ស្រុកព្រៃនប់៖ នៅព្រឹកថ្ងៃ១៨ខែកញ្ញា២០២០នេះ អាជ្ញាធរនិងសមត្ថកិច្ចបានរកឃើញសាកសព ក្មេងស្រីម្នាក់ដែលបាត់ខ្លួនកាលពីយប់មិញ ដោយសារជំនន់ទឹកភ្លៀងដ៏អាក្រក់នៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់។ សាកសពក្មេងស្រីរងគ្រោះ បានរកឃើញឆ្ងាយពីផ្ទះប្រមាណជាង៣០០ម៉ែត្រ ចំណែកផ្ទះរបស់គ្រួសារក្មេងស្រីរងគ្រោះបានខូចខាតអស់ទាំងស្រុង។
ឥទ្ធិពលនៃព្យុះភ្លៀងឈ្មោះ “នូល” បានធ្វើឲ្យតំបន់មួយចំនួនក្នុងស្រុកព្រៃនប់ទទួលរងនូវការជន់លិចបង្កឲ្យក្មេងស្រីម្នាក់ស្លាប់។ កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២០នៅវេលាម៉ោង២៣យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ទឹកភ្លៀងបានហូរកាត់លិចលំនៅឋានជាច្រើនខ្នង និងបណ្តាលឱ្យបាត់ក្មេងស្រីម្នាក់ឈ្មោះ វុទ្ធី ស្រីនី អាយុ១ខួប៨ខែ មានទីលំនៅភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្មេងស្រីខាងលើត្រូវបានទឹកហូរកួចយកទៅបាត់ក្នុងខណៈឪពុករបស់ក្មេងរងគ្រោះឈ្មោះ វុទ្ធី កុយ អាយុ២៣ឆ្នាំលើកក្មេងរងគ្រោះឱ្យផុតពីផ្ទៃទឹក តែរអិលធ្លាក់ចេញពីដៃចូលក្នុងទឹកហូរកួចអណ្តែតទៅបាត់។ នៅវេលាម៉ោងជាង៧ព្រឹកថ្ងៃទី១៨ ខែកញ្ញាសមត្តកិច្ចអាវុធហត្ថបានរកឃើញសពក្មេងដែលអណ្តែតទើរលើដើមឈើចម្ងាយពីផ្ទះប្រមាណជាងបីរយម៉ែត្រ។ ចំណែកផ្ទះរបស់គ្រួសារក្មេងស្រីរងគ្រោះបានខូចខាតអស់ទាំងស្រុង។
សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នសពក្មេងស្រីរងគ្រោះបានបញ្ជូនមកវត្តអណ្តូងថ្ម ដើម្បីធ្វើបុណ្យសព ។
សូមបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងដ៏អាក្រក់មិនធ្លាប់មាន ក្នុងឃុំមួយចំនួនតាមបណ្តោយផ្លូវជាតិលេខ៤នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ គិតមកត្រឹមព្រឹកថ្ងៃ១៨កញ្ញា២០២០ បានធូរស្រាលវិញខ្លះហើយ ក្នុងនោះអាជ្ញាធរកំពុងត្រួតពិនិត្យនិងដោះស្រាយផលប៉ះពាល់នានា៕
ក្រោយពីទទួលបានព័ត៌មានពីការបាត់បង់ជីវិតក្មេងស្រីម្នាក់ឈ្មោះ ទ្រី ស្រីនី អាយុ១ឆ្នាំ៨ខែរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង នាំឲ្យមានការបាក់ទំនប់ ខូចខាតផ្ទះ ធ្វើឲ្យក្មេងស្រីបាត់បង់ ជីវិតកាលពីយប់ថ្ងែទី ១៧ ខែកញ្ញា នៅភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចាត់ឲ្យមន្ត្រីសាខា អនុសាខា ចុះចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ក្មេងស្រី ទ្រី ស្រីនី ក្នុងឱកាសនោះដែរលោកនាយកសាខា បានពាំនាំនូវក្តីនឹករលឹក ការសោកស្តាយពីសំណាក់ឯកឧត្តមប្រធានគណះកម្មាធិការសាខា ឯកឧត្តមប្រធានកិត្តិយសសាខា ចំពោះការបាត់បង់កូនជាទីស្រឡាញ់របស់គ្រួសារនៃសព ។ លោកនាយក ក៏បានបួងសួងដល់វិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖កូឡាប