ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាការបានសម្ពោធសៀវភៅមួយក្បាលមានចំណងជើងថា “ការកសាងវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន” នឹងបានប្រគល់សៀវភៅជូនដល់តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។
សៀវភៅនេះរៀបរាប់អំពីដំណើរកកើតនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គោលបំណងនិងបុព្វហេតុនៃការអភិវឌ្ឍពីដំណាក់កាលមួយទៅដំណាក់កាលមួយ សមាសភាពតួអង្គពាក់ព័ន្ធសំខាន់ៗ សារប្រយោជន៍របស់មីក្រូហិរញ្ញវត្ថុ និងរំលេចនូវទស្សនាទានអំពីអនាគតរបស់មីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាប្រកបដោយនិរន្តរភាព។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានចាប់កកើតក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ក្រោយពេលការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានបន្តរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសមានការរីកចម្រើនយ៉ាងខ្លាំង ក្រោយពេលដែលប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តាងនាម ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម អគ្គនាយកត្រួតពិនិត្យបានថ្លែងអំណរគុណចំពោះគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ ដែលបានសហការជាដៃគូយ៉ាងល្អចំពោះការអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិ និងចំពោះការផ្តល់មតិយោបល់នានាកន្លងមក ដែលការអនុវត្តបែបនេះគឺជាកត្តាមូលដ្ឋានយ៉ាងសំខាន់ធ្វើឱ្យវិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជា សម្រេចបានសមិទ្ធផលជាច្រើន ទាំងផ្នែកសង្គមនិងសេដ្ឋកិច្ច ហើយជាពិសេសទៀតនោះ គឺតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុក្នុងការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជនបទ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។
ក្នុងអារម្ភកថានៃសៀវភៅនេះ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា “កាលពីបួនទសវត្សរ៍កន្លងមក ប្រវត្តិសាស្ត្រកម្ពុជាបានចារឹកយ៉ាងច្បាស់ពីដំណើរងើបឡើងវិញរបស់ប្រទេសកម្ពុជា ពីស្ថានភាពមួយដែលខ្ទេចខ្ទាំដល់ឬសគល់ ជាពិសេស វិស័យហិរញ្ញវត្ថុដែលត្រូវបានលុបបំបាត់ទាំងស្រុង និងធ្វើឱ្យប្រជាជនកម្ពុជាលែងមានជំនឿមកលើវិស័យហិរញ្ញវត្ថុកម្ពុជា។ កត្តាប្រវត្តិសាស្ត្រនេះ គឺជាមូលដ្ឋានសម្រាប់ធ្វើការវិភាគ និងស្វែងយល់អំពីមូលហេតុ ឧបសគ្គ និងបញ្ហាប្រឈមនានាដែលអ្នកជំនាន់មុនបានជួបប្រទះ។ ក៏ប៉ុន្តែ ក្រោមការខិតខំប្រឹងប្រែងនិងការងើបឡើងវិញយ៉ាងត្រដាបត្រដួសដោយខ្លួនឯង រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តខាងនយោបាយដ៏ត្រឹមត្រូវ និងប្រកបដោយទស្សនៈវែងឆ្ងាយ ដោយបានអនុញ្ញាតឱ្យវិស័យធនាគារ និងវិស័យមីក្រូហិរញ្ញវត្ថុអនុវត្តតាមយន្តការទីផ្សារ ដែលជាលទ្ធផលបានធ្វើឱ្យសកម្មភាពមីក្រូហិរញ្ញវត្ថុអភិវឌ្ឍយ៉ាងឆាប់រហ័ស”។
ក្នុងគោលគំនិតចងក្រងជាឯកសារប្រវត្តិសាស្ត្រផង ជាឃ្លាំងផ្ទុកនូវបទពិសោធន៍ផង និងជាមេរៀនសំខាន់ៗផង សម្រាប់ផ្តល់ជូនដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ទើបថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ក្រោមការដឹកនាំរបស់
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានសម្រេចចិត្តប្រគល់ការងារនេះជូន លោក រ៉ុន បេវ៉ាកក្វា ដែលជាស្ថាបនិកនិងនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Access Advisory ដើម្បីធ្វើការសិក្សាស្រាវជ្រាវនិងចងក្រងសៀវភៅ “ការកសាងវិស័យហិរញ្ញវត្ថុហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន” និងប្រកាន់លើគោលគំនិតនិងមតិយោបល់ឯករាជ្យរបស់អ្នកនិពន្ធ។
លោក គា បូរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងនៅក្នុងពិធីប្រគល់សៀវភៅនេះថា សៀវភៅនេះគឺជាស្នាដៃដ៏មានសារសំខាន់ ដែលនឹងបម្រើជាឯកសារគោលសម្រាប់វិស័យហិរញ្ញវត្ថុ ដោយផ្តោតសំខាន់អំពីប្រវត្តិនិងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាជាងពីរទសវត្សរ៍។
សៀវភៅនេះមិនត្រឹមតែបម្រើជាអត្ថប្រយោជន៍សម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចែករំលែកនូវបទពិសោធន៍ ក្នុងវិស័យហិរញ្ញវត្ថុដ៏មានតម្លៃរបស់កម្ពុជាដល់ប្រទេសផ្សេងៗលើពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ដទៃៗទៀត។
នៅក្នុងឱកាសនេះដែរ លោក រ៉ុន បេវ៉ាកក្វា បានធ្វើបទបង្ហាញពីទិដ្ឋភាពទូទៅនិងការរកឃើញនៅក្នុងសៀវភៅនេះ។ លោកបានថ្លែងថា មីក្រូហិរញ្ញវត្ថុកម្ពុជាស្ថិតក្នុងចំណោមប្រព័ន្ធមីក្រូហិរញ្ញវត្ថុល្អបំផុតនៅលើពិភពលោក ហេតុដូច្នេះ មីក្រូហិរញ្ញវត្ថុកម្ពុជាគួរត្រូវបានយកចិត្តទុកដាក់និងទទួលបាននូវការគោរព។ លោកបានផ្តាំផ្ញើថា វិស័យមីក្រូហិរញ្ញវត្ថុត្រូវការធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ប្រកួតប្រជែងដោយស្មើភាព ផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនតាមតម្រូវការ ដាក់ចេញបទប្បញ្ញត្តិនិងមានការចុះត្រួតពិនិត្យសំដៅធានាការអនុលោមតាមបទប្បញ្ញត្តិ ព្រមទាំងតម្រូវឱ្យមានការសហការគ្នារវាងភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យបានសុចរិតភាពនៃទីផ្សារ ទោះបីជាមានការប្រកួតប្រជែងគ្នាក្នុងទីផ្សារក៏ដោយ៕
ដោយ៖CEN