សៀមរាប ៖ អភិបាលខេត្តសៀមរាប បានស្នើសូមឲ្យអាជ្ញាធ ក្រុង ស្រុក ឃុំ សង្កាត់ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអង្គភាពពាក់ព័ន្ធក្រោមឱវាទទាំងអស់ ត្រូវអនុវត្តឲ្យបានតឹងរ៉ឹងបំផុត ចំពោះសេចក្តីជូនដំណឹងខាងលើនោះ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតទីយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង លេខ០១៤ គជដព របស់គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតទីយកដីធ្វើកម្មសិទ្ធិ ដែលប្រជាពលរដ្ឋកាន់កាប់ និង អាស្រ័យផលជាក់ស្តែង ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្ដម កែវ អូម៉ាលីស្ស ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និង ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ។
ឯកឧត្តម ទៀ សីហា បានលើកឡើងថា យើងត្រូវអនុវត្តឲ្យបានតឹងរ៉ឹងបំផុត ចំពោះសេចក្តីជូនដំណឹងខាងលើនោះ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតទីយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន សូមឲ្យអាជ្ញាធ ក្រុង ស្រុក ឃុំ សង្កាត់ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអង្គភាពពាក់ព័ន្ធក្រោមឱវាទទាំងអស់ ត្រូវចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និង ទទួលបានលទ្ធផលល្អប្រសើរ គឺយើងត្រូវតែពន្លឿនក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីនៅតាមស្រុកនីមួយៗ ឲ្យបានរួចរាល់ក្នុងឆ្នាំ២០២១ខាងមុខនោះជាកំហិត ។
ឯកឧត្តម បានបញ្ជាក់ថា ករណីមានវិញ្ញាបនបត្រ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ប៉ុន្តែមិនទាន់មានការសម្រេចពីរាជរដ្ឋាភិបាលនៅឡើយ ចំពោះករណីនេះ យើងត្រូវពិនិត្យអត្តសញ្ញាណ នៃការកាន់កាប់ដីឡើងវិញ ទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដូចជា អនុក្រឹត្យបទបញ្ជាសារាចរណែនាំក្នុងករណីមិនសមស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់នៅជាធរមាន នឹងស្នើសុំរាជរដ្ឋាភិបាលនិរាករណ៍ឬមោឃភាពតាមការចាំបាច់ជាក់ស្តែង គ្មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់ដីធ្លីនោះ៕ដោយ៖កូឡាប