សឹ្ទងត្រែង ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានចុះពិនិត្យលើមុខទំនិញម្ហូបអាហារលក់ដូរនៅផ្សារសាមគ្គីកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០។ មន្ត្រីសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ក.ប.ប. ខេត្តសឹ្ទងត្រែង ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យគុណភាពផលិតផល និងត្រួតពិនិត្យភាពអនុលោមអំពីស្លាកសញ្ញាលើផលិតផលម្សៅទឹកដោះគោ នៅផ្សារសាមគ្គី និងផ្ទះលក់ទំនិញ ក្នុងខេត្តស្ទឹងត្រែង។ គោលដៅសំខាន់នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋម ទៅលើផលិតផលម្ហូបអាហារមួយចំនួន ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ និងភាពអនុលោមអំពីស្លាកសញ្ញា លើផលិតផលម្សៅទឹកដោះគោ ស្របតាមអនុក្រឹត្យលេខ ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញផលិតផល មានផ្ទុកនៅសារធាតុគីមីហាមឃាត់បូរ៉ាក់ និងទំនិញហួសកាលបរិច្ឆេតប្រើប្រាស់ ដូចជា៖ ពពុះសណ្តែក ចំនួន ៣គីឡូក្រាម នំប្រអប់ ១៣ប្រអប់ ស្មើនឹង ៤,៧ គីឡូក្រាម ស្ករគ្រាប់ ៨កញ្ចប់ ស្មើនឹង ១គីឡូក្រាម ប្រហិតចម្រុះ ៦ថង់ ស្មើនឹង ៤គីឡូក្រាម ភេសជ្ជៈ ៨០ដប ស្មើនឹង ១២គីឡូក្រាម ប័រប្រអប់ ២៦ ប្រអប់ ស្មើនឹង ២១ គីឡូក្រាម សរុប និងទំនិញដកហូតបានសរុបចំនួន សរុប ៤៥,៧ គីឡូក្រាម។
បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះ យកទៅធ្វើការកម្ទេចចោល។ ចំពោះម្សៅទឹកដោះគោ មន្ត្រីជំនាញសង្កេតឃើញភាគច្រើន បានបិតព័ត៌មានបន្ថែមជាភាសាខ្មែរលើសម្បកវេចខ្ចប់ ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ១៣៣ ។ ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕ ដោយ៖សុខុម