តាកែវ៖ ឆ្លើយតបទៅនិងការលើកឡើងរបស់សមាជិកក្រុមប្រិក្សាខេត្ត នៅក្នុងអង្គប្រជុំកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានទទួលស្គាល់ពីភាពស្ពិកស្រពន់ របស់មន្ទីរទេសចរណ៍ខេត្ត ដែលមិនបានធ្វើការអភិវឌ្ឍន៍ ឬកែលម្អតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលមានស្រាប់នៅក្នុងខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកកម្សាន្តនៅក្នុងខេត្តតាកែវឡើយ ។
ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍បន្តថា អាជ្ញាធខេត្តនិងធ្វើការពិនិត្យឡើងវិញ ចំពោះបញ្ហាទេសចរណ៍នេះ ដោយអាជ្ញាធខេត្តនិងជំរុញឲ្យមន្ទីរទេសចរណ៍ ធ្វើការកែច្នៃអភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍នានា ឲ្យល្អប្រសើរឡើងវិញ ជាពិសេសយើងនិងធ្វើការណែនាំឲ្យមន្ទីរ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីសក្ដានុពលទេសចរណ៍របស់ខេត្តតាកែវ ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានដឹងនឹងមកលេងកម្សាន្ត នៅក្នុងខេត្តតាកែវ ឲ្យបានកាន់តែច្រើនឡើងថែមទៀត ។
សូមបញ្ជាក់ផងដែរថា ការឆ្លើយតបដោយមានការស្តីបន្តោសខ្លាំង ទៅលើមន្ទីរទេសចរណ៍ខេត្តនោះគឺ បន្ទាប់ពីសមាជិកក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម ម៉ៅ ណម បានធ្វើការស្នើឲ្យអភិបាលខេត្ត ជាពិសេសមន្ទីរទេសចរណ៍ខេត្ត ធ្វើយ៉ាងណាកែលម្អរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ និងទេសចរណ៍ធម្មជាតិ នៅក្នុងខេត្តឲ្យមានសោភ័ណភាពស្រស់បំព្រងទ្វេដងឡើងវិញ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកកម្សាន្តនៅក្នុងខេត្តតាកែវ ឲ្យបានកាន់តែច្រើនឡើង នៅពេលមានបុណ្យទាន ឬថ្ងៃឈប់សម្រាក ។
លោកបន្តថា ខេត្តតាកែវ គឺជាខេត្តមួយដែលសម្បូររមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដូចជារមណីយដ្ឋានទន្លេបាទី ភ្នំតាម៉ៅ ភ្នំជីសូ ភ្នំដា និងជ្រោះផ្អោកជាដើម ដែលរមណីយដ្ឋានទេសចរណ៍ទាំងអស់នោះ វាអាចនិងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកកម្សាន្តនៅក្នុងខេត្តតាកែវ បានច្រើន ប្រសិនបើអាជ្ញាធរួមនឹងមន្ទីរទេសចរណ៍ ចេះធ្វើការកែច្នៃនិងធ្វើការផ្សព្វផ្សាយពីសក្ដានុពល នៃតំបន់ទេសចរណ៍ទាំងអស់នោះ ដល់ភ្ញៀវទេសចរ។
គួរំលឹកផងដែរថា បច្ចុប្បន្ននេះ កម្ពុជាកំពុងតែប្រឈមមុខនឹងជំងឺកូវីដ១៩ ដែលជំងឺកូវីដ១៩នេះ ក្រៅពីប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាក៏ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ របស់បងប្អូនប្រជាពលរដ្ឋផងដែរ ដូច្នេះប្រសិនបើអាជ្ញាធខេត្ត ឬមន្ទីរទេសចរណ៍ធ្វើការកែច្នៃឡើងវិញ ឬផ្សព្វផ្សាយឲ្យទូលំទូលាយ ដើម្បីឲ្យភ្ញៀវទេសចរចូលមកលេងកម្សាន្តឲ្យបានច្រើនដែរ វានឹងលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យល្អប្រសើរមួយកម្រិតថែមទៀត៕ដោយ៖ តាកែវ