ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន យ៉ាម៉ាតុ ហ្គ្រីន ល្បីល្បាញខាងអភិវឌ្ឍន៍វិស័យទេសចរណ៍ បានលើកឡើងពីគោលបំណងរបស់ខ្លួន ដើម្បីស្នើសុំកិច្ចសហការគាំទ្រពីក្រសួងទេសចរណ៍ ជំរុញការអភិវឌ្ឍខ្សែក្រវាត់បៃតង (Green Belt) នៅប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងផ្នែកទេសចរណ៍ សង្គម និងសេដ្ឋកិច្ច។
ការលើកឡើងនេះ ធ្វើឡើងនាឱកាសដែល លោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៊ីតុ (Nabeshima Katsuhito) អគ្គនាយកក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន បានដឹកនាំគណៈប្រតិភូជប៉ុន ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
លោក ណាបិស្ស៉ីម៉ា កាត់ស៊ូហ៉ីតុ បានឲ្យដឹងថា តាមរយៈគម្រោងអភិវឌ្ឍខ្សែក្រវាត់បៃតង(Green Belt) នៅប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងផ្នែកទេសចរណ៍នេះ ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន នឹងធ្វើឱ្យផលិតផលកសិកម្មរបស់កម្ពុជាក្លាយទៅជា «កសិទេសចរណ៍» ឬទេសចរណ៍ជនបទ ហើយភ្ញៀវទេសចរជាតិ-អន្តរជាតិអាចទទួលទានអាហារ ដែលមានស្រាប់នៅតាមតំបន់ទេសចរណ៍នីមួយៗ ប្រកបដោយសុវត្ថិភាព។ ម្យ៉ាងទៀត ភ្ញៀវទេសចរក៏អាចចូលរួមទស្សនាបច្ចេកទេសនៃការដាំដុះ និងការថែទាំដំណាំ បានដោយផ្ទាល់ឯងផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីសក្ដានុពលដ៏សម្បូរបែប របស់ប្រទេសកម្ពុជា ដែលអំណោយផលដល់ការវិនិយោគអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ពិសេសគឺវិស័យអេកូទេសចរណ៍ កសិទេសចរណ៍ ក៏ដូចជាទេសចរណ៍ជនបទ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្នុងបរិបទកូវីដ-១៩នេះ វិស័យអេកូទេសចរណ៍ កសិទេសចរណ៍ និងទេសចរណ៍ជនបទ កំពុងត្រូវបានសកលលោកយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តយ៉ាងខ្លាំង។
គម្រោងអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍ កសិទេសចរណ៍ ក៏ដូចជាទេសចរណ៍ជនបទនេះ និងនាំមកនូវផលចំណេញដល់ប្រជាជនកម្ពុជា និងក្រុមហ៊ុនដែលបានចំណាយទុនវិនិយោគផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រីន បាននិងកំពុងទទួលភាពជោគជ័យ ក្នុងការអភិវឌ្ឍវិស័យកសិទេសចរណ៍ និងវិស័យអេកូទេសចរណ៍ នៅខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី។ ដោយសារកត្តានេះហើយ ទើបជំរុញឱ្យក្រុមហ៊ុន មានគម្រោងអភិវឌ្ឍន៍ថ្មី ជាមួយរាជរដ្ឋាភិបាលកម្ពុជា គឺខ្សែក្រវាត់បៃតង(Green Belt) នៅប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងផ្នែកទេសចរណ៍នេះឯង៕
ដោយ៖CEN