ប្រទេសថៃកាលពីថ្ងៃចន្ទនេះ បានពន្យាររយៈពេលអនុគ្រោះសម្រាប់ការបន្តទិដ្ឋាការ ដល់ជនបរទេស ដែលជាប់គាំងនៅក្នុងប្រទេសដោយសារតែជំងឺកូវីដ១៩(COVID-១៩) រហូតដល់ដំណាច់ខែតុលា ដោយសារការរឹតបន្តឹងការធ្វើដំណើរ នៅតែមានហើយករណីឆ្លងថ្មីបានកើនឡើងទូទាំងពិភពលោក។ ការពន្យារពេលនេះនឹងអនុញ្ញាតឱ្យជនបរទេស ស្នាក់នៅក្នុងប្រទេសថៃរហូតដល់ថ្ងៃទី ៣១ ខែតុលា។
បញ្ហានេះស្ថិតនៅក្រោមការយល់ព្រមពីគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ។
ប្រទេសថៃបានបញ្ឈប់ជើងហោះហើរពាណិជ្ជកម្ម កាលពីខែមេសាហើយបានហាមឃាត់ភ្ញៀវទេសចរបរទេស ដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺកូវដី១៩ ដោយបើកឲ្យមានតែជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ ដែលចាកចេញពីប្រទេសតែប៉ុណ្ណោះ។
នៅក្នុងខែកក្កដាអាជ្ញាធរបានផ្តល់ការពន្យារទិដ្ឋការដោយស្វ័យប្រវត្តិដល់ថ្ងៃទី ២៦ ខែកញ្ញាសម្រាប់ជនបរទេសទាំងអស់។
លោក Pornchai Kuntee ស្នងការរងនៃការិយាល័យអន្តោប្រវេសន៍ បានប្រាប់រ៉យទ័រថា បន្ទាប់ពីខែតុលាបទបញ្ជាអន្តោប្រវេសន៍ថ្មី នឹងអនុញ្ញាតឱ្យជនបរទេសដាក់ពាក្យសុំពន្យារពេល ៦០ ថ្ងៃបន្តនៅក្នុងប្រទេសប្រសិន បើពួកគេមិនអាចចាកចេញបានដោយសារតែជើងហោះហើរ មានកំណត់ឬបញ្ហាផ្សេងទៀត។ កាលពីមុនការពន្យារពេលត្រូវការឯកសារពីស្ថានទូតរៀងៗខ្លួនហើយមានកំណត់ត្រឹម ៣០ ថ្ងៃ។ កាលពីថ្ងៃចន្ទ អាជ្ញាធរក៏បានបន្ថែមរយៈពេល នៃការដាក់ប្រទេសក្នុងគ្រាមានអាសន្នរហូតដល់ចុងខែតុលា។
ប្រទេសថៃត្រូវបានកត់ត្រាករណីឆ្លងមេរោគកូវីដ១៩ចំនួន ៣.៥៤៥ ករណីដែលមានអ្នកស្លាប់ចំនួន ៥៩ នាក់។
រដ្ឋាភិបាលនៅខែនេះបានអនុម័តទិដ្ឋាការរហូតដល់ ២៧០ ថ្ងៃសម្រាប់ភ្ញៀវទេសចរដែលស្នាក់នៅ រយៈពេលយូរហើយកំពុងត្រៀមបើកឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេសមួយចំនួនចាប់ពីខែក្រោយទោះបីជាការផ្លាស់ប្តូរនេះអាចត្រូវបានពន្យារពេលក៏ដោយ។
អាជ្ញាធរទេសចរណ៍ថៃរំពឹងថាចំនួនភ្ញៀវទេសចរបរទេសនឹងធ្លាក់ចុះពី ៣៩,៨ លាននាក់នៅឆ្នាំ ២០១៩ ដល់ ៦,៧ លាននាក់នៅឆ្នាំនេះមុននឹងស្ទុះងើបដល់ ២០,៥ លាននាក់នៅឆ្នាំក្រោយ។ ចំនួននេះប្រៀបធៀបនឹងការប៉ាន់ស្មានរបស់ធនាគារកណ្តាលសម្រាប់ភ្ញៀវទេសចរ ៩ លាននាក់នៅឆ្នាំ ២០២១៕
ប្រភព៖ Reuters
ដោយ៖CEN