ភ្នំពេញ៖ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពល ក្នុងការលើកស្ទួយវិស័យដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា និងសឹង្ហបូរី រួមជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុន YCH និងក្រុមហ៊ុន IA ពិភាក្សាតាមប្រព័ន្ធវីដេអូពីចម្ងាយលើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់អភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ។
ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់កម្ពុជា និងសឹង្ហបូរី ដើម្បីពិភាក្សាលើសេចក្តីព្រាង កិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់អភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញថ្ងៃព្រហស្បតិ៍ទី១ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។
កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរ រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនYCH និងក្រុមហ៊ុន IA ក្នុងគោលបំណងពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ក៏ដូចជាប្រមូលធាតុចូលបន្ថែមពីគ្រប់ស្ថាប័នពាក់ព័ន្ធ សំដៅឱ្យកិច្ចព្រមព្រៀងនេះ មានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយ អាចទទួលយកបានពីគ្រប់ភាគី ជាពិសេស បម្រើឱ្យប្រយោជន៍ជាតិជារួម ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គឺជាមជ្ឈមណ្ឌលដ៏មានសក្ដានុពលក្នុងការលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព និងមានលក្ខណៈប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងតម្លៃ និងសេវាកម្ម ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា៖ ដើម្បីជំរុញឱ្យគម្រោងនេះមានដំណើរការកាន់តែរលូន និងឆ្ពោះទៅមុខ តាមផែនការ ក្រសួងកំពុងស្វែងរកដៃគូអភិវឌ្ឍន៍ ហើយធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីទទួលបានការណែនាំនិងចង្អុលបង្ហាញបន្ថែម មុនចាប់ផ្តើមកិច្ចប្រជុំលើកក្រោយ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសសើរ និងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះអង្គប្រជុំ ដែលបានផ្ដល់ធាតុចូលដ៏មានតម្លៃ ក្នុងបុព្វហេតុរៀបចំកិច្ចព្រមព្រៀងនេះ ឱ្យមានសង្គតភាព ស្របតាមបរិបទច្បាប់ សង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងបានណែនាំឱ្យក្រុមការងារ ចំពោះកិច្ចធ្វើការងារនេះឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ និងក្រុមហ៊ុនវិនិយោគ ដើម្បីជំរុញឱ្យគម្រោងនេះដំណើរការរលូនស្របតាមកាលវិភាគ ដែលបានគ្រោងទុក៕ដោយ៖កូឡាប