយនូវបញ្ហាចំពោះមុខរបស់ពួកគាត់ចំនួន ៣ចំណុចគឺ បញ្ហាការទូទាត់សំណង ពន្លឿនការជួសជុលតូបឡើងវិញ និងសូមកុំយកថ្លៃជួលតូបរយៈពេល៥ឆ្នាំ ឲ្យបានទាន់ពេលវេលា ។
ការលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំសំណើស្នើសុំប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តជួយដោះស្រាយបញ្ហាភ្លើងឆេះតូប កាលពីថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២០។
ក្រុមអាជីវករ បាននិយាយលើកឡើងថា ក្រោយអគ្គិភ័យឆេះតូបលក់ដូរ ពួកគាត់កំពុងជួបបញ្ហាប្រឈមមួយចំនួន មានដូចជាបំណុល ការប្រកបរបរប្រចាំថ្ងៃនិងបញ្ហាជីវភាពផងដែរ។ បញ្ហាដូចបានលើកឡើង ពួកគាត់ស្នើសុំអាជ្ញាធរខេត្ត ពិសេសប្រមុខរាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាចំនួន៣ចំណុច ឲ្យបានទាន់ពេលវេលា គឺទី១ បញ្ហាការទូទាត់សំណង ទី២ ពន្លឿនការជួសជុលតូបឡើងវិញ និងទី៣ សូមកុំយកថ្លៃជួលតូបរយៈពេល ៥ឆ្នាំ។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានមានប្រសាសន៍ថា ចំពោះសំណើរបស់បងប្អូនអាជីវករនៅក្នុងផ្សារណាត់ ដែលរងគ្រោះដោយអគ្គិភ័យនេះ រដ្ឋបាលក្រុងនឹងបញ្ជូនទៅរដ្ឋបាលខេត្ត ដើម្បីខេត្តធ្វើរបាយការណ៍បញ្ជូនបន្តទៅថ្នាក់ជាតិ។ ប៉ុន្តែលោកបានធ្វើការបដិសេធ ចំពោះការបំផុសបំផុលមតិមួយចំនួន ដែលថាអាជ្ញាធរខេត្តឲ្យមានការផ្លាស់ប្តូរទៅលក់នៅផ្សារផ្សេង បង្កឲ្យក្រុមអាជីវករមានការយល់ច្រឡំ។ ទីតាំងនេះ អាជ្ញាធរមិនទាន់អនុញ្ញាតឲ្យលក់ដូរ កំពុងធ្វើការបោសសម្អាត រៀបចំអនាម័យ ហើយកន្លែងអគ្គិភ័យឆេះខ្លាំងនឹងត្រូវធ្វើការជួសជុលកែលម្អ ដូច្នេះអាជ្ញាធរខេត្តពុំទាន់មានគោលការណ៍ណា ឲ្យអាជីវករទៅលក់ដូរនៅទីកន្លែងផ្សេងៗនោះទេ។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ផ្សារណាត់បាត់ដំបង ត្រូវអគ្គិភ័យឆាប់ឆេះខូចខាតតូបទាំងស្រុងចំនួន ៣៣តូបនិងតូប៤០ផ្សេងទៀត រងការប៉ះពាល់ ដោយទំហំនៃការខូចខាត ដោយអគ្គិភ័យនេះគិតជាទឹកប្រាក់ប្រមាណជាង ៨៣ម៉ឺនដុល្លារអាមេរិក ៕
ដោយ៖អ៊ុងសារុំ