លោកស្រី ម៉ានីកា ជេន (Manika Jain) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា បានជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិនថា ប្រទេសឥណ្ឌាបានជួយគាំទ្រការអភិវឌ្ឍនៅកម្ពុជា ជាច្រើនវិស័យ និងជា ច្រើនឆ្នាំមកហើយ។ ឥណ្ឌានៅបន្តជួយគាំទ្រចំពោះកម្ពុជាទៅមុខទៀត ដើម្បីចំណងមិត្តភាព និងផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ។
លោកស្រី ម៉ានីកា ជេន បានចូលសម្តែងការគួរសម សម្តេចប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាស នោះ ទាំងសម្តេចប្រធានរដ្ឋសភា និងលោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌា ដែលមានតាំងពីយូរមកហើយ។ ឥណ្ឌាជាប្រទេសមួយដែលបានជួយគាំទ្រកម្ពុជានៅក្រោយឆ្នាំ១៩៧៩ ហើយជំនួយរបស់ប្រទេសឥណ្ឌា បានចូលរួម ចំណែកកសាងសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជារហូតមកដល់ពេលសព្វថ្ងៃនេះ។ នេះជាការគូសបញ្ជាក់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។
លោកស្រី ម៉ានីកា ជេន បានជម្រាបសម្តេចពីគម្រោងជាច្រើនដែលប្រទេសឥណ្ឌាបានជួយកម្ពុជា និងបន្តជួយទៅថ្ងៃអនាគតទៀត នៅក្នុងនោះមាន ផ្នែកការអប់រំ គឺការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសឥណ្ឌា។ ការផ្តល់វគ្គអប់រំបណ្តុះបណ្តាលកិច្ចការយោធា។ ការជួសជុលថែទាំប្រាសាទបុរាណ និងការផ្តល់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងធនធានទឹក វិស័យឯកជន និងការងារសង្គមកិច្ចជាដើម។
លោកស្រីឯកអគ្គរដ្ឋទូតបានមានប្រសាសន៍បន្តថា កម្ពុជានិងឥណ្ឌាបានគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ទាំងក្នុងតំបន់និងពិភពលោក។ លោកស្រីក៏បានលើកឡើងពីលទ្ធផលដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសឥណ្ឌាកាលពីចុងខែមករាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះថា នៅក្នុងដំណើរទស្សនកិច្ចនោះប្រមុខដឹកនាំកម្ពុជា និងឥណ្ឌា បានចុះអនុស្សរ- ណៈជាមួយគ្នាជាច្រើនចំនុចសុទ្ធសឹងជាផលប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ។ ពិសេសការជំរុញអ្នកវិនិយោគទុនឥណ្ឌាមកបណ្តាក់ទុកនៅកម្ពុជាឲ្យបានច្រើនឡើង។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចមានការពេញចិត្ត ដោយសង្កេតឃើញពីវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ទាំងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស ។
ប្រធានរដ្ឋសភាបានអបអរសាទរ និងវាយតំលៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយក រដ្ឋមន្ត្រីកម្ពុជានៅសាធារណរដ្ឋឥណ្ឌា កាលពីចុងខែមករាកន្លងមកនេះ។ សម្តេចពញាចក្រីបានគូសបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា ក្នុងអាណត្តិការទូតថ្មីនេះ លោកជំទាវនឹងបន្តជម្រុញលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល ព័ត៌មានវិទ្យា (អាយធី) ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។ ក្នុងនោះដែរ ស្នើសុំលោកជំទាវជួយជម្រុញឲ្យមានការតភ្ជាប់ការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា ដើម្បីលើក កម្ពស់វិស័យ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ពីឥណ្ឌាមកកម្ពុជាឲ្យបានខ្លាំងក្លា”។
ជាចុងក្រោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសំណូមពរដល់លោកជំទាវឯកអគ្គរដ្ឋទូត ជួយជំរុញការហោះហើរត្រង់រវាងកម្ពុជា និងឥណា្ឌឲ្យបានដំណើរការក្នុងពេលឆាប់ៗនេះ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ទេសចរណ៍ រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពងាយស្រួល ឡើង។
សំណូមពរនេះ លោកស្រីម៉ានីកា ជេន បានទទួលយកនិងបានវាយតម្លៃថា ពិតជាមានតម្លៃធំធេងណាស់សម្រាប់ប្រទេសទាំងពីរ។ លោកស្រីបានជម្រាបជូនសម្តេចថា នឹងខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទាំងពីរដែលមានស្រាប់ឲ្យកាន់តែរឹងមាំថែមទៀត៕ ដោយ៖បញ្ញាស័ក្តិ