Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមយុវជន និង​អាជីវករ រួមគ្នា​ប្រមូល​ថវិកា ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ កំពុង​ខ្វះខាត​ប្រាក់​សម្រាប់​ផ្គត់​ផ្គង់​ឆ្នាំ​២០២០ នៅ​ខេត្តបាត់ដំបង​

បាត់ដំបង ៖ លោក សោម ប៊ុនឡុង ប្រធាន​សមាគម​សហគ្រិន​ឈានមុខ​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ក្រុមយុវជន​និង​អាជីវករ រួមគ្នា​បង្កើត​សមាគម​មួយ ដើម្បី​ប្រមូល​ថវិកា​ទៅ​ផ្ដល់ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ស្ថិតក្នុង​ខេត្តសៀមរាប ដែល​កំពុង​ខ្វះខាត​ថវិកា សម្រាប់​ផ្គត់​ផ្គង់​ជួយសង្គ្រោះ​កុមារ នៅក្នុង​ឆ្នាំ​២០២០​នេះ និង​កំពុង​ដង្ហោយ​ស្វែងរក​ឲ្យ​សប្បុរសជន​ឲ្យ​ជួយឧបត្ថម្ភ​គាំទ្រ​។​

​ការលើកឡើង​នេះ ក្នុង​ពិធី​អញ្ជើញ​ជា​វាគ្មិន​ធ្វើ​បទ​បង្ហាញ​ស្តីពី​ការរៀបចំ​ខ្លួន ដើម្បី​ក្លាយជា​បុគ្គល​ឆ្នើម​និង​ម្ចាស់​អាជីវកម្ម​ឆ្នើម គឺ​គោលដៅ​ប្រមូល​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​៨​ខែកញ្ញា ឆ្នាំ​២០២០​នៅ​ខេត្តបាត់ដំបង​។​

លោក សោម ប៊ុនឡុង ប្រធាន​សមាគម​សហគ្រិន​ឈានមុខ​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​លើកឡើងថា សមាគម​នេះ បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​សមាជិក តាមរយៈ​ការផ្ដល់​ចំណេះដឹង បណ្ដុះបណ្ដាល​ឬ​ចែករំលែក​បទពិសោធ​ផ្សេងៗ ហើយ​ក្នុងនោះ ក៏មាន​ការងារ​មនុស្ស​ធម៌​ផងដែរ​។ ចំពោះ​ការងារ​មនុស្សធម៌​នេះ ដោយ​មើលឃើញ មន្ទីរពេទ្យ​កុមារ​អង្គរ ជា​មន្ទីរពេទ្យ​ជួយ​ព្យា​
​បាល​ជំងឺ​របស់​កុមារ ដោយ​មិន​គិតថ្លៃ កំពុងតែ​ជួប​បញ្ហា​ខ្វះខាត​ថវិកា​។ សមាគម បាន​សហការ​ជាមួយ​លោក ឃីម សុខ​ហេង ស្ថាបនិក វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ បានរៀបចំ​កម្មវិធី​រ៉ៃ​អង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​នេះ​។​

​លោក ឈុំ ឆេង​លី ប្រធាន​ផ្នែក​រ៉ៃ​អង្គាស​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​មានប្រសាសន៍ថា មន្ទីរពេទ្យ​កុមារ​អង្គរ គឺ​ធ្វើ​ការងារ​ទៅលើ​ចំណុច ៣​ធំៗ មាន​សេវា​ពិនិត្យ​ព្យាបាល ការអប់រំ​បណ្ដុះបណ្ដាល​សិស្ស និស្សិត​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ និង​ការអប់រំ​បង្ការ​នៅតាម​សហគមន៍ ហើយ​មន្ទីរ​ក៏មាន​ការទទួល​សម្រាក​ព្យា​ល​ជំងឺ​របស់​កុមារ រួមទាំង​ផ្ដល់​អាហារ​៣​ពេល​ក្នុង​មួយថ្ងៃៗ​។ មាន​កុមារ​ចន្លោះ​ពី ៥០០​ទៅ​៦០០​នាក់ នៅ​ទូទាំងប្រទេស មករក​សេវា​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ ក្នុង​មួយឆ្នាំៗ មន្ទីរពេទ្យ​កុមារ​អង្គរ ត្រូវការ​ថវិកា​ប្រមាណ ៦​លាន​៥​សែន​ដុល្លារ ដើម្បី​ក្នុងការ​ទ្រទ្រង់​ប្រចាំឆ្នាំ ដោយ​ប្រភព​ថវិកា ៨៥​ភាគរយ បានមកពី​ក្រៅប្រទេស​និង​១៥​ភាគរយ បានមកពី​រាជរដ្ឋាភិបាល​កម្ពុជា និង​សប្បុរជន​នានា​។​

​ជាមួយគ្នានេះ តំណាង​មន្ទីរពេទ្យ​កុមារ​អង្គរ លោក ឈុន ឆេង​លី បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​សប្បុរសជន​នានា ដែល​បាន​បរិច្ចាគ​ថវិកា​ជួយ​មន្ទីរពេទ្យ ហើយក៏​សូម​បន្ត​ជួយឧបត្ថម្ភ​ទៀត ខណៈ​មន្ទីរពេទ្យ​នៅ​កំពុង​ខ្វះខាត​ថវិកា​សម្រាប់​ផ្គត់​ផ្គង នៅ​ឆ្នាំ​២០២០​នេះ​នៅឡើយ​៕ ដោយ ៖ អ៊ុង​សា​រុំ​

×