ភ្នំពេញ ៖ កញ្ញា រ៉ូស (Rose) ជាតារាសម្តែងម្នាក់ឃើញថាបានកំពុងលេចធ្លោ និងទទួលការចាប់អារម្មណ៍ខ្លាំង ជាពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក និង Tik Tuk ពោលគឺក្រោយពីផ្ទុះរឿងរ៉ាវដ៏ហួសចិត្តផ្ទួនៗ ដែលចុងក្រោយនេះ ទាក់ទងរឿងថាឲ្យមីងម្នាក់មិនស្គាល់ខ្លួន ប្រៀបដូចមិនស្គាល់ក្រដាស១០ ក្រដាស២០ និងសូម្បីល្បីស៊ីដាច់លុយជនបរទេសម្នាក់អស់ជិត ៥ ពាន់ដុល្លារទៀតផង ប៉ុន្តែ ត្រូវបាន Rose ច្រានចោល។
ទោះយ៉ាងណា កញ្ញា Rose ដែលមហាជនជាច្រើនប្រៀបធៀបដូចជាកូនក្មេងទើបចេះបៀមដៃ ហាក់មិនខ្វល់ខ្វាយនឹងរឿងទាំងអស់នេះឡើយ ហើយបែរជាបង្វែរបរិយាកាសបង្ហើរបទចម្រៀង “My Heart Will Go On” យ៉ាងរំភើយ ដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ ផ្ទុះសំណើចខ្លាំងគ្រប់ៗគ្នាតែម្តង។ ពិតណាស់ គ្រាន់តែស្តាប់ចប់ភ្លាម អ្នកលេងហ្វេសប៊ុកម្នាក់ៗ បាននាំគ្នា comment ភ្លែតថា៖ «អ្នកជិតហ្នឹងលួចសើចសន្លប់, ពីរោះសាហាវ, បទហ្នឹងគេដូរប៉ារ៉ូច្រៀងហើយមែនបង, រ៉ូសអើយរ៉ូស, ស្តាប់ហើយចង់វិលមុខ, ចុមម៉េចម្នាក់អង្គុយក្បែរដៃខាងកញ្ញារ៉ូស ម៉េចបានសើចអ៊ីចឹង ប្រយ័ត្នកញ្ញាខឹងទៅ…»។
បើទោះជាបានដឹងថា ខ្លួនច្រៀងមិនពិរោះ ត្រូវគេសើចចំអកយ៉ាងណាក៏ដោយ ក៏ Rose ហាក់ធ្វើមិនដឹងមិនឮ ហើយក្រោយមកថែមទាំងនិយាយលើកសរសើរខ្លួនឯងទៀតថា នឹងចេញបទចម្រៀងឆាប់ៗ ខណៈពេលហ្វេនៗដែលមានការហួសចិត្ត បានលួចបញ្ជោសរសើរថា ចង់ស្តាប់ Rose ច្រៀងទៀតណាស់ៗ!។
ដូចការរំពឹងទុកមែន គឺ Rose មិនឲ្យហ្វេនៗខកបំណងនោះទេ ដោយថ្មីៗនេះ គេបានប្រទះឃើញឆាណែល Youtube មួយបានបង្ហោះវីដេអូ កញ្ញា រ៉ូស ច្រៀងបទ “My Heart Will Go On” ឃើញថាពិរោះគួរសម តែគេថាបានប៉ុណ្ណឹង ក៏ដោយសារជំនួយ Mixed សំឡេងប៉ុណ្ណោះឯង៕ ដោយ៖ លឹម ហុង