ស្ទឹងត្រែង៖លោកម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញទៅទស្សនកិច្ចនិងពិនិត្យមើលពីសក្តានុពលតំបន់រ៉ាមសារ តំបន់ទេសចរណ៍នៅស្រុកបុរីអូរស្វាយសែនជ័យ កាលពីថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២០ ។
សូមជម្រាបថា ខេត្តស្ទឹងត្រែងមានដងទន្លេចំនួន៤ប្រជាពលរដ្ឋរស់នៅចំនួន ១២៨ ភូមិក្នុងនោះរស់នៅពី ៧០ ទៅ ៨០ ភាគរយតាមដងទន្លេ។ ខេត្តមួយទេមានសក្តានុពលទេសចរណ៍ជាច្រើន នៅតាមដងទន្លេ ជាពិសេសជាងនេះទៅទៀតនោះ គឺធនធានត្រីទឹកសាបដែលមានរសជាតិឆ្ងាញ់ដ៏សម្បូរបែប។
នៅក្នុងដំណើរទស្សនកិច្ច រវាងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង និងអគ្គរាជទូតសហរដ្ឋអាមេរិច បានចុះពិនិត្យមើលពីតំបន់រ៉ាមសារ ស្ទូបប្រវត្តិសាស្ត្រ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែនកម្ពុជាឡាវ។
ស្វែងយល់ស្ថានភាពនៃការរស់នៅរបស់ប្រជាជននៅមូលដ្ឋាន និងទស្សនាសក្ដានុពលធនធានធម្មជាតិនៅតំបន់រ៉ាមសារ (តំបន់ដីសើម) តាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យទាំងមូល។ ជួបប្រជុំដើម្បីស្ដាប់របាយការណ៍ របស់ប្រធានសហគមន៍អេកូទេសចរណ៍ឃុំអូរស្វាយ ប្រធានក្រុមបរិស្ថានឧទ្យានុរក្ស ព្រមទាំងការពិភាក្សាអំពីការបន្តអភិរក្ស និងអភិវឌ្ឍធនធានក្នុងតំបន់រ៉ាមសារ និងការពង្រីកសក្ដានុពលអេកូទេសចរណ៍។ បានពិនិត្យស្តូបប្រវត្តិសាស្ត្រដែលបានកសាងឡើង ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមរាជកិច្ចរបស់ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ បានធ្វើទស្សនកិច្ចទីស្នាក់ការច្រកទ្វារអន្តរជាតិត្រពាំងក្រៀល(កម្ពុជា-ឡាវ) ដោយបានជួបពិភាក្សាអំពីស្ថានភាពការងារ ជាមួយមន្ត្រីគយ និងរដ្ឋាករប្រចាំច្រកទ្វារ អន្តរជាតិកម្ពុជា ឡាវ និងស្ថានភាពនៃទំនាក់ទំនងជាមួយភាគីឡាវ ចលនានៃការដឹកជញ្ជូនទំនិញ ក្នុងអំឡុងពេលនៃបញ្ហាប្រឈមពីជំងឺកូវីដ-១៩។ ស្ថានភាពនៃភ្ញៀវទេសចរ ធ្វើដំណើរចេញចូលតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក៏ដូចជាសង្វាក់ទេសចរណ៍ពីឡាវមកកម្ពុជា និងពីកម្ពុជាទៅឡាវ៕ ដោយ៖សុខុម