ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទីកាលពីព្រឹកមិញនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ជួបណែនាំឱ្យភាគីទាំងពីរបានស្គាល់គ្នាទៅវិញទៅមកក្រោយពេលដែលភាគីថៃទើបទទួលបានការតែងតាំងក្នុងមុខតំណែងថ្មីនេះ។ ក្នុងកិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរបានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា បង្កើនទំនាក់ទំនងគ្នាឱ្យប្រសើរឡើងវិញ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តការងាររផ្សេងៗ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចរួមគ្នា។ តាមការគ្រោងទុក យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ គ្រោងនឹងជួបគ្នាសាជាថ្មីនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខ។រក្សាសិទ្ធដោយ៖សុទ្ធលី









