Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជំនន់​ទឹកភ្លៀង បណ្តាល​ឲ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ស្រុក​ព្រៃនប់​ចំនួន ប្រមាណ ៤៧២ ខ្នង

​ខេត្ត​ព្រះសីហនុ​៖​នៅ​ល្ងាច​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ​២០២០ នេះ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កម្លាំង ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង នៅ​តំបន់​មួយចំនួន ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ស្រុក​ព្រៃនប់ ។​

ឯកឧត្តម គួច ចំរើន កំពុងបន្ដពិនិត្យ និងដឹកនាំបញ្ជាផ្ទាល់ ដើម្បីការពារ ជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ នៅតំបន់ងាយរងគ្រោះ ក្នុងស្រុកព្រៃនប់ ។

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០​ លោក​ឧត្ដមសេនីយ៍​ត្រី​នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានបញ្ជាកម្លាំងកងទព័​អន្តរាគមន៍នៅ​ទីបញ្ជាការ , កម្លាំង​គ្រប់ផ្នែក​សឹករងទាំង​៥ និង​វរសេនាតូចលេខ១ ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋរងគ្រោះ​ ដោយ​ជំនន់​ទឹក​ភ្លៀង​តាម​ភូមិសាស្ត្រ​ងាយ​រង​គ្រោះមួយ​ចំនួន​ក្នុងខេត្តព្រះសីហនុ ។​
ជាមួយគ្នានេះកម្លាំង​វរសេនាតូចលេខ១ បានចុះជួយ សម្រួល​ចរាចរណ៍ តាមផ្លូវ ដែលមានទឹកលិចស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​។
ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋ ក្នុងករណីកើតមានជំនន់ទឹកភ្លៀងជាថ្មីទៀតក្នុងស្រុកព្រៃនប់ នៅរសៀលថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ​បានចាត់តាំង​ កម្លាំង​ចំនួន​៣២​នាក់​ ដឹកនាំ​ដោយ​ លោកឧត្តមនាវីត្រី​ អុិន​ សុខេមរា​ នាយសេនាធិការ​រង​មូលដ្ឋានសមុទ្រ​ និង​ រថយន្ត ចំនួន​៧គ្រឿង​ អូរប័រ ០៣គ្រឿង​ ទៅប្រចាំការ ចូលរួម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​។

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង​១៦​និង​០០​នាទី​ល្ងាច ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​កង​រាជ អាវុធហត្ថ​ខេត្ត​ព្រះសីហនុ សហការ​នឹង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ បាន​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដល់​លំនៅដ្ឋាន ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ទៅរក​ទីទួល​មាន​សុវត្ថិភាព មាន​ចំនួន​០២​ភូមិ​៖ ភូមិ​បន្ទាយ​ប្រិ​យ៍ ឃុំ​អណ្តូង​ថ្ម និង​ភូមិ​ចុង​អូរ ឃុំ​សំ​រ៉​រុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចំនួន ២១​គ្រួសារ ស្មើនឹង ៨១​នាក់ ក្នុងនោះ​ស្រី ចំនួន ៤២​នាក់ ក្មេង ចំនួន ២៥​នាក់​។

នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានចេញ​របាយការណ៍ ករណី​គ្រោះធម្មជាតិ ( ជំនន់​ទឹកភ្លៀង ) បណ្តាល​ឲ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រៃនប់​ចំនួន ប្រមាណ ៤៧២ ខ្នង ។​

​ចាប់ពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ខេត្ត​ព្រះសីហនុ មាន​ភ្លៀង​ធ្លាក់​ច្រើន ពិសេស​នៅ​ស្រុក​ព្រៃនប់ រហូតមកដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង ១៤:០០ នាទី​រសៀល នៅ​ស្រុក​ព្រៃនប់ ក្នុង​ឃុំ​ចំនួន ០៤ មានផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ ៤៧២ ខ្នង ស្មើនឹង ៤៧២ គ្រួ​សារបាន​រងគ្រោះ ៖ ឃុំ​ព្រៃនប់ ចំនួន ១២៥ គ្រួសារ មនុស្ស ៥០៦ នាក់ ស្រី ២៤៧ នាក់ ។ ឃុំ​ទួល​ទទឹង ចំនួន ២៨៦ គ្រួសារ មនុស្ស ១,១៨០ នាក់ ស្រី ៦០៨ នាក់ ។ ឃុំ​អណ្តូង​ថ្ម ចំនួន ៤៦ គ្រួសារ មនុស្ស ១៨៨ នាក់ ស្រី ៩៧ នាក់ ។​
​ឃុំ​សំ​រ៉ុង ចំនួន ១៥ គ្រួសារ មនុស្ស ៨៤ នាក់ ស្រី ៤៤ នាក់ ។ បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ក្មេងស្រី​ម្នាក់ ឈ្មោះ វុទ្ធី ស្រី​នី អាយុ ១ ខួប​កន្លះ នៅ​ឃុំ​អណ្តូង​ថ្ម ។​

​ករណីនេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត បានចេញ​អន្តរាគមន៍​ជួយ ស​ង្ក្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដឹកជញ្ជូន​មក​ទីទួល​សុវត្ថិភាព ដោយ​ប្រើប្រាស់​ទូក​អូរ​ប័​រ​ចំនួន ៤ គ្រឿង ក្នុងនោះ (​អធិការដ្ឋាន​នគរ បាល​ស្រុក​ព្រៃនប់ ២ គ្រឿង និង​អាជ្ញាធរ​ស្រុក ២ គ្រឿង​) និង​បន្ត​ប្រមូលផ្តុំ​កងកម្លាំង​ចុះទៅ​កន្លែង​ដែល​រងគ្រោះ​តៀម​ជួយ​អន្តរាគមន៍ ៕
​ដោយ​៖​កូ​ឡាប​


×