ភ្នំពេញ៖ ប្រជាពលរដ្ឋ១៨០គ្រួសារនៅក្នុងខេត្តពោធិ៍សាត់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ហើយផលដំណាំជាង៦០០ហិកតា ត្រូវលិចលង់នៅក្នុងទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នានៅក្នុងខេត្តនេះ។ នៅព្រឹកថ្ងៃទី២២កញ្ញានេះ អភិបាលខេត្តពោធិ៍សាត់ បន្តចុះអន្តរាគមន៍ជួយសង្គ្រោះ និងនាំយកស្បៀង ចែកជូនពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្រុងពោធិ៍សាត់។
របាយការណ៍របស់រដ្ឋបាលខេត្តពោធិ៍សាត់ បង្ហាញថា ផ្ទះសម្បែងប្រជាពលរដ្ឋ១ ៦៣៥គ្រួសារនៅក្រុងពោធិ៍សាត់ ស្រុកវាលវែង ស្រុកភ្នំក្រវាញ និងស្រុកកណ្ដៀង ត្រូវទឹកជន់លិចបន្ទាប់ពីទទួលរងទឹកភ្លៀងធ្លាក់២ថ្ងៃជាប់ៗគ្នា ដែលបង្កឱ្យកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងដល់កម្រិតប្រកាសអាសន្ន។
បើតាមរបាយការណ៍ ប្រជាពលរដ្ឋ១៨០គ្រួសារ ស្ថិតនៅក្នុងស្រុកភ្នំក្រវាញ ភាគខាងត្បូងក្រុងពោធិ៍សាត់ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកជំនន់ហក់ឡើងលឿននៅស្ទឹងពោធិ៍សាត់ បានជន់លិចផលដំណាំប្រជាពលរដ្ឋ៦០១ហិកតានៅក្នុងឃុំ-សង្កាត់ចំនួន១៩។
ទន្ទឹមគ្នានេះ ទឹកជំនន់ក៏បានបំផ្លាញស្ពានចំនួន៤និងផ្លូវចំនួន២០ខ្សែ នៅក្នុងក្រុងនិងស្រុកចំនួន៤របស់ខេត្តនេះ ប៉ុន្តែគ្មានតួលេខគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបានកើតឡើងនោះឡើយ។
នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បាននិងកំពុងដឹកនាំកម្លាំងចម្រុះ ចុះអន្តរាគមន៍ជួយសង្គ្រោះ និងនាំយកស្បៀងចែកជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ខណៈដែលពេលនេះទឹកកំពុងដាក់សម្ពាធមកលើក្រុងពោធិ៍សាត់ ក៏ប៉ុន្តែស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ បានស្រកចុះជាបន្តបន្ទាប់ហើយ។
បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹង នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ ៥.៤៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ៤.៧២ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ១.៧២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ)។ ចំពោះស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅស្ទឹងក្រវាញ ចាប់ផ្តើមស្រក ១.៤ម៉ែត្រ ដោយឡែកស្ទឹងក្រុងពោធិ៍សាត់ នៅនឹងដដែល គឺ៥.៤៥ម៉ែត្រ។ លោកប្រធានមន្ទីរបន្តថា ប្រសិនបើផ្នែកខាងលើ នៃស្រុកវាលវែង និងភ្នំក្រវាញ មិនមានភ្លៀងធ្លាក់ទៀតទេ កម្ពស់ទឹកស្ទឹងក្នុងក្រុងពោធិ៍សាត់ នឹងបន្តស្រកចុះជាបន្តបន្ទាប់។ បច្ចុប្បន្នជំនន់ទឹកភ្លៀង បាននឹងកំពុងដាក់សម្ពាធមកលើក្រុងពោធិ៍សាត់ និងផ្នែកខ្លះនៅស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកកើនឡើងក្នុងកម្រិតប្រកាសអាសន្ន ក្រោយពីទទួលឥទ្ធិពលព្យុះថ្មីមួយទៀត ដែលមានឈ្មោះ នូល (NOUL) បង្កឱ្យមានជំនន់ទឹកភ្លៀង ធ្លាក់ជាបន្តបន្ទាប់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។
ក្នុងសេចក្តីជូនដំណឹងនោះ បានឱ្យដឹងទៀតថា ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹង ដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ សូមអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ៕
ដោយ៖កូឡាប