ភ្នំពេញ៖ គិតមកដល់ព្រឹកថ្ងៃទី៣ ខែតុលានេះ ជំនន់ទឹកភ្លៀងដែលបានជន់លិចនៅផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូលបានស្រកចុះបណ្ដើរហើយ ក្រោយពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចុះពិនិត្យជាក់ស្តែង និងបញ្ជាផ្ទាល់ឱ្យប្រើប្រាស់គ្រឿងចក្រកាយបង្ហូរទឹកនៅទីតាំងសំខាន់ៗមួយចំនួន ក្នុងភូមិសាស្ត្រខណ្ឌទាំងពីរនេះ កាលពីយប់ថ្ងៃទី២ ខែតុលាឆ្នាំ២០២០នេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី២ ខែតុលា បានចុះទៅពិនិត្យនិងបញ្ជាផ្ទាល់ ឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌធ្វើការកាយប្រឡាយបើកមុខទឹក នៅចំណុចអមផ្លូវរទេះភ្លើង ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង និងមួយទីតាំងទៀតនៅតាមបណ្ដោយផ្លូវរទេះភ្លើង ស្ថិតនៅក្នុងភូមិជង្រុកក្នុងសង្កាត់ត្រពាំងក្រសាំង។
ការប្រើគ្រឿងចក្រកាយបើកមុខទឹក២ទីតាំងនេះ វានឹងនាំទឹកហូរធ្លាក់ទៅប្រឡាយទួលសំពៅ និងបន្តហូរទៅស្ថានីយ៍បូមទឹកទួលសំពៅ ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ អភិបាលខណ្ឌពោធិ៍សែនជ័យ លោកហែម ដារិទ្ធ និងលោកសេង គន្ធ អភិបាលរងខណ្ឌកំបូល នៅព្រឹកថ្ងៃទី៣ តុលានេះ បានបញ្ជាក់ដូចគ្នាថា នៅពីព្រឹកថ្ងៃទី៣ខែតុលានេះ ទឹកជំនន់ទឹកភ្លៀងដែលបានជនលិចនៅតំបន់ផ្លូវជាតិលេខ ៤ បានស្រកបណ្តើរហើយ ពោលគឺក្រោយពីលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះបញ្ជាផ្ទាល់ កាលពីយប់ថ្ងៃទី២ តុលា ខណៈដែរភ្លៀងកំពុងធ្លាក់
បណ្តាលឲ្យជន់លិចតំបន់មួយចំនួន ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ពិសេសលើកំណាត់ផ្លូវជាតិលេខ៤ និងក្នុងតំបន់មួយចំនួនក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោយពីកាយបើកមុខទឹកនេះ ជឿងថា ដោយចំណាត់ការរបស់អភិបាលរាជធានីភ្នំពេញមិនយូរទេ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ពិសេសលើកំណាត់ផ្លូវជាតិលេខ៤ ទឹកនឹងស្រុកអស់ជាក់ជាមិនខាន៕ដោយ៖កូឡាប