ភ្នំពេញ៖ថ្មីៗនេះ នៅលើបណ្តាញសង្គម បានផ្ទុះការរិះគន់យ៉ាងចាស់ៗដៃទៀតហើយ ចំពោះបទចម្រៀងមួយរបស់ផលិតកម្ម សាន់ដេ ក្រោយពីបានចេញជាផ្លូវការនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលបទចម្រៀងនោះមានចំណងជើងថា៖ «ស្រឡាញ់ BTS ពេញបេះដូង»។
ជាការពិតណាស់ បើតាមស្តាប់រួច នោះអត្ថន័យទាំងស្រុងពេញមួយបទចម្រៀងខាងលើនេះ គឺហាក់បានរៀបរាប់ពីក្មេងស្រីម្នាក់ដែលចូលចិត្តងប់ងល់ខ្លាំងទៅតារាចម្រៀងកូរ៉េ គឺក្រុម BTS ដែលរហូតដល់ថ្នាក់សូម្បីតែពេលរៀន ក៏ឆ្លៀតមើល BTS ព្រោះយល់ថា ហ្វេន BTS គឺសុទ្ធតែជាសិស្សពូកែ ឆ្លាត។
ទោះយ៉ាងណា អ្នកទស្សនាជាច្រើនពុំពេញចិត្តទៅនឹងការនិពន្ធបទចម្រៀងនេះឡើយ ព្រោះថា អត្ថន័យនៃបទចម្រៀងខាងលើនេះ ហាក់ដូចជាលើកតម្កើងតារាបរទេសជ្រុលខ្លាំងពេក ដោយមិនគិតខំជួយលើកស្ទួយសិល្បៈវប្បធម៌ខ្លួនឯងសោះអ៊ីចឹង។
ក្នុងនោះ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានរិះគន់កប់ៗមាត់ថា៖ «Sunday Production ដាំក្បាលចុះហើយ ដល់ថ្នាក់ខ្វះបទនិពន្ធ, ខ្ញុំចង់សួរខាងផលិតកម្មបន្តិច បទចម្រៀងមួយបទហ្នឹង មានន័យថាម៉េច? រាល់ថ្ងៃមានឆ្ងល់អត់ ហេតុអ្វីបានជាចម្រៀងខ្មែរធ្លាក់ចុះដោយសារអ្វី? គេគ្រប់គ្នាស្តាប់ហើយ គិតថាម៉េចអត់យល់ ប្រាប់បន្តិចមក អត់យល់ BTS, អត់ដែលចង់រិះគន់អ្នកណា ឬ វាយប្រហារអ្នកណាទេ តែសួរដូចឆោត គិតថាពួកយើងហ្នឹងពេញចិត្តមែនទេ? ពួកយើងមិនមែនក្មេង៥ឆ្នាំ ដែលមិនចេះបែងចែកអ្វីជាបទចម្រៀង អ្វីជាមេសូត្រពីការជ្រួលជ្រើមរបស់ហ្វេន BTS? គិតខ្លួនឯងទៅ…» ។ លើសពីនេះ នៅមានពាក្យពេចន៍រិះគន់ជាច្រើនទៀតរាប់មិនអស់ផងដែរ៕ ដោយ៖ លឹម ហុង