ផ្ទះឈើចំនួន ៥ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានសាងសង់ជូនដល់គ្រួសារប្រជាជនខ្វះខាតនិងស្ត្រីមេម៉ាយចំនួន៥គ្រួសាររស់នៅឃុំកកោះ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
ផ្ទះទាំង៥ខ្នងនេះត្រូវបានលោក ជំទាវ ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំតំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រកាសសាងសង់កាលពីរសៀលនៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២០។
ផ្ទះឈើទាំង៥ខ្នងនេះគឺបានមកពីការចូលរួមរបស់សប្បុរសជនតបតាមការអំពាវនាវសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ហើយផ្ទះនេះ គឺសាងសង់ពីឈើប្រក់ស័ង្កសី មានបណ្ដោយ ៦ម៉ែត្រទទឹង៤ម៉ែត្រ ដែលមួយខ្នងៗមានតម្លៃជាង១ពាន់ដុល្លាអាមេរិក។
ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ ខៀវ ស៊ីណា បានបញ្ជាក់ថាគ្រប់កាលៈទេសៈពិសេសពេលប្រជាពលរដ្ឋជួបការលំបាកខ្វះខាតសម្ដចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់និងជួយគិតគូចំពោះសុខទុក្ខនិងជួយដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋយើងជានិច្ច ។
ជាក់ស្ដែងដូចនៅពេលនេះជាសក្ខីភាពស្រាប់ដែលបង្ហាញឲ្យឃើញកាន់តែយ៉ាងច្បាស់ថាគ្រប់ពេលវេលាសម្ដេចតែងតែរស់នៅជាមួយសុខទុក្ខរបស់ជាពលរដ្ឋយើងគ្រប់ពេលវេលា។ដូចនេះបងប្អូនត្រូវចងចាំថាដ៏រាបណាមានសម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនិងគណបក្សប្រជាជនកម្ពុជានោះរាល់ការលំបាករបស់ប្រជាពលរដ្ឋពិតជាទទួលបានការជួលដោះស្រាយជាក់ជាមិនខាន។
នៅក្នុងឱកាសនោះលោកជំទាវ ខៀវ ស៊ីណាក៏បានស្នើឲ្យប្រជាពលរដ្ឋយើងយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព គឺរស់នៅឲ្យមានអនាម័យល្អពិសេសនៅក្នុងអន្តរកាលនៃការរីករាលដាលជម្ងឺកូវីដ១៩និងឧបត្ថម្ភថវិកាក្នុងមួយគ្រសារៗ២០ម៉ឺនរៀលផងដែរ ៕ ដោយ ៖ CEN