ប៉ៃលិន ៖ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិននិងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងផ្តល់អំណោយ កុំព្យូទ័ រលើតុ ចំនួន ១៤គ្រឿងដល់វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ដើម្បីបម្រើឱ្យដំណើរការបង្រៀននិងរៀននៅក្នុងសាលាស្ថិតនៅភូមិកែង ឃុំសាលាក្រៅស្រុកសាលាក្រៅខេត្តប៉ៃលិន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះប្រទេសជាតិ កំពុងតែមានការអភិវឌ្ឍជឿនលឿនទៅមុខ ដូច្នេះបញ្ហាបច្ចេកវិទ្យានិងព័ត៌មានវិទ្យា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវតែដើរឲ្យទាន់សម័យកាល តែក៏ត្រូវប្រុងប្រយ័ត្ន ព្រោះប្រព័ន្ធព័ត៌មានវិទ្យា គឺត្រូវប្រើឲ្យចំគោលដៅក្នុងការសិក្សា ចៀសវាងកុំឲ្យក្លាយជាអាវុធមុខពីរ។ ដូច្នេះការផ្តល់កុំព្យូទ័រទាំងនេះ សូមលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវយកទៅប្រើប្រាស់ឱ្យមានប្រសិទ្ធខ្ពស់ បម្រើដល់ដំណើរការបង្រៀននិងរៀន ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការសិក្សានិងស្រាវជ្រាវបន្ថែម ហើយត្រូវចូលរួមអនុវត្តន៍ទាំងអស់គ្នានូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាពនិងគោរពច្បាប់ចរាចរណ៍ព្រមទាំងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
កន្លងមក ដោយប្រទេសកម្ពុជា និងប្រទេសនៅលើសកលលោក បានជួបប្រទះនឹងជំងឺកូវីដ-១៩ រាតត្បាតធើ្វឲ្យវិស័យនានា មានការលំបាក ក្នុងនោះ វិស័យអប់រំក៏មានការលំបាកផងដែរ។ សាលារដ្ឋ និងឯកជននានា ត្រូវបានផ្អាកការសិក្សា ដូចនេះហើយ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំកម្មវិធីសិក្សាតាមប្រព័ន្ធ Online ដើម្បីឲ្យសិស្សានុសិស្ស បានសិក្សានៅតាមផ្ទះរបស់ពួកគេ ប៉ុន្តែបច្ចុប្បន្នដោយសារ ស្ថានភាពជំងឺកូវីដ-១៩ មានសភាពធូរស្រាលជាបណ្តើរៗ ក្រសួងអប់រំ យុវជន និងកីឡា ក៏អនុញ្ញាតឱ្យបើក ដំណើរការបង្រៀននិងរៀនឡើងវិញ ដោយអនុវត្តន៍តាមវិធានការ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ក្រើនរំលឹកដល់នាយកសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវពន្យល់ណែនាំបន្ថែមទៀត អំពីការថែរក្សាការពារអនាម័យ ជាប្រចាំជូនដល់សិស្សានុសិស្ស ក្នុងអំឡុងពេលជំងឺឆ្លងកូវីដ-១៩ នេះ ចៀសវាងការធ្វេសប្រហែស ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធខ្ពស់។
សូមបញ្ជាក់ថា កុំព្យូទ័រថ្មី ជាប្រភេទ Destop ដែលជាអំណោយរបស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ប្រគល់ជូនដល់វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ដើម្បីបម្រើដល់ដំណើរការបង្រៀន និងរៀននៅក្នុងសាលាគឺមានចំនួន ១៤គ្រឿង ម៉ាក Dell ដោយក្នុង១ឈុតមានLCD monitor, computer system unit, keybord, mouse, និង UPS ផងដែរ៕ ដោយ៖អ៊ុងសារុំ