ខេត្តស្វាយរៀង៖លោក នួន លីហួន ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្តដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ លោក លោកស្រីមន្ត្រីរាជការក្រោមឱវាទ និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ៥៥នាក់ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មសម្រេចលទ្ធផលទៅតាមផែនការ និងប្រតិទិនការងារ ដែលបានគ្រោងទុក ព្រមទាំងបានដោះស្រាយបញ្ហាប្រឈមនានា ដែលពើបប្រទះលើការអនុវត្តកន្លងមក ។
បន្ទាប់ពីលោក លោកស្រី ជាថ្នាក់គ្រប់គ្រងការិយាល័យ បានធ្វើរបាយការណ៍ អំពីវឌ្ឍនភាពការងារ ដែលសម្រេចបានលើវិស័យសាធារណការ វិស័យដឹកជញ្ជូនផ្លូវគោក វិស័យដឹកជញ្ជូនផ្លូវទឹក និងបញ្ហាប្រឈមនានា លើការអនុវត្តកន្លងមក លោកប្រធានមន្ទីរបាន ធ្វើការបូកសរុបលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក និងលើកទឹកចិត្តដល់ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ បន្តខិតខំប្រឹងប្រែង ពង្រឹងការងារជំនាញ មានសាមគ្គីភាព ស្មារតីទទួលខុសត្រូវខ្ពស់លើការងារ ជាពិសេសការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា មានភាពច្បាស់លាស់ ហើយរួមគ្នាផ្ដល់ភាពជាគំរូដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវនូវឥរិយាបថ គោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន (អ្នកបើកបរម៉ូតូ ទាំងអ្នករួមដំណើរត្រូវពាក់មួកសុវត្ថិភាព អ្នកបើកបររថយន្ត ទាំងអ្នករួមដំណើរ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពទាំងអស់គ្នា) ។
បន្ថែមពីនេះ លោកប្រធានមន្ទីរ បានផ្ដាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ឲ្យបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺរក្សារអនាម័យលាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាស់ និងរក្សារគម្លាតពីគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឹកូវីដ ១៩ ៕
ដោយ : វ៉ៃកូ