ភ្នំពេញ៖ តារាសម្តែងភេទទីបីកញ្ញា ផេន ខេក ដែលទស្សនិច្ចជនស្គាល់យ៉ាងច្បាស់តាមរយៈសមត្ថភាពពូកែរវោហាសព្ទក្នុងកម្មវិធី 3fun និងមានទេពកោសល្យខ្ពស់ក្នុងការតុបតែងខ្លួនឲ្យស្រស់ស្អាតប្លែកភ្នែកទោះជាមានរូបរាងធាត់នោះ ថ្មីៗនេះបានធ្វើឲ្យទស្សនិច្ចជន និងហ្វេនៗរបស់នាងមានការចាប់អារម្មណ៍ជាខ្លាំង ជាមួយការ live វីដេអូ ចែករំលែកពីបទពិសោធន៍កែភេទរបស់ខ្លួនក្នុងប្រទេសថៃ។
ក្នុងវីដេអូនោះ ខណៈកំពុងឡាយនិយាយជជែកពីការកែរសម្ភស្សរបស់នាង ក៏ស្រាប់តែមានហ្វេនៗមួយចំនួនខំមិនចង់ឲ្យនាងរៀបរាប់ពីការឆ្លងកាត់ និងផលលំបាកផ្សេងៗអំឡុងពេលកែភេទ។ មិនលាក់លៀមកញ្ញា ផេន ខេក ក៏បានធ្វើតាមសំណូមរបស់ហ្វេន ដោយរៀបរាប់តាមដំណើររឿងថា អ្វីដែលពិបាកទី១ គឺចំណាយពេលយូរក្នុងការសម្រេចចិត្ត ថាតើការកែនោះត្រូវឬអត់ ប្រឈមមុខឬអត់ព្រោះខ្លួនមានរូបរាងធាត់។ បន្ទាប់ពីសម្រេចចិត្តហើយក៏នៅមានការបារម្មណ៍រហូតបន់ស្រន់ផង ឲ្យឪពុកម្តាយស្រោចទឹកឲ្យផងដើម្បីឲ្យការវះកាត់ទទួលបានជោគជ័យ។ អ្វីដែលអស់សង្ឃឹមបំផុតនោះពេលទៅដល់ពេទ្យថៃពិនិត្យសុខភាពរួច ក្រុមគ្រូពេទ្យថាមិនអាចវះកាត់បានព្រោះខ្លួនធាត់ពេក តែនាងនៅតែជម្នះចង់កែរហូតចុងក្រោយត្រូវបង់ថ្លៃឈ្នួលគុណនឹង២ព្រោះការវះកាត់មនុស្សធាត់វាប្រឈមនិងគ្រោះថ្នាក់។ បន្ទាប់ពីបានបង់លុយរួចត្រូវចូលបន្ទប់ពិនិត្យផ្សេងៗ៤ -៥តង់ តាំងពីក្បាលដល់ចុងជើង។ ប៉ុណ្ណឹងមិនទាន់ចប់នៅបន្តទៅពេទ្យឆ្គួតនិងរោគចិត្តពិនិត្យទៀត ដើម្បីឲ្យប្រាកដថាខ្លួនគ្មានជំងឺនេះ ចុងក្រោយទើបណាត់ពេលវេលាវះកាត់។
ដល់ពេលវះកាត់ ផេន ខេក ត្រូវពេទ្យពិនិត្យប្រដាប់ភេទ សុងពោះវៀន ចាក់ថ្នាំសន្លប់និងផ្សេងៗជាច្រើនទៀត។ ដឹងខ្លួនម្តងទៀតគឺពេទ្យបានវះកាត់រួចរាល់អស់ហើយ តែត្រូវពាក់ខោទឹកនោមព្រោះអំឡុងពេលនោះសូម្បីតែនោមក៏មិនដឹងខ្លួនផង ថែមទាំំងមិនអាចដើរបានដូចគេឯងព្រោះខ្លួនធាត់និងឈឺមុខរបួស។ ដល់ថ្ងៃត្រូវត្រឡប់មកខ្មែរវិញនាងត្រូវទ្រាំដើរក្នុងព្រលានយន្តហោះថៃដើម្បីរង់ចាំជើងហោះហើរខ្លួនទាំងឈឺចុកចាប់ពេញរាងកាយ និងត្រូវទទួលបានការមើលថែរយ៉ាងយកចិត្តទុកដាក់ពីម្តាយរបស់នាងពេលមកដល់ខ្មែរវិញ។
ឃើញថាការកែភេទពីប្រុសមកស្រីមិនមែនជារឿងងាយស្រួលនោះទេ ពិសេសសម្រាប់មនុស្សមានរូបរាងធាត់ដូចជា ផេន ខេក ព្រោះត្រូវប្រឈមនិងគ្រោះថ្នាក់លើសមនុស្សដែលមានសុខភាពធម្មតា និងត្រូវចំណាយលុយគុណនឹង២ដង។ តែដោយក្តីស្រមៃ ហេតុតែចិត្តជាស្រីក្នុងរូបកាយបុរសនាងបានលះបង់គ្រប់យ៉ាងដើម្បីប្តូរយកសុបិនក្នុងការក្លាយជាមនុស្សស្រីពេញលក្ខណៈដូចសព្វថ្ងៃ៕ ដោយ៖ កូលាប ក្រហម