(យុនដេ, កាមេរូន): នារសៀលថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងយុនដេ ប្រទេសកាមេរូន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងព្រឹត្តិការណ៍ពហុភាគីថ្នាក់រដ្ឋមន្ត្រី ស្តីពី “ការលើកកម្ពស់កិច្ចសម្រួលវិនិយោគដើម្បីកៀរគការវិនិយោគ” ដែលរៀបចំដោយសាធារណរដ្ឋកូរ៉េ។ ព្រឹត្តិការណ៍ថ្នាក់រដ្ឋមន្ត្រីនេះ ត្រូវបានអញ្ជើញចូលរួមដោយសមាជិក WTO ទាំងសមាជិកទទួលបានប្រយោជន៍ និងសមាជិកម្ចាស់ជំនួយ ក៏ដូចជាអង្គការដៃគូអន្តរជាតិ ធនាគារវិនិយោគនិងធនាគារអភិវឌ្ឍន៍តំបន់និងពហុភាគី និងភាគីពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត។
នៅក្នុងវេទិកាកម្រិតខ្ពស់ ក្រោមប្រធានបទ “កិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ គឺជាចលករសម្រាប់កំណែទម្រង់កិច្ចសម្រួលវិនិយោគ និងការកៀរគវិនិយោគ” លោកជំទាវរដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការវិនិយោគផ្ទាល់ពីបរទេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលជាង ២ ទសវត្សរ៍។ លោកជំទាវរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីបញ្ហាប្រឈមរបស់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងការទាក់ទាញលំហូរវិនិយោគសកល និងអំពាវនាវឱ្យមាននូវការពង្រឹងកិច្ចសម្រួលវិនិយោគ ក៏ដូចជាការបង្កើតនូវបរិយាកាសវិនិយោគប្រកបដោយភាពដែលអាចព្យាករណ៍បាន តម្លាភាព និងប្រសិទ្ធភាព និងការធ្វើសាកលភាវូពាណិជ្ជកម្មឡើងវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














