ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធី ប្រគល់ ទទួលផ្លូវការនូវជំនួយសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) សម្រាប់ការគ្រប់គ្រងទិន្នន័យ អ្នកបោះឆ្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និង ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ជំនួយសម្ភារ បរិក្ខារបច្ចេកទេស ប្រព័ន្ធម៉ាស៊ីនមេ (SERVERS) នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាពអន្តរជាតិ និងការរួម ចំណែកដ៏មានអត្ថន័យសំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលជាមូលដ្ឋានគ្រឹះក្នុងការធានា ស្ថិរភាពនយោបាយ សង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននៅព្រះរាជាណាចក្រ កម្ពុជា។
ឯកឧត្តមប្រធាន គ.ជ.ប បានរំឭកអំពីការរួមចំណែករបស់ប្រទេសជប៉ុន ដែលតាមរយៈការអនុវត្តជំនួយ ODA ប្រទេសជប៉ុនតែងតែផ្ដល់ការគាំទ្រចំពោះ គ.ជ.ប ជាហូរហែ ចាប់តាំងពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី២ ឆ្នាំ១៩៩៨ ដែល គ.ជ.ប រៀបចំដោយខ្លួនឯងជាលើកដំបូង មានជាអាទិ៍ ការផ្តល់ជំនួយជាសម្ភារ បរិក្ខារបច្ចេកទេស អ្នកជំនាញការ ការងារអប់រំអ្នកបោះឆ្នោត ការបណ្តុះបណ្តាលមន្ត្រី គ.ជ.ប ព្រមទាំងដំណើរទស្សនកិច្ចសិក្សា និងសង្កេតការណ៍បោះឆ្នោតដោយផ្ទាល់នៅប្រទេសជប៉ុនជាដើម។
ឯកឧត្តម បានបន្ថែមថា កាលពីចុងឆ្នាំ២០១៥ ប្រទេសជប៉ុន ក៏ធ្លាប់បានផ្តល់ជំនួយជាសម្ភារ បរិក្ខារបច្ចេកទេសប្រព័ន្ធ ម៉ាស៊ីនមេ (SERVERS) ដើម្បីប្រើប្រាស់ក្នុងការអនុវត្តការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ហើយបញ្ជីបោះឆ្នោតថ្មីនេះ គ.ជ.ប បានបន្តធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ និងបានយកទៅប្រើប្រាស់ ក្នុងការបោះឆ្នោតទាំងសកល ទាំងអសកលសរុបចំនួនប្រាំបីលើករួចមកហើយ។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានសង្កត់ធ្ងន់ថា ជំនួយសម្ភារ បរិក្ខារបច្ចេកទេសរបស់ប្រទេសជប៉ុននេះ ពិតជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ គ.ជាបទដែលគាំទ ដល់ការធ្វើកំណែទម្រង់ និងទំនើបកម្មដំណើរការបោះឆ្នោត ឆ្ពោះទៅរៀបចំការបោះឆ្លៀតសលនាឆ្នាំ
ឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ សំដៅលើកកម្ពស់ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ព្រមទាំងតម្លាភាពក្នុងការរៀបចំ ការចាត់ចែង និងការគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជា និងការបង្កើនទំនុកចិត្តមកលើលទ្ធផលនៃការបោះឆ្នោត។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានមានប្រសាសន៍ថា ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយ ត្រឹមត្រូវ និងយុត្តិធម៌ ការប្រើប្រាស់ប្រព័ន្ធដែលមានលក្ខណៈរឹងមាំ និងសុវត្ថិភាព សម្រាប់ការគ្រប់គ្រងទិន្នន័យ អ្នកបោះឆ្នោត គឺពិតជាមានសារៈសំខាន់ណាស់ ដូច្នេះហើយទើបរដ្ឋាភិបាលជប៉ុន បានសម្រេចបន្តផ្តល់ ជំនួយសម្ភារ និងបរិក្ខារបច្ចេកទេសសុវត្ថិភាពពាក់ព័ន្ធនៃម៉ាស៊ីនមេ (Servers) នេះ។ ឯកឧត្តមឯកអគ្គរាជទូត មានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ដែលចាត់ជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នឹងបន្តអភិវឌ្ឍ និងពង្រឹងបន្ថែមទៀត ដែលនឹងនាំឱ្យប្រទេសទាំងពីរ កាន់តែមានអនាគតភ្លឺស្វាង។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយឧបត្ថម្ភនូវជំនួយដ៏ថ្លៃថ្លានេះ និងសម្តែងនូវអំណរគុណចំពោះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) និងមន្ត្រីស្ថានទូតទាំងអស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ព្រមទាំង ទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការអនុវត្តកម្មវិធី ODA របស់ជប៉ុន មូលនិធិ JICS និងក្រុមហ៊ុន KDDI Asia Pacific ដែលខិតខំអនុវត្តគម្រោងផ្តល់ជំនួយសម្ភារ បរិក្ខារបច្ចេកទេស ប្រព័ន្ធម៉ាស៊ីនមេ (SERVERS) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដល់ គ.ជ.ប តាំងពីដំណាក់កាល ចាប់ផ្តើមរហូតដល់បានសម្រេច។
ពិធីនេះបានប្រព្រឹត្តទៅនៅទីស្ដីការ គ.ជ.ប និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តមអនុប្រធាន គ.ជ.ប សមាជិក គ.ជ.ប អគ្គលេខាធិការ គ.ជ.ប តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា តំណាងមូលនិធិ JICS និងក្រុមហ៊ុន KDDI Asia Pacific ថ្នាក់ដឹកនាំ និងមន្ត្រី គ.ជ.ប ព្រមទាំងអ្នកសារព័ត៌មាន សរុបប្រមាណ ២០០នាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















