ខេត្តស្វាយរៀង៖ លោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅរសៀលថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ២០២០ នេះបានអញ្ជើញជាអធិបតីនៅក្នុងពិធីជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ របួស-ពិការ និងនិវត្តជន ដែលបានផ្ទេរទៅទទួលរបបសន្តិសុខសង្គមបន្តនៅក្រសួងសង្គមកិច្ចអតីយុទ្ធជន និងយុវនិតិសមម្បទា ចំនួន ៣៩នាក់។
ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាមេបញ្ជាការរង លោកនាយរងសេនាធិការ លោកអនុប្រធានមន្ទីរ លោក លោកស្រីនាយការិយាល័យ និងលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង ៨ផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ មេបញ្ជាការ បានលើកឡើងថា ជានិច្ចកាលលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែបានផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះនិវត្តជនរបស់កងរាជអាវុធហត្ថទាំងអស់។
ជាក់ស្តែងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៧ ថ្ងៃបង្កើតកងរាជអាវុធហត្ថ លោកនាយឧត្តមសេនីយ៍ បានអនុញ្ញាតឲ្យមេបញ្ជាការរាជធានី-ខេត្ត ធ្វើពិធីសំណេះសំណាលជាមួយបងប្អូននិវត្តន៍ជន អតីតកងរាជអាវុធហត្ថដើម្បីបានស្វែងយល់អំពីសុខទុក្ខ និងជួបការលំបាកនៅក្នុងសង្គមគ្រួសាររបស់ពួកគាត់។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានលើកឡើងថា នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថទាំងអស់ ត្រូវចាត់ទុកនិវត្តន៍ជន (ចូលនិវត្តន៍) ជារាមច្បង ជាអតីតអ្នកប្រយុទ្ធលើសមភូមិ ការពារជាតិ ការពារបូរណភាពទឹកដី និងការពារសន្តិភាពមុនយើង ហើយអ្វីដែលយើងមោទនភាពជាងនេះ និវត្តន៍ជននៃយើងម្នាក់ៗនៅមានកម្លាំងពលំ ស្មារតីរឹងមាំគួរឲ្យកោតសសើរ។
លោកមេបញ្ជាការបានបន្តថា ដោយផ្តើមចេញពីឆន្ទៈមោះមុត ក្លាហាន អង់អាចស្មារតីស្រឡាញ់ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ដែលជាគំរូវីរភាពដ៏ល្អក្នុងបុព្វហេតុការពារជាតិ ធ្វើឲ្យយើងជាកម្លាំងបន្តវេនជំនាន់ក្រោយមិនអាចបំភ្លេចបាន នៅវីរភាពដ៏អង់អាចនេះ ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ទោះក្នុងរូភាពណាក៏ដោយ ពិសេសជាងនេះគឺការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។
ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រីមេញ្ជាការ បានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាជូនដល់និវត្តន៍ជនក្នុងម្នាក់ៗទទួលបាន អង្ករទម្ងន់ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១យួរ, ទឹកក្រូច ១កេស និងថវិកាចំនួន ១០០.០០០រៀល ផងដែរ៕ដោយ៖ វ៉ៃកូ