Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ​យន្ដការ​ត្រីភាគី​បូក ជួប​ជជែក​ពិភាក្សាគ្នា​លើក​ទី​២ ទៅលើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ

​ភ្នំពេញ​៖ ក្រុមការងារ​យន្ដការ​ត្រីភាគី​បូក បានមក​ជួបជុំ​ជា​លើក​ទី​២ ដើម្បី​ជជែក​ពិភាក្សា​បន្ត​ទៅលើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

​កិច្ចប្រជុំ​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​បន្ត​កិច្ចពិភាក្សា​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ សំដៅ​សម្រេច​ឱ្យបាន​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​និង​ទទួលបាន​ការគាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ មុននឹង​បន្ត​នីតិវិធី​ជា​ធរមាន​ដើម្បី​អនុម័ត​ច្បាប់​នេះ​ឱ្យបាន​មុន​ដំណាច់ឆ្នាំ​២០២០​។

​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង មានប្រសាសន៍ថា ស្របតាម​វិធានការ​កែទម្រង់​មុត​ស្រួច​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បង្កើត​ក្រុមការងារ​សិក្សា​លទ្ធភាព​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​ការងារ​ឱ្យស្រប​តាម​បរិបទ​សេដ្ឋកិច្ច​និង​សង្គម ដោយបាន​បញ្ចប់​ការសិក្សា​ជាបឋម​លើ​ភាពចាំបាច់​និង​អត្ថប្រយោជន៍​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ ដោយបាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​។ ផ្អែកលើ​លទ្ធផល​នៃ​សិក្ខាសាលា​នេះ ក្រុមការងារ​យន្ដការ​ត្រីភាគី​បូក​សម្រាប់​ពិភាក្សា​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​ត្រូវបាន​បង្កើតឡើង និង​បានរៀបចំ​កិច្ចប្រជុំ​លើក​ទី​១ របស់ខ្លួន កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​ពិនិត្យ​និង​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​បឋម​នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ពី​សមាជិក​ទាំងអស់​។

​ផ្អែកលើ​លទ្ធផល​នេះ លេខាធិការដ្ឋាន​គណៈកម្មកា​រក​សាង​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានរៀបចំ​នូវ​សេចក្តីព្រាងច្បាប់​ដំបូង​ដែលជា​កម្មវត្ថុ​នៃ​កិច្ចប្រជុំ​នា​ថ្ងៃនេះ ដោយបាន​បញ្ជូនទៅ​អង្គការ​អន្តរជាតិ​ខាង​ការងារ ដើម្បី​ពិនិត្យ​ផ្តល់យោបល់​។
​ដើម្បី​ជំរុញ​ឱ្យ​កិច្ចប្រជុំ​នា​ថ្ងៃនេះ​ទទួល​បា​នូវ​លទ្ធផល​ដូច​ការរំពឹងទុក ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ជូន​អង្គប្រជុំ​សាជាថ្មី ថា​៖
១. ការកែសម្រួល​អត្រា​ប្រាក់​ឈ្នួល​ការងារ​ពេលយប់ គឺ​ដើម្បី​បង្កើត​និង​បង្កើន​ឱកាស​ការងារ​កាន់តែ​សម្បូរ​ណ៍​បែប​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។ ចំណុច​នៃ​វិសោធន​កម្មនេះ​មិន​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត ដែល​កំពុង​បម្រើ​ការងារ​ជា​ការងារ​ពេលយប់​ម្តងម្កាល ឬ​ឆ្លាស់​វេន​គ្នា​នោះទេ ដោយហេតុថា​ចំណុច​នេះ​អនុវត្ត​ចំពោះតែ​កម្មករនិយោជិត​ដែល​បំពេញការងារ​ពេលយប់​ជាប្រចាំ​តែប៉ុណ្ណោះ​។ សហគ្រាស​ដែល​នឹង​ដំណើរការ ២៤​ម៉ោង ត្រូវតែ​ផ្តល់ជូន​កម្មករនិយោជិត​ធ្វើ​ការងារ​ពេលយប់​ជាប្រចាំ​នូវ​អត្ថប្រយោជន៍​បន្ថែម ដែលជា​លក្ខខណ្ឌ​អប្បបរមា និង​លក្ខខណ្ឌ​សុវត្ថិភាព​និង​សុខភាព​ការងារ​ចំពោះ​ប្រភេទ​កម្មករនិយោជិត​នេះ ដូចដែល​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ​១៧១ ស្តីពី​ការងារ​ពេលយប់​បានកំណត់​។

២. ការ​លុប​ការឈប់​នៅ​ថ្ងៃ​បន្ទាប់​សម្រាប់​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ចំ​ថ្ងៃអាទិត្យ គឺ​មិន​ផ្ទុយ​នឹង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​នោះទេ​។ ការ​វិសោធនកម្ម​នេះ​មាន​គោលបំណង​ជំរុញ​ផលិតភាព​ការងារ​និង​លើកកម្ពស់​ការប្រកួតប្រជែង​របស់​កម្ពុជា ក្នុងការ​សម្រួល​ដល់​ការធ្វើ​វិនិយោគ​និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។ កម្ពុជា​នៅតែ​ជា​ប្រទេសមួយ​ដែលមាន​ម៉ោង​ការងារ​តិចជាង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​។

៣. ការពង្រីក​វិសាលភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​បុគ្គល គឺជា​ការចូលរួម​ពង្រឹង​ប្រសិទ្ធភាព​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​កម្ពុជា ដោយ​បង្កើតជា​ជម្រើស​ដល់​ភាគី​វិវាទ​ក្នុងការ​ជ្រើសរើស​យន្តកា​រដោះ​ស្រាយ​វិវាទ​ការងារ ដែល​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្តែង​របស់ខ្លួន​។ ការកែសម្រួល​នេះ គឺ​ស្របទៅនឹង​គោលការណ៍​ជាស​កល​ក្នុងការ​ធ្វើយ៉ាងណា​ឱ្យ​គូភាគី​វិវាទ​ឆាប់​ទទួលបាន​យុត្តិធម៌​។​
​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​នា​ថ្ងៃនេះ ក្រសួង​នឹង​បន្ត​នីតិវិធី​ជា​ធរមាន ដោយ​ប​ញ្ចូ​ន​សេចក្តីព្រាងច្បាប់​នេះ​ឆ្លង​កិច្ចប្រជុំ​អន្តរក្រសួង ក្នុង​គោលបំណង​ទទួលបាន​ការអនុម័ត​ច្បាប់​នេះ​ឱ្យបាន​ឆាប់​ឆ្លើយតប​តាម​តម្រូវការ​របស់​ភាគី​ពាក់ព័ន្ធ​៕
​ដោយ​៖CEN

 

×