អនុប្រធានាធិបតីអាមេរិច មៃក៏ ផេនស៏ (Mike Pence) កាលពីថ្ងៃពុធម្សិលមិញ បាននិយាយថា អាមេរិចនឹងបញ្ចេញទណ្ឌកម្មសេដ្ឋកិច្ចដ៏ខ្លាំងបំផុតមិនធ្លាប់មាន ក្នុងពេលឆាប់ៗនេះ ដាក់លើកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព៌តមាន AFP។
ថ្លែងនៅក្នុងទីក្រុងតូក្យូ ពេលពេលចូលរួមការបើកព្រឹត្តិការណ៏អូឡាំពិចនៅកូរ៉េខាងត្បូង លោកបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន នឹងបង្កើយុទ្ធនាការដាក់សម្ពាធឲ្យខ្លាំងលើកូរ៉េខាងជើង ដោយធ្វើការជាមួយនឹងជប៉ុន។
ការធ្វើដំណើរទស្សនៈកិច្ចរយៈពេល ៣ថ្ងៃទៅកាន់ប្រទេសជប៉ុនរបស់លោក បានកើតខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកការបង្កើនទំនាក់ទំនងជាមួយនឹងសម្ព័ន្ធមិត្តនៅក្នុងតំបន់ និងរក្សាការដាក់សម្ពាធលើរបបព្យុងយ៉ាង។
លោកបញ្ជាក់ថា “រាល់ជំរើសទាំងអស់មាននៅលើតុរួចស្រាប់ ហើ់យអាមេរិចបានដាក់ពង្រាយ ឧបករណ៏យោធាដ៏ទំនើបមួយចំនួននៅប្រទេសជប៉ុន ដើម្បីការពារ ទឹកដី និងសម្ព័ន្ធមិត្ត របស់ពួកយើង”៕ សុភ័ក្ត្រ