Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋធម្មនុញ្ញ​បានក្លាយ​ជា​មូលដ្ឋានគ្រឹះ នៃ​ស្ថិរភាព​របប​នយោបាយ ក្របខ័ណ្ឌ​ច្បាប់ និង​ក្របខ័ណ្ឌ ស្ថាប័ន នៅលើ​ខឿន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ មកទល់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ នេះ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​អាយុ​គ្រប់​២៧​ឆ្នាំ​គត់ ដែល​រដ្ឋធម្មនុញ្ញ​នេះ​គឺជា​សមិទ្ធផល​កើតចេញពី​ឆន្ទៈ​រួម​របស់​ប្រជារាស្ត្រ​ខ្មែរ​សម្តែង ឡើង​តាមរយៈ​ការបោះឆ្នោត​ជា​សាកល​កាលពី​ឆ្នាំ ១៩៩៣ ហើយ​រដ្ឋធម្មនុញ្ញ​នេះ​បាន​ក្លាយជា​មូលដ្ឋានគ្រឹះ​នៃ​ស្ថិរភាព​របប​នយោបាយ ក្របខ័ណ្ឌ​ច្បាប់ និង​ក្របខ័ណ្ឌ ស្ថាប័ន នៅលើ​ខឿន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នីតិរដ្ឋ ធ្វើឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅ​ថ្ងៃ​ពុធ ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ភ្នំពេញ​ភូ​កេ​ត្រា ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានរៀបចំ​សន្និសីទ​អបអរសាទរ​ទិវា​រំលឹក​ខួប ២៧ ឆ្នាំ នៃ​ការប្រកាស​ឱ្យប្រើ​រដ្ឋធម្មនុញ្ញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្ដម​កិត្តិ​នីតិ កោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធ្វើការ​បូកសរុប​វាយតម្លៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​ក្នុង​រយៈពេល ២៧ ឆ្នាំ កន្លងមកនេះ ដែល​ផ្តោត​សំខាន់​ទៅលើ​គុណ​តម្លៃ​ទំនើប និង​គុណ​តម្លៃ​ខ្មែរ ដូច​មាន​ចារឹក​នៅក្នុង​បុព្វកថា​នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ និង​ក្នុង​គោលបំណង​ប្រមូលផ្តុំ​បញ្ញាញាណ​របស់​នីតិ​បញ្ញវន្ត​ខ្មែរ ដើម្បី​រួមគ្នា​ក្នុងនាម​ជា​ម្ចាស់​ជោគវាសនា​របស់​ប្រទេសជាតិ​ខ្លួន​ធ្វើ​ការវិភាគ​វាយតម្លៃ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ និង​ជា​លក្ខណៈ​សិក្សា​ស្រាវជ្រាវ ដែល​នីតិ​បញ្ញវន្ត​ទាំងនោះ​ភាគច្រើន​សុទ្ធតែ​បានទទួល​សញ្ញាបត្រ​ជាន់ខ្ពស់ និង​មាន​និក្ខេបបទ​បណ្ឌិត​ពី​សកល​វិទ្យាល័យ​ធំៗ​នៅ​កម្ពុជា និង​ពី​បណ្តា​ប្រទេស​នានា រួមមាន​ពី​បារាំង អាល្លឺម៉ង់ រុស្ស៊ី សាធារណរដ្ឋ​ប្រជាមានិត​ចិន ជប៉ុន សិង្ហ​បុរី និង​សុទ្ធតែ​បាន​ចូលរួម​ប្រឡូក​ក្នុង​កិច្ចការ​បម្រើ​រដ្ឋ ឬ​កិច្ចការ​ក្នុង​វិជ្ជាជីវៈ​ជំនាញ និង​បាន​ស្គាល់​នូវ​ការលំបាក និង​ការងាយស្រួល​នៃ​ដំណើរ​ជាតិ​។​

​ថ្លែង​ក្នុងឱកាស​បើក​សន្និសីទ​នោះ ឯកឧត្ដម​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើងថា ចាប់តាំងពី​ថ្ងៃ​ប្រកាស​ឱ្យប្រើ​រដ្ឋធម្មនុញ្ញ​ថ្ងៃទី​២៤ កញ្ញា ១៩៩៣ រហូតមកទល់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ នេះ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​អាយុ​គ្រប់​២៧​ឆ្នាំ​គត់ ដែល​រដ្ឋធម្មនុញ្ញ​នេះ​គឺជា​សមិទ្ធផល​កើតចេញពី​ឆន្ទៈ​រួម​របស់​ប្រជារាស្ត្រ​ខ្មែរ​សម្តែង ឡើង​តាមរយៈ​ការបោះឆ្នោត​ជា​សាកល​កាលពី​ឆ្នាំ ១៩៩៣ ហើយ​រដ្ឋធម្មនុញ្ញ​នេះ​បាន​ក្លាយជា​មូលដ្ឋានគ្រឹះ​នៃ​ស្ថិរភាព​របប​នយោបាយ ក្របខ័ណ្ឌ​ច្បាប់ និង​ក្របខ័ណ្ឌ ស្ថាប័ន នៅលើ​ខឿន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នីតិរដ្ឋ ធ្វើឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា មកដល់​បច្ចុប្បន្ននេះ​មាន​សុខសន្តិភាព​ពេញលេញ ជា​រដ្ឋ​មាន​ស្ថិរភាព ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​កន្លងមក​។
​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣ គឺជា​រដ្ឋធម្មនុញ្ញ​ទី​៦ ចាប់តាំងពី​ប្រទេស​កម្ពុជា​បាន​ទទួលយក​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​បែប​ទំនើប​តាមបែប​បស្ចិម​លោក ដោយបាន​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ទំនើប​លើកដំបូង​ក្នុង​ឆ្នាំ​១៩៤៧ ដែល​មានគុណ​តម្លៃ​គ្រឹះ​នៃ​ធម្មនុញ្ញ​និយម រួមមាន (១) ប្រជាធិបតេយ្យ (២) សិទ្ធិមនុស្ស (៣) ការបែងចែក​អំណាច និង (៤) នីតិរដ្ឋ ត្រូវបាន​យកមក​ផ្សាំ​ជាមួយ​សង្គម​ខ្មែរ​ចាប់តាំងពី​ពេល​នោះមក​។ ប៉ុន្តែ​ការអនុវត្ត​គុណ​តម្លៃ​ទាំងនោះ ពុំមាន​ស្ថិរភាព​ជាប់​បានយូរ​អង្វែង​ទេ អាស្រ័យ​ដោយ​ប្រទេស​កម្ពុជា ទើប​ប្រទះ​នឹង​វិបត្តិ​នៃ​ការដូរ​របប​នយោបាយ​ជាច្រើនលើក​ច្រើនគ្រា​។​

​ក្រោយ​ការដួលរលំ​ទៅ​នៃ​គ្រឹះ​ធម្មនុញ្ញ​និយម​ទំនើប​ឆ្នាំ​១៩៤៧ ដោយ​រដ្ឋប្រហារ ឆ្នាំ​១៩៧០ ប្រទេសជាតិ​យើង​បាន​ឆ្លងកាត់​បទពិសោធន៍ នៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​របប​នយោបាយ​ខុសៗ​គ្នា ប៉ុន្តែ​ពុំបាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួលបាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នោះទេ ពិសេស​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៧០ បាន​នាំ​ប្រទេសជាតិ​យើង​ឱ្យ​ធ្លាក់ខ្លួន​ដ៏​សែន​រន្ធត់ ឆ្លងកាត់​ទុក្ខសោក​វិនាស​អន្តរាយ​ទ្រុឌទ្រោម ឱនថយ ដូច​មានការ​ចារឹក​ខ្លឹមសារ​ក្នុង​បុព្វកថា​នៃ​រដ្ន​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣​។ រហូតមកដល់​ការសម្រេចបាន កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួមមួយ​នៃ​ជំលោះ កម្ពុជា ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ទើប​ប្រទេស​កម្ពុជា​កសាងបាន​រដ្ឋ​ធម្មនុញ្ញ​មួយ​ដោយ​ផ្អែកលើ​គោលការណ៍​ធំៗ​ជា​មូលដ្ឋាន ដែល​មានចែង​ក្នុង​ឧបសម្ព័ន្ធ ទី ៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។
​គោលការណ៍​ដែល​មានចែង​ក្នុង​ឧបសម្ព័ន្ធ​ទី ៥ ជាគោលការណ៍​សារវន្ត​មាន​លក្ខណៈ​ទំនើប​ជា​គុណ​តម្លៃ​ស្នូល​។ ក្រៅពី​គោលការណ៍​ជា​សារវន្ត​ទាំងនោះ រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ក៏បាន​ចារឹក​នូវ​គុណ​តម្លៃ​របស់​សង្គម​ខ្មែរ ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​កត្តា​ប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សាសនា របស់​ខ្មែរ​ផងដែរ​។ ដូច្នេះ​ឃើញថា​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ គឺជា​រដ្ឋធម្មនុញ្ញ​ពហុ​និយម​ដែលមាន​សារធាតុ​ល្បាយ រវាង​គុណ​តម្លៃ​ទំនើប និង​គុណ​តម្លៃ​ប្រពៃណី​របស់​សង្គម​ខ្មែរ​ផ្ទាល់ ដែល​ពុំ​អាច​កាត់ផ្តាច់​បាន​ពី​កត្តា​ប្រវត្តិសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់ ក្នុង​អតីតកាល​ដ៏​យូរលង់​របស់​កម្ពុជា​បានឡើយ​។

​ការដាក់បញ្ចូល​គ្នា​នូវ​គុណ​តម្លៃ​និង​ទស្សនទាន​ធម្មនុញ្ញ​បែប​ទំនើប និង​គុណ​តម្លៃ​ខ្មែរ​និយម ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ បង្កើតឡើង​នូវ​ពហុ​សណ្ឋាន​ជា​ទស្សនៈ​ពហុ​និយម​បែបនេះ ក្នុងការ​អនុវត្ត​រមែង​ជួបប្រទះ​នូវ​ការរអាក់រអួល និង​បញ្ហា​ប្រឈម ជាក់ស្តែង​មួយចំនួន​ជាពុំខាន ឧ​ទារ​ហណ៍ ដូចជា​ការកើតឡើង​នូវ​វិបត្តិ​នយោបាយ ក្រោយ​ការបោះឆ្នោត​ជាច្រើនលើក​ច្រើនសា​ដែល​ស្តែងឡើង​ឱ្យឃើញ​ទាំង​ចំណោទ បញ្ហា ចំណោទ​ច្បាប់ ទាំង​ដំណោះស្រាយ​សមស្រប និង​ចាំបាច់​នានា ដើម្បី​ធានា​ដល់​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យសេរី និង​គោលការណ៍​នៃ​ការបោះឆ្នោត​ពហុបក្ស ក្នុង​ដំណើរ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល​២៧​ឆ្នាំ​កន្លងមកនេះ ជា​រយៈពេល​មួយ​វែង​ជាង​រយៈពេល​អនុវត្តរ​ដ្ឋ​ធម្មនុញ្ញ​មុនៗ​គ្រប់​ជំនាន់​។

​ឯកឧត្ដម​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​គូសបញ្ជាក់ថា ចំពោះ​ការអនុវត្ត​គុណ​តម្លៃ​ធម្មនុញ្ញ​និយម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​កន្លងមក មាន​ការយល់​ខុសគ្នា​ក្នុងចំណោម​តួអង្គ​ពាក់ព័ន្ធ​ខ្លះ រវាង​ទ្រឹស្តី វិទូ និង​ប្រតិបត្តិ​ករ​នៅលើ​ទីលាន​សង្គម​កម្ពុជា​ជាក់ស្តែង រវាង​អ្នក​នៅក្នុង​មជ្ឈដ្ឋាន​ជាតិ និង​អ្នក​នៅក្នុង​មជ្ឈដ្ឋាន​អន្តរជាតិ ទាក់ទង​អំពី​ដំណើរ​អនុវត្ត​ប្រជាធិបតេយ្យ​សេរី ពហុបក្ស អំពី​ការលើកកម្ពស់​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន អំពី​ទិដ្ឋភាព​នៃ​ដំណើរ​ប្រព្រឹត្តទៅ​នៃ​អំណាច​រដ្ឋ​ទាំងបី អំពី​ការអនុវត្ត​នីតិរដ្ឋ និង​បញ្ហា​មួយចំនួនទៀត ដូចជា​បញ្ហា​ជាប់ទាក់ទង​នឹង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ការបកស្រាយ​ច្បាប់​។ អាស្រ័យ ដោយមាន​ការយល់​ផ្សេងៗ​ពីគ្នា​ចំពោះ​បញ្ហា និង​ដំណោះស្រាយ​បញ្ហា​ដូចនេះ ទើប​ញ៉ាំង​ឲ្យ​មាន​ការយល់​ស្រពិចស្រពិល​ចំពោះ​សមិទ្ធផល​សម្រេចបាន​ក្នុង​រយៈពេល ២៧​ឆ្នាំ​មកនេះ​នៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ដូចនេះ​ចំពោះ​បញ្ហា​ទាំងឡាយ​ដូច​រៀបរាប់​ខាងលើ គេ​ពុំគួរ​មើលរំលង ឬ​បដិសេធ​តថភាព​នោះទេ ប៉ុន្តែ​គេ​គួរតែ​លើកយក​បញ្ហា​ទាំងនេះ​មក​ពិនិត្យ​ពិភាក្សា និង​ដោះស្រាយ​រួមគ្នា​ដោយ​ឈរលើ​ស្មារតី​យុត្តិធម៌ សច្ចធម៌ និង​ស្មារតី​វិជ្ជមាន​ដូចគ្នា គឺ​បំណង​ចង់​ធ្វើឱ្យ​សម្រេច​នូវ​គោលដៅ​ធ្វើឱ្យ​ក្លាយទៅជា​ការពិតជា​ក់​ស្តែង​នូវ​គុណ​តម្លៃ​ធម្មនុញ្ញ​និយម ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ ប៉ុន្តែ​ទោះ​ក្នុង​ស្មារតី​នេះ​ក្តី ក៏​គេ​គួរ​ចងចាំ​ថា ដើម្បី​ទៅដល់​គោលដៅ​នោះ បើ​ប្រៀបធៀប​នឹង​ចម្ងាយ​ផ្លូវ ឬ​រយៈពេល​ដើម្បី​ទៅដល់​គោលដៅ​នោះ​ប្រហែលជា​ពុំមែន​ចម្ងាយ​ផ្លូវ​ជិត​ពេក​ទេ ពិសេស​ចំពោះ ស្ថានភាព​នៃ​ប្រទេស​កម្ពុជា​ដែល​បាន​ឆ្លងកាត់​នូវ​ការវិនាស​អន្តរាយ​ដ៏​ធ្ងន់ធ្ងរ​បំផុត ស្ទើរតែ​បាត់បង់​នូវ​អត្តសញ្ញាណ និង​អរិយធម៌​ជាតិ​របស់ខ្លួន​ថែម​ទៀតផង​។ ម្យ៉ាងទៀត​ដោយ​វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់ ឥរិយាបថ​សង្គម និង​ឥរិយាបថ​នយោបាយ​រប​ស់មនុស្ស​ខ្មែរ ដែលជា​វប្បធម៌ ជា​ទស្សនទាន​មាន​លក្ខណៈ​ដោយឡែក​ពី​វប្បធម៌​នយោបាយ​រាប់​សហស្ស​វត្សរ៍​រៀងមក​របស់លោក​ខាងលិច ដូច្នេះ​ការ​បន្សាំ​គុណ​តម្លៃ​ធម្មនុញ្ញ​និយម​ទំនើប​មក​ក្នុងសង្គម​ខ្មែរ ពិតជា​ត្រូវការ​ពេលវេលា​សមស្រប​មួយ ដើម្បី​បង្កលក្ខណៈ​ឱ្យ​គ្រប់​តួអង្គ​នៅក្នុង​សង្គម​មាន​លក្ខណៈ​សម្បត្តិ និង សមត្ថភាព​យល់ដឹង​ដោយ​ត្រឹមត្រូវ​នូវ​គុណ​តម្លៃ​ទំនើប និង​ស្គាល់​តថភាព​របស់​សង្គម​ខ្លួនឯង ស្គាល់​អ្វី​ជា​ឧ​ត្ត​ម​ប្រយោជន៍ អ្វី​ជា​គ្រោះថ្នាក់​ចំពោះ​ប្រទេសជាតិ ស្គាល់ បន្ទាត់​ដែល​មិនត្រូវ​រំលង​ហួស ដើម្បី​រួមគ្នា​ធ្វើការ​អភិវឌ្ឍ​ដោយ​សុខដុមរមនា​នូវ​គុណ​តម្លៃ​ធម្មនុញ្ញ និយម​ទំនើប​ឱ្យ​ចាក់ឫស​រឹងមាំ​ក្នុងសង្គម​កម្ពុជា ទន្ទឹមនឹង​ចេះ​សម្រប​ខ្លួន​ជាមួយ​បរិបទ​ខ្មែរ និង​ថែរក្សា​ការពារ​ឱ្យបាន​វប្បធម៌ ប្រពៃណី​ល្អ​របស់​ជាតិ​។

​ការវាយតម្លៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ផ្អែក​តែ​លើ លក្ខណៈវិនិច្ឆ័យ​មួយ​ជ្រុង​នៃ​ការអនុវត្ត​គុណ​តម្លៃ​ទំនើប នឹង​នាំ​ឲ្យ​មាន​ភាពអយុត្តិធម៌ ចំពោះ​អ្នកអនុវត្ត​ដែល​បាន​ខិតខំ​សម្រេច​សមិទ្ធផល​ធំៗ​ជាច្រើន​របស់​ជាតិ​។ រីឯ​ការវាយតម្លៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្អែក​តែ​លើ​លក្ខណៈវិនិច្ឆ័យ​មួយ​ជ្រុង​នៃ​ការអនុវត្ត​គុណ​តម្លៃ​បែប​ខ្មែរ ក៏​នឹង​នាំ​ដល់​ចំណោទបញ្ហា​គុណភាព នៃ​ការអនុវត្ត​គុណ​តម្លៃ​ធម្មនុញ្ញ​និយម​ដែរ ក្នុង​បរិបទ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិតក្នុង​សាកលភាវូបនីយកម្ម ទាំង​វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ បច្ចេកវិទ្យា នា​យុគសម័យ​ដ៏​ជឿនលឿន​នេះ​។ ដូច្នេះ​ដើម្បី​ធ្វើការ​វាស់វែង​ដំណើរការ​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ឲ្យ​មាន​ភាពយុត្តិធម៌ និង​សមធម៌​សមស្រប​សម្រាប់​សង្គម​ខ្មែរ ចាំបាច់​គេ​ត្រូវ​គិតគូរ​ថ្លឹងថ្លែង​ទៅតាម​ទស្សនទាន​តាមបែប​បស្ចិម​ប្រទេស​ផង និង​ក៏ត្រូវ​គិត​ទៅដល់​ចរិតលក្ខណៈ​ប្រពៃណី​របស់​ខ្មែរ​ផងដែរ នោះ​ទើប​យើង​អាច មាន​សុទិដ្ឋិនិយម និង​សមានចិត្ត​ទូលំទូលាយ​ក្នុងការ​វាយតម្លៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​។

​ចុងបញ្ចប់ ឯកឧត្ដម​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បញ្ជាក់ថា ការពិនិត្យ​ពិភាក្សា​ក្នុង​សន្និសីទ​នា​ថ្ងៃនេះ ប្រាកដជា​នាំ​យើង​ឱ្យ​មើលឃើញ​នូវ​ជំហាន​នៃ​ការអភិវឌ្ឍ​គុណ​តម្លៃ “​ធម្មនុញ្ញ​និយម​ទំនើប​បែប​ខ្មែរ​” ដែល​កំពុងដំណើរការ​ទៅមុខ​យ៉ាង​ទន់ភ្លន់ រស់​រវើក និង​ម៉ឺងម៉ាត់ ដោយ​សម្រប​ខ្លួន​ជា​បណ្តើរៗ​ទៅនឹង​ទស្សនាទាន​ទំនើប​នៃ​ធម្មនុញ្ញ​និយម ដោយ​រក្សា​បានជា​ចាំបាច់​នូវ​សន្តិភាព ស្ថិរភាព ក៏ដូចជា​រក្សាបាន​នូវ​វប្បធម៌ ប្រពៃណី​ល្អ​ផូរផង់​របស់​ជាតិ​៕ ដោយ​៖​កូ​ឡាប​


×