ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំនៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ស្អែកនេះ ។គម្រោងសាងសង់ស្ពាន និងផ្លូវនេះ គ្រោងចំណាយថវិកាជិត ៥៧លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១ ដោយចំណាយពេលប្រមាណ ៤២ខែ។
គម្រោងសាងសង់ស្ពាននេះចាប់ផ្តើមពីត្រើយខាងលិចស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ស្ពាននេះមានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក (Continues Box Girder bridge)។ ផ្លូវទទឹង ១៣,៥០ម៉ែត្រនេះ មានផ្លូវរថយន្ត ៣,៥០ម៉ែត្រ ចំនួន ២គន្លង ផ្លូវម៉ូតូ ១,៩០ម៉ែត្រ ចំនួន ២គន្លង ផ្លូវថ្មើរជើង ១,១០ម៉ែត្រ ចំនួន ២គន្លង និងបង្កាន់ដៃស្ពាន ០,២៥ម៉ែត្រសងខាង ហើយផ្ទៃខាងលើ នៃស្ពានក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ។
ក្រៅពីការសាងសង់ស្ពាន ក៏មានការសាងសង់កំណាត់ផ្លូវតភ្ជាប់សងខាងស្ពានសរុបប្រវែង ៨៣២៣ម៉ែត្រផងនោះ។ ក្នុងនោះផ្លូវមេតភ្ជាប់ផ្លូវជាតិលេខ ៧១សេ មានប្រវែង ៣៨៦៩ម៉ែត្រ និងផ្លូវខ្នែងប្រវែង ៤៤៥៤ម៉ែត្រ ក្រាលថ្មចាក់កៅស៊ូ ២ជាន់ (DBST)។ សរុបទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែង ៩៤៥៤ម៉ែត្រ។ ការសាងសង់ស្ពាន និងផ្លូវតភ្ជាប់នេះ គ្រោងចំណាយថវិកាសរុបជិត ៥៧លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។គម្រោងសាងសង់ស្ពាន និងផ្លូវនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (Shanghai Construction Group) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន ដែលប្រើរយៈពេលសាងសង់ ចំនួន ៤២ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨នេះ ហើយគ្រោងបញ្ចប់នានៅដើមឆ្នាំ២០២១។
ការសាងសង់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ គឺជាគម្រោងយុទ្ធសាស្ត្រមួយ យ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និង ត្រើយខាងលិចនៃទន្លេមេគង្គឲ្យបានងាយស្រួល និងឆាប់រហ័ស។ការតភ្ជាប់តំបន់ទាំងពីរនេះ ជាការតភ្ជាប់នូវក្តីសង្ឃឹម របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ជំរុញសាមគ្គីភាព និងសុខដុមនីយកម្មខាងជំនឿសាសនា រវាងសហគមន៍ខ្មែរ អ្នក កាន់ព្រះពុទ្ធសាសនា និងសហគមន៍សាសនិកឥស្លាមកម្ពុជា ឱ្យកាន់តែជិតស្និទ្ធ និង រឹងមាំ ថែមទៀត។ ម្យ៉ាងទៀត កន្លងមក បងប្អូនប្រជាពលរដ្ឋ ទាំងនៅត្រើយខាងកើត និងត្រើយខាងលិច អាចទំនាក់ទំនងគ្នាទៅវិញទៅមកបាន តាមរយៈការជិះទូកដ ឬសាឡាង ចម្លងកែច្នៃតូចៗ ដែលតែងជួបនូវការលំបាក គ្រោះថ្នាក់ និងមិនសូវមានប្រសិទ្ធភាព ក្នុងការ ដឹកជញ្ជូនទំនិញ ឬការធ្វើដំណើរ។
ព្រោះតែការមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងសក្តានុពលនៃការអភិវឌ្ឍនូវតំបន់សងខាងនៃទន្លេមេគង្គ ទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ បានខិតខំស្វែងរបប្រភពទុន និងស្នើសុំហិរញ្ញប្បទានពីរដ្ឋាភិបាលចិន ដើម្បីសាងសង់ស្ពាន ឆ្លងកាត់ទន្លមេគង្គ និងផ្លូវតភ្ជាប់ ដែលកំពុងរៀបចំពិធីបើកការដ្ឋាននាពេលនេះ។ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារនេះ គឺស្ពានទី៨ហើយ ដែលសាងសង់ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន។ ស្ពានចំនួន៧ ដែលសាងសង់រួចរាល់កន្លងមករួមមាន៖ ៖ ស្ពានស្ពានកោះធំ ស្ពានជ្រោយចង្វា២ ស្ពានសេកុងខេត្តស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែតាម៉ាក់ ស្ពានមេគង្គស្ទឹងត្រែង និងស្ពានតាខ្មៅ៕ ដោយ៖បញ្ញាស័ក្តិ