ភ្នំពេញ៖ប្រសាសន៍របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីធ្វើឡើង ក្នុងឱកាសអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥កាលពីពេលថ្មីៗនេះតាមប្រព័ន្ធវីដេអូ,ដោយបញ្ជាក់ថាទោះបីជាយ៉ាងណា, កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង, ដូចដែលខ្លួនធ្លាប់បានធ្វើអស់រយៈពេល ៤០ឆ្នាំកន្លងមកនេះ ,ក្នុងការការពារនូវអ្វីដែលខ្លួនជឿជាក់ថាជាមាគ៌ាដ៏ត្រឹមត្រូវ នោះគឺការការពារអធិបតេយ្យភាពនិង ថែរក្សាសន្តិភាព ដែលកសាងបានយ៉ាងលំបាកលំបិន និង ទទួលបាននូវការសាទរពេញទំហឹងដោយប្រជាជាតិកម្ពុជាទាំងមូល ដែលបានឆ្លងកាត់សោកនាដកម្មដ៏ខ្លោចផ្សាបំផុតនិង កំពុងតែងើបឈរឡើងជាប្រជាជាតិមួយស្មើមុខមាត់,ស្មើភាព និង ស្មើសិទ្ធ ជាមួយបណ្តាប្រជាជាតិដទៃនៅក្នុងតំបន់ និង សកលលោក ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅព្រឹកថ្ងៃទី២៧ខែកញ្ញាបញ្ជាក់ថាសម្តេចតេជោបានលើកថា ជាការពិត,ពិភពលោកកំពុងប្រឈមនឹងការគំរាមកំហែងខ្ពស់មិនធ្លាប់ជួបប្រទះ ក្នុងរយៈពេល៣០ ឆ្នាំចុងក្រោយនេះ, បង្កឡើងដោយឥទ្ធិពលរួមបញ្ចូលគ្នានៃបញ្ហាជាច្រើន រួមមាន លទ្ធភាពឈានទៅរកសង្គ្រាមត្រជាក់បែបថ្មីដែលអាចនាំឱ្យមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយជាសកល;ការបន្តរីករាលដាលនៃជំងឺកូវីដ-១៩; ការប្រែប្រួលអាកាសធាតុនិងបរិស្ថាន;បញ្ហាភេរវកម្មមិនមែនរដ្ឋ;និង ភាពអត់ឃ្លាន, ទុក្ខវេទនា និង ការកេងប្រវ័ញ្ច ដែលធ្វើឱ្យមនុស្សរាប់លាននាក់រងគ្រោះ ផងដែរ។
សម្តេចតេជោបន្តថា ជំងឺរាតត្បាតកូវីដ-១៩,ការស្ដាសេដ្ឋកិច្ចនិងសង្គមឡើងវិញក្នុងប្រវត្តិសាស្ត្រ, យើងពុំធ្លាប់ជួបវិបត្តិសុខាភិបាលណាដែលបង្កផលប៉ះពាល់ និង ផ្ដល់ផលវិបាក ក្នុងកម្រិតធ្ងន់ធ្ងរបែបនេះ ទេ។ទោះបីជាយើងពុំទាន់អាចវាយតម្លៃបានពេញលេញនៅឡើយ អំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ចពិភពលោក,យើងអាចប្រមើលឃើញបានអំពីយថាភាពដ៏អាក្រក់នៃការក្ស័យ-ធន ផ្នែកធុរកិច្ច និង ការបាត់បង់ការងារដែលបានកំពុងបង្កផលប៉ះពាល់ដល់ជីវភាពមនុស្សរាប់លាននាក់ ។
សម្តេចតេជោក៏បានលើកពីបញ្ហា និងការប្រឈមជាសកល ពិនិត្យលើស្ថានភាពសេដ្ឋកិច្ចសកលលោក ដែលកំពុងតែទទួលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩,សម្តេចមានការព្រួយបារម្ភជាពិសេសអំពីផលប៉ះពាល់ចំពោះធនធានសម្រាប់យកទៅអនុវត្តលើការ-ងារជាអាទិភាព ដើម្បីសម្រេចបាននូវរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ តាមពេលវេលាកំណត់ ដែលប្រការនេះអាចទាមទារឲ្យយើងធ្វើការវាយតម្លៃឡើងវិញអំពីលទ្ធភាពនៃការសម្រេចបាននូវបណ្តា គោលដៅដែលត្រូវបានដាក់ចេញកន្លងមក ។
សម្តេចលើកឡើងថាបញ្ហាភេរវកម្ម ដោយសម្តេចយល់ឃើញថា ការមិនអើពើចំពោះការគំរាមកំហែងពីភេរវកម្មមិនមែនរដ្ឋ ដោយគ្រាន់តែសង្ឃឹមថាវានឹងរលត់ទៅវិញដោយឯកឯង គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ។ជាមួយនេះ, យើងក៏ត្រូវទទួលស្គាល់ដែរថា ឫសគល់នៃជម្លោះសាសនាជ្រុលនិយមនេះ មិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ជាការពិត,ភាពជ្រុល-និយមគ្រប់ទម្រង់មានប្រភពចេញមកពីអយុត្តិធម៌សង្គម ដែលកើតឡើងដោយសារការរើសអើងយេនឌ័រ,ភាសា,ពណ៌សម្បុរ, ជំនឿ ឬ ដើមកំណើតជាតិសាសន៍ ។
សម្តេចតជោបន្តថា៖កម្ពុជាមានមោទនភាពចំពោះការរួមចំណែករក្សាសន្តិភាពពិភពលោក ក្នុងអំឡុងពេលជាច្រើនឆ្នាំមកនេះ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។ បច្ចុប្បន្ន, កម្ពុជាមានកងកម្លាំងមួកខៀវ ជិត ៨០០ នាក់ ដែលក្នុងនោះមាន ១០% គឺជាស្ត្រី កំពុងបំពេញបេសកកម្មនៅស៊ូដង់, ស៊ូដង់ខាងត្បូង, លីបង់, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។
ក្នុងឱកាសប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ យើងត្រូវផ្តល់កិត្តិយសដល់ ជនក្លាហានទាំងអស់ដែលបានលះបង់ជីវិត រួមទាំងកងកម្លាំងរក្សាសន្តិភាពកម្ពុជាដែលបានបូជាជីវិត ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃការចូលរួមចំណែកកសាងពិភពលោកមួយ កាន់តែល្អប្រសើរ និង ប្រកបដោយសុខ-សន្តិភាព។កម្ពុជាបន្តប្តេជ្ញាចិត្តជានិច្ចក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងថែរក្សាសន្តិភាព ក្នុងគោលដៅលើក-កម្ពស់សន្តិភាព និង ការអភិវឌ្ឍសម្រាប់គ្រប់ៗគ្នា ។
សម្តេចលើកឡើងថា៖ក្នុងនាមជាប្រទេសតូចមួយកម្ពុជាស្រលាញ់សន្តិភាព និង ប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ,កម្ពុជាអាចដើរតួនាទីចូលរួមចំណែករបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិបាន លុះត្រាតែមានការធានាថា វិធានច្បាប់នានាដែលគ្រប់គ្រងប្រព័ន្ធអន្តរជាតិ ត្រូវបានអនុវត្តប្រកបដោយសមភាព ។ គួរឱ្យសោកស្ដាយ,ដែលជារឿយៗ អាស្រ័យទៅនឹងមហិច្ឆតានយោបាយ និង របៀបវារៈឱកាសនិយមលាក់ពុតរបស់ប្រទេសមួយចំនួន, កម្ពុជាត្រូវប្រឈមមុខនឹងស្តង់ដារទ្វេដែលប្រកបដោយល្បិចកល និង ការសម្រេចចិត្តដែលមានភាព-លម្អៀង និង មានចេតនានយោបាយ ពោលគឺ ភាពអយុត្តិធម៌ ។
សម្តេចបានរំលឹកUNថាប្រមាណជាង ៤០ ឆ្នាំមុន, កម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលប្រជាជនកម្ពុជាជាង ២ លាននាក់ បានបាត់បង់ជីវិតនៅក្នុងដៃរបបដ៏ព្រៃផ្សៃនេះ ។ អ្នករស់រានមានជីវិតទាំងបាក់ស្បាត និង សល់តែបាតដៃទទេ គឺជាអ្នកដែលស្ដារប្រទេសជាតិពីគំនរផេះផង់។អ្វីដែលគួរឱ្យហួសចិត្ត គឺអ្នកដែលរស់រានមានជីវិតទាំងអស់នោះ បែរជាទទួលរងទណ្ឌកម្មពីសមាជិកភាគច្រើននៃអង្គការសហប្រជាជាតិដែលថែមទាំងបានអនុញ្ញាតឱ្យមេពិឃាតខ្មែរក្រហម កាន់កាប់អាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិទៅវិញ។រដ្ឋាភិបាលដដែលទាំងនោះ, ដែលបានផ្សព្វផ្សាយឥតឈប់ឈរអំពីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស, គឺជាអ្នកដែលបានរារាំងប្រជាជនយើងពីការទទួលបានចំណីអាហារ,សុខុមាលភាព,ការអប់រំ,ផ្ទះសម្បែង, ការអភិវឌ្ឍ និងជាពិសេស សុខ-សន្តិភាព, អស់រយៈពេលជាង ១២ ឆ្នាំ ។
សម្តេចតេជោក៍បានលើកឡើងថា៖ លើសពីនេះទៀត, ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ត្រូវបានគេប្រើប្រាស់ដោយឥតញញើតនិងធ្វើឡើងក្នុងកម្រិតមួយដែលបំផ្លិចបំផ្លាញគោលការណ៍មូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិជាអាទិ៍ សិទ្ធិស្វ័យ-សម្រេចនិង អធិបតេយ្យជាតិ ។ ក្នុងបរិបទនេះ, ការបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ គឺជាមូលហេតុនៃក្ដីបារម្ភដ៏ធំធេងរបស់យើង។ទន្ទឹមនេះ, លទ្ធភាពនៃការកើតឡើងនូវ“សង្គ្រាមត្រជាក់បែបថ្មី” ក៏បានក្លាយជាកង្វល់ដ៏ចម្បងមួយទៀតព្រោះថា ប្រទេសកម្ពុជាដ៏តូចមួយនេះធ្លាប់បានបង់ថ្លៃយ៉ាងដំណំដោយសារជម្លោះសង្គ្រាមត្រជាក់, ការខ្វែងគំនិតគ្នាផ្នែកមនោគមវិជ្ជា និង ការប្រកាន់ ឥរិយាបថជាតិនិយមជ្រុល៕ឡេង បញ្ញាឬទ្ធិ