Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រចកជើង​គោ​ជាង​២​តោនលោត​ឆត្រពីវៀតណាម ចូលកម្ពុជា ត្រូវបាន​សមត្ថកិច្ច​ជំនាញ បង្ក្រាបបាន​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​

​ខេត្តស្វាយរៀង​៖ ក្រចក​ជើងគោ​ចំនួន​ជាង​២​តោន ត្រូវបាន​សមត្ថកិច្ច​សាខា ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង ក​ង្ក្រា​ប​ការ​ក្លែងបន្លំ បានធ្វើ​សកម្ម​ភាពចុះ​អនុវត្ត​ការងារ​ត្រួតពិនិត្យ​ទំនិញ របស់​មន្ត្រី​សាខា​ខេត្តស្វាយរៀង នៅ​ច្រក​អន្តរជាតិ​បាវិត ខេត្តស្វាយរៀង នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

​លោក ផឹង និល ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ក្រោយពី​បានទទួល​ការស្នើសុំ​កិច្ចសហការ ពី​សាខាគយ​និង​រដ្ឋាករ​ខេត្តស្វាយរៀង មន្ត្រី​សាខា​មន្ត្រី​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តស្វាយរៀង បាន​ចុះ​ពិនិត្យ ស្មង​គោ និង​ក្រចក​ជើងគោ នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​បាវិត ស្វាយរៀង​។

​ប្រភព​ដដែល​បាន​បន្តថា សកម្មភាព​ការងារ ត្រួតពិនិត្យ មន្ត្រី​ជំនាញ​យើង​បាន​យក​ក្រចក​ជើងគោ មក​ពិ​និត្យនៅ​មន្ទីរពិសោធន៍​ខ្នាតតូច​របស់​សាខា ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ ក្លែងបន្លំ​ខេត្ត បានធ្វើ​ការពិសោធ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

​ជា​លទ្ធផល​ក្រោយ​ការចុះអនុវត្ត​ការងារ មន្ត្រី​ជំនាញ​យើង​ពុំបាន​រកឃើញ​មាន​សារ​ធាតុគីមី ( Formalin ) ទេ ។ ប៉ុន្តែ​មន្ត្រី​យើង​បាន​ពិនិត្យឃើញថា ក្រចក​ជើងគោ​ចំនួន ១២០ កេស ស្មើ នឹង​២៤០០​គីឡូក្រាម ឃើញថា គ្មាន​ឯកសារ​បញ្ជាក់​ពី​ប្រភពដើម គ្មាន​លិខិតអនុញ្ញាត​នាំចូល ការដឹកជញ្ជូន​គ្មាន​លក្ខណៈ​បច្ចេកទេស ( ទូ​ក្លាស្សេ ) ។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​មន្ត្រី​យើង​បានធ្វើ​កំណត់ហេតុ​ដកហូត ក្រចក​ជើងគោ​ទាំងនោះ ធ្វើ​ការដុត​កម្ទេចចោល​នៅ​នៅ​ទីលាន​ចាក់សំរាម​ខេត្តស្វាយរៀង​។ ក្នុងការ​កម្ទេចចោល​មានការ​សហការ ពី​អាជ្ញាធរ​ដែនដី និង​សាខាគយ​ខេត្តស្វាយរៀង​ផងដែរ ៕​ដោយ​៖ វ៉ៃ​កូ​

×