តាមរយៈទិន្នន័យខាងបុរាណវិទ្យា យើងបានដឹងថា ពីសម័យថ្មរំលីងរហូតដល់ដើមសម័យប្រវត្តិសាស្ត្រ ការកប់សពគឺជាប្រពៃណី ដែលខ្មែរយើងបានប្រារព្ធប្រតិបត្តិជាទូទៅ មុនការបូជាសពដោយភ្លើង ដែលមានប្រភពចេញពីទ្រឹស្តី មនោគមវិជ្ជាសាសនាឥណ្ឌា ដែលមានលទ្ធិព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាជាមូលដ្ឋាន ។ ម្យ៉ាងវិញទៀត ការបូជាសពដោយភ្លើង ដោយយកកំទេចឆ្អឹង ឬអដ្ឋិធាតុដាក់ក្នុងកោដ្ឋ ឬចេត្យី គឺជាភស្តុតាងនៃការបញ្ចុះសពជាលើកទី២ ផងដែរ ។ នេះគឺជាអ្វីមួយ ដែលគេពុំបានឃើញមុនសម័យឥណ្ឌានីយកម្ម ក្នុងដែនដីគោកនៃភូមិភាគអាស៊ីអាគ្នេយ៍យើងនេះឡើយ ។
តាមការពិនិត្យវិភាគនូវផ្នូរខ្មោចមួយចំនួន ដែលគេបានជីកកកាយនៅភូមិស្នាយដោយវិធីសាស្ត្រ យើងអាចសង្កេតឃើញថា នាចុង
សម័យបុរេប្រវត្តិសាស្ត្រ និងដើមសម័យប្រវត្តិសាស្ត្រ ដែលជាសម័យកាលវប្បធម៌មួយពុំទាន់បានទទួលនូវឥទ្ធិពលឥណ្ឌាជ្រួតជ្រាប ចូល
នៅឡើយ បុព្វបុរសខ្មែរបានបញ្ចុះសព ដោយយកទៅកប់នៅក្នុងអន្លង់ ដូចកុលសម្ព័ន្ធខ្មែរលើ ព្នង, ស្ទៀង, ចរាយ, ទំពូន និងគ្រឹងជាដើម ។
វត្ថុបុរាណមកពីស្ថានីយ៍ស្នាយ, បន្ទាយមានជ័យ (អង្កាំថ្ម, ជួង, កាំបិតស្នៀត, រូបគោដីដុត ) ថត ២០០៤
ក្នុងការកប់សពចូលក្នុងផ្នូរ ក្នុងជម្រៅពី ១,២០ ម៉ែត្រ ទៅដល់ ១,៥០ ម៉ែត្រ គេបានឃើញបុព្វការីជនខ្មែរ បានបញ្ចុះនៅក្នុងអន្លង់សព
នូវកែវកង, អាវុធ, ក្រឡដែលជាទ្រព្យសម្បត្តិផ្ទាល់របស់សព ព្រមទាំងចាន ឆ្នាំងផ្ទុកដោយម្ហូបអាហារ ឬស្រា ។ល។ ទង្វើរនេះគឺជាភស្តុតាង នៃការគោរពបូជាបុព្វការីជន ។
សូមបញ្ជាក់ថា ភាគច្រើនគេដាក់ក្បាលសពបែរទៅទិសខាងកើត ដែលជាទិសនៃព្រះអាទិត្យរះ ។ នេះជាជំនឿរបស់មនុស្សបុរាណ
ពីព្រោះពួកគេជឿថា ព្រះអាទិត្យតំណាងនូវភាពអមតៈនៃជីវិត ហើយអាចផ្តល់ចំពោះបុព្វការីជនដែលបានចែកឋានទៅ នូវជីវិតថ្មី
តាមរយៈកាំរស្មីដ័ស័ក្តិសិទ្ធិចែងចាំង ។ តាមពិតទៅ សម្រាប់មនុស្សបុរាណ ការដែលព្រះអាទិត្យរៈ ឬកើតហើយលិចនោះ មានន័យថា
មនុស្សលោកស្លាប់ទៅហើយពិតជានឹងកើតឡើងវិញ មិនចេះចប់ មិនចេះហើយ ដូចគ្នាដែរ ។ គឺក្នុងបរិបទនេះហើយ ទើបគេចូលចិត្តកប់ សពក្នុងផ្នូរ បែរមុខទៅទិសខាងកើត ។ ការកប់សពមិនមែនមានន័យថា ខ្មែរបុរាណមិនចេះបូជាសពដោយភ្លើងនោះទេ ក៏ប៉ុន្តែនេះជាការ ពេញនិយមមួយ នាសម័យបុរេប្រវត្តិសាស្ត្រប៉ុណ្ណោះ លើកលែងតែករណីពិសេស ។
ការកកាយតាមវិធីសាស្ត្រនៅស្ថានីយគោកតាមាស (ថត ២០០០)
អាស្រ័យហេតុដូចពោលខាងលើ តាមរយៈការកប់សព យើងអាចដឹងថា បុព្វការីជនខ្មែរមានជំនឿលើការចាប់ជាតិឡើងវិញ ។ ហើយ
ម្យ៉ាងវិញទៀត ការកប់បញ្ចុះសពក្នុងដី គឺជាពិធីកម្មចម្បងមួយក្នុងសង្គមបុរាណ មុនការទទួលឥទ្ធិពលឥណ្ឌា ដែលជាមូលហេតុ នៃការបញ្ចុះ ឬកប់សពលើកទី២ តាមលំនាំនៃប្រពៃណីបែបឥណ្ឌា ។ តាមពិតទៅ នេះជានវានិវត្តន៍មួយយ៉ាងសំខាន់ដែល គប្បីយើងត្រូវកត់ត្រា ក្នុងការស្វែងយល់អំពីខ្មែរ ។
សូមជម្រាបផងដែរថា ការដែលអ្នកស្រុកទៅជីកគាស់ កកាយផ្នូរសពបុរាណ ហើយយកគ្រឿងអលង្ការ ដែលមាននៅក្នុងរណ្តៅសព
ទាំងនោះ ដើម្បីយកទៅជួញដូរ គឺជាអំពើខុសច្បាប់ ។ លើសពីនេះទៀត គឺជាការបំផ្លាញនូវព័ត៌មានមានតម្លៃ សម្រាប់ការចងក្រង
ប្រវត្តិសាស្ត្រខេមរជាតិ ៕ (ម.ត្រាណេ)