Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សោភា ៖ ការសម្រេច​នូវ​លទ្ធផល​ល្អ​បន្តបន្ទាប់ នៃ​ផែនការ​បោសសម្អាត​មីន ដោយសារ​កត្តា​៤​យ៉ាង​

​បាត់ដំបង ៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សោភា ទេសរដ្ឋមន្ត្រី​ទទួល​កិច្ចការងារ​កម្ចាត់មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​វិស្វកម្ម​កងយោង​ធ​ពល​ខេមរភូមិន្ទ បាន​មានប្រសាសន៍ថា ការសម្រេច​លទ្ធផល​ល្អជា​បន្តបន្ទាប់​របស់​ក​ម្ពុ​ជា នៃ​ផែនការ​បោសសម្អាត​មីន​នៅ​ទូទាំងប្រទេស ដោយសារ​មាន​កត្តា ៤​យ៉ាង​គឺ​ទី​១. ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​វិស័យ​មីន ស្របទៅនឹង​គោល​ការ​របស់​អង្គការសហប្រជាជាតិ ទី​២. ការឧបត្ថម្ភ​គាំទ្រ​ពី​ប្រទេស​ម្ចាស់ជំនួយ លើ​ការងារ​បោសសម្អាត​កាកសំណល់​ពី​សង្គ្រាម ទី​៣. ការចូលរួម​របស់​ប្រតិបត្តិ​ករ (​ស៊ីម៉ាក់ មេក ហេ​ឡូ​ត្រាស់​ជាដើម​) និង​ទី​៤. ការចូលរួម​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន​។​

​ការលើកឡើង​បែបនេះ ក្នុង​ពិធី​សំណេះសំណាល​ជនពិការ និង​សម្ពោធ​សមិទ្ធផល​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ នៅក្នុង​ស្រុក​សំឡូត ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សោភា ទេសរដ្ឋមន្ត្រី​ទទួល​កិច្ចការងារ​កម្ចាត់មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​វិស្វកម្ម​កងយោង​ធ​ពល​ខេមរភូមិន្ទ​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សោភា ទេសរដ្ឋមន្ត្រី​ទទួល​កិច្ចការងារ​កម្ចាត់មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​វិស្វកម្ម​កងយោង​ធ​ពល​ខេមរភូមិន្ទ បាន​មានប្រសាសន៍​បន្ថែមថា តាម​ផែនការ​របស់​អង្គការសហប្រជាជាតិ គឺត្រូវធ្វើ​ការ​បោសសម្អាត​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ឲ្យ​អស់​នៅ​ឆ្នាំ​២០២៥ ដោយ​ក្នុងនាម​ជា​ប្រទេស​ពាក់ព័ន្ធ​។ កម្ពុជា​នឹង​ខិតខំ​បំពេញ​នូវ​កាតព្វកិច្ច​មួយ​នេះ ឲ្យ​អស់ពី​សមត្ថភាព​។​

​ឯកឧត្តម មាស សោភា បាន​អំពាវនាវ​ដល់​ពលរដ្ឋ ពិសេស​អ្នក​នៅ​ស្រុក​សំឡូត ត្រូវ​ចៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដើម្បី​កុំ​ឲ្យ​មាន​រងគ្រោះ ដោយសារ​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បន្តទៅទៀត ហើយ​អ្នកពាក់ព័ន្ធ ក្នុងនោះ​មាន​អាជ្ញាធរ​មូលដ្ឋាន បន្ត​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ពី​បញ្ហា​គ្រាប់មីន​នេះ ដល់​ប្រជាពលរដ្ឋ​។ សូម​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ជា​ជនពិការ ត្រូវ​បន្ត​ខិតខំ​ថែរក្សា​សុខភាព ហើយ​ប្រាប់​ដល់​ជនពិការ​ជា​អតីតយុទ្ធជន កុំ​អស់សង្ឃឹម​ក្នុង​ជីវិត ព្រោះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មិន​បោះបង់​ពួកគាត់​ទេ ដោយ​សម្ដេច​បាន​បង្កើត​សមាគម​អតីត​យុទ្ធ ក្នុង​ការងារ​ជួយ​ដល់​អតីតយុទ្ធជន​គ្រប់រូប ។​

​ឯកឧត្តម អ៊ុំ ភូមិ​រ៉ូ អគ្គនាយករង​មជ្ឈមណ្ឌល​កម្ចាត់មីន​ក​ម្ពុ​ជា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា សមិទ្ធផល​ស៊ីម៉ាក់ សម្រេចបាន ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ចុងខែ​មិថុនា ឆ្នាំ​២០២០ សម្រាប់​ក្របខ័ណ្ឌ​នៅ​ទូទាំងប្រទេស រំដោះ​ផ្ទៃដី​សរុប​បាន​ចំនួន​ជាង​១៩៩០​គីឡូម៉ែត្រ​ក្រឡា និង​រកឃើញ​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ចំនួន​ជិត ៤​លាន​គ្រាប់​៕ ដោយ​៖​អ៊ុង​សា​រុំ​

×