ស្ទឹងត្រែង៖ចាស់ជំនាន់មុនយល់ថាឲ្យតែឃើញសត្វត្មាត ហើរចូលភូមិស្រុកកន្លែងណាភូមិនោះ នឹងកើតមានគ្រោះចង្រៃមកលើមនុស្សជាពុំខាន។ បើឃើញវាហើរទៅផ្តុំនៅណា នឹងមានសត្វធំៗងាប់ឬមនុស្សឈឺស្លាប់។ នេះគឺជាអបិយជំនឿដែលមានតាំងពីបុរាណ រហូតមកទល់នឹងសព្វថ្ងៃនៅក្នុងសង្គមខ្មែរយើង។
ក៏ប៉ុន្តែ អ្នកសិក្សាស្រាវជ្រាវយល់ឃើញថា សត្វត្មាតគឺជាសត្វបក្សីមួយប្រភេទដែលរស់នៅក្នុងព្រៃធម្មជាតិ ហោះហើរលើអាកាស បានយ៉ាងខ្ពស់រាប់គីឡូផុតពីដី ។ រីឯភ្នែករបស់វាអាចមើលចម្ងាយបានរាប់គីឡូម៉ែត្រ និងស៊ីសាច់សត្វងាប់ជាចំណី។
ក្រុមអ្នកអភិរក្សសត្វត្មាតបានចាត់ទុកថាសត្វត្មាតមានប្រយោជន៍ ជួយសម្អាតគំរង់ខ្មោចសត្វងាប់ហើមរលួយស្អុយឱ្យអស់ តាមរយៈវាស៊ីចំណីមិនឱ្យឆ្លងរោគមកមនុស្សបាន។ បែបនេះហើយ បានជាក្រុមអង្គការក្រៅរដ្ឋាភិបាល យកចិត្តទុកដាក់អភិរក្សសត្វដ៏កម្រប្រភេទនេះដើម្បីកុំឱ្យវាផុតពូជ។
មន្ត្រីអភិរក្សសត្វត្មាត ប្រចាំខេត្តស្ទឹងត្រែង បានពន្យល់ថា ត្មាតគឺជាសត្វមួយប្រភេទជិតផុតពូជនិងមានសារប្រយោជន៍ ជួយដល់មនុស្ស។អីចឹងហើយ ទើបមានការអភិរក្សឱ្យនៅគង់វង្ស។
បើដឹងថាវារស់នៅកន្លែងណាមួយយើងត្រូវសិក្សាតាមដាននិងស្វែងរកសំបុករស់នៅរបស់វាជាមុនដើម្បីតាមអភិរក្ស។
មន្ត្រីអភិរក្សកំពុងបម្រើការងារ ជាមួយជនបរទេសមួយរូបប្រចាំខេត្តស្ទឹងត្រែង បាននិយាយឱ្យដឹងថា បើយើងចង់ដឹងពីការរស់នៅរបស់សត្វត្មាត ជាដំបូងត្រូវប្រមូលព័ត៌មាននិងចុះសិក្សា សាកសួរ ជាមួយអ្នកភូមិធ្លាប់ឃើញវត្តមានសត្វត្មាត។ជាលទ្ធផលគេនឹងអាចស្វែងរកកន្លែងរស់នៅនិងធ្វើសំបុកបន្តពូជត្មាតបានដោយងាយ។
បន្ទាប់មកទៀតគឺការគ្រប់គ្រសត្វត្មាត។សត្វមានស្លាប រស់នៅក្នុងព្រៃធម្មជាតិហោះហើរ ទៅណាមកណាមិនទៀតទាត់ផងតែគេអាចគ្រប់គ្រងវាបាន។ ចំណុចនេះ មន្ត្រីអភិរក្សបានបង្ហើបថា គេគ្រប់គ្រងសត្វត្មាតមិនបានទាំងស្រុងនោះទេ។គេប្រើចំណី ក្នុងមួយខែយ៉ាងតិចពីរដង ឱ្យវាស៊ីដើម្បីកុំឱ្យវាទៅឆ្ងាយ។
បើកាលណាសត្វនោះធ្លាប់បានចំណីហើយវាក៏មិនទៅណាឆ្ងាយដែរ។ កន្លែងដែលវារស់ទៀតសោតគឺក្នុងព្រៃរបោះមានសភាពស្ងប់ស្ងាត់បំផុត។
មន្ត្រីអភិរក្សបានបញ្ជាក់ថា ដោយសារតែសត្វប្រភេទនេះ វាចូលចិត្តស៊ីសត្វងាប់ជាចំណីទើបគេកាប់សត្វធំៗ ដូចជាគោនិងក្របី មួយក្បាលរាល់ពីរដងក្នុងមួយខែ។យ៉ាងហោចណាស់ក្នុងមួយខែត្រូវចំណាយសត្វគោនិងក្របីពីរក្បាល ដើម្បីកាប់ឱ្យត្មាតស៊ី។
គេអាចដឹងពីចំនួនរបស់វាតាមរយៈភ្ជាប់កាមេរ៉ាវីដេអូថតនៅកន្លែងឱ្យចំណីកាប់គោក្របីនោះតែម្តងនិងការសង្កេតមើលជាក់ស្តែង។វិធីនេះ គេក៏អាចស្គាល់ ពីប្រភេទសត្វត្មាតផងដែរ។
នៅក្នុងប្រទេសកម្ពុជាសត្វត្មាតមានបីប្រភេទ គឺត្មាតភ្លើង ត្មាតប្រផេះ និងត្មាតត្នោត។ ត្មាតទាំងបីប្រភេទនេះ កំពុងរងការបាត់បង់ទីជម្រក។ ខ្វះចំណីអាហារ។ ការបរបាញ់និងដាក់ថ្នាំបំពុល៕
ដោយ៖សុខុម