ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹង ក៏ជ្រុលចង្កូតទៅបុកទម្លុះជញ្ជាំងរោងចក្រ បណ្ដាលឲ្យបាក់អស់១ផ្ទាំង ចំណែករថយន្តផ្ទុះពោងទាំងពីរ រងការខូចខាត រងការខូចខាតទៅមុខលែងរួច។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្ដោយ ផ្លូវជាតិលេខ២ ក្នុងភូមិព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក ហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AI-9523 សង្ស័យស្រវឹងស្រា ធ្វើដំណើរយ៉ាង លឿនតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលចង្កូតទៅបុកទម្លុះជញ្ជាំងរោងចក្របណ្ដាលឲ្យបាក់អស់១ផ្ទាំង ចំណែករថយន្តផ្ទុះពោងទាំងសងខាងរងការខូចខាត យ៉ាងដំណំ ។
តែសំណាងល្អអ្នកបើករថយន្តគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ហើយក៏បានរត់គេចខ្លួនបាត់ស្រមោល ទុករថយន្តចោលនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញ ចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ ដោយ៖សា មេត