ភ្នំពេញ៖ តារាសម្តែងនាយព្រែក ដែលគ្រប់គ្នាស្គាល់តាមរយៈការសម្តែង MV ជាច្រើនជាមួយលោក ព្រាប សុវត្ថ តាំងពីតូចក្រូចឆ្មា ហើយទទួលបានការចាប់អារម្មណ៍ខ្លាងក្រោយបានសម្តែងរឿង នេសាទក្រពើរ របស់ទូរទស្សន៍ហង្សមាស បច្ចុប្បន្ននៅតែរក្សាបាននូវប្រជាប្រិយភាព និងការគាំទ្រពីបងប្អូនទស្សនិចជនដដែល តាមរយៈការចាប់អាជីពជាពិធីកនៅទូរទស្សន៍ MY TV។
បើទោះបីជារៀងបណ្តែតខ្លួនឆ្ងាយពីការសម្តែងខ្សែភាពយន្តក៏ពិតមែន តែបើនិយាយពីប្រជាប្រិយភាពរបស់នាយព្រែក រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមិនបានថមថយ ឬស្ងាត់មុខឈឹងដូចតារាមួយចំនួន ដែលរះត្រចះត្រចង់ ហើយក៏លិចបាត់នោះទេ។ ទាំងនេះក៏ដោយសារតែទេពកោសល្យ និងសមត្ថភាពសម្បូរបែបខាងផ្នែកសិល្បៈរបស់នាយ។
រំលឹកកាលពីខ្សែភាពយន្តល្បីមួយ ដែលនាយបានចូលរួមសម្តែង គឺរឿងនេសាទក្រពើ ត្រូវបានអ្នកដែលធ្លាប់បានមើលរឿងនេះ សរសើរថាល្អមើល។ ប៉ុន្តែគួរឱ្យសោកស្តាយ ទោះបីកន្លងហួសអស់រយៈពេល១៦ឆ្នាំហើយក្តី រឿងនេសាទក្រពើនេះ នៅតែមិនបានចាក់បញ្ចាំងជាសាធារណៈឡើយ ហើយមានមនុស្សតិចណាស់ដែលបានមើល ដោយសារតែត្រូវខាងផលិតកម្មហង្សមាស បិទជិតឈឹង គ្មានចន្លោះប្រហោងតូចណាដែលអាចឱ្យរឿងនេះបែកធ្លាយបានឡើយ។ សូម្បីតែនាយព្រែកដែលជាតួរអង្គក្នុងរឿងនោះផ្ទាល់ ក៏បាននិយាយយ៉ាងដូច្នេះថា មិនតែបងប្អូនទេដែលចង់មើលរឿងនេះ សូម្បីខ្ញុំជាអ្នកសម្ដែងក៏ចង់មើលម្ដងទៀតដែរ ព្រោះខ្ញុំស្ទើរតែភ្លេចសាច់រឿង៨០%បាត់ហើយ ព្រោះគិតមកដល់ពេលនេះវាកន្លងផុត១៦ឆ្នាំហើយ សំខាន់គឺតួខ្ញុំ និង ក្រពើគឺសម្ដែងស៊ីសង្វាក់គ្នាល្អ ។
បន្ថែមពីនោះក៏មានទស្សនិចជនខ្លះខំមិនថា រឿងបរទេសថតអស់រាប់លានដុល្លារ យ៉ាងយូរ១ខែ រឿងនឹងត្រូវចាក់ផ្សាយឱ្យមើលយ៉ាងទូលំទូលាយ តែចំពោះរឿងនេសាទក្រពើនេះមិនដឹងថា មានអ្វីពិសេសបានជារង់ចាំមើលតាំងពីខ្លួន នៅស្រាតខោរហូតដល់កំលោះហើយ នៅតែមិនបានមើលទៀត៕ ដោយ៖ កូលាប ក្រហម