Thursday, November 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួនពីរ និងកិច្ចព្រមពៀងដោយឡែកដែលមានទឹកប្រាក់សរុបចំនួន ៤៧,៥ លានអឺរ៉ូ

ភ្នំពេញ ៖ នារសៀល ថ្ងៃពុធ ១៤ រោច ខែ កត្តិក ឆ្នាំ ម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល ជាមួយលោកស្រី Thao NGUYEN អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម ប្រចាំការិយាល័យកណ្តាល នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួនពីរ និងកិច្ចព្រមព្រៀងដោយឡែក ដែលមានទឹកប្រាក់សរុបចំនួន ៤៧,៥ លានអឺរ៉ូ ត្រូវជាប្រមាណ ៥៥ លានដុល្លារអាម៉េរិក ក្នុងនោះទឹកប្រាក់ចំនួន ៣០ លានអឺរ៉ូ សម្រាប់ អនុវត្តគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទ ជំហានទី២ និងទឹកប្រាក់ចំនួន ១៧,៥ លានអឺរ៉ូ សម្រាប់គម្រោងនេះជំហានទី៣។

គម្រោងទាំងពីរ ជំហានខាងលើនេះ មានទិសដៅធានាដល់ការផ្គត់ផ្គង់ថាមពលប្រកបដោយ ប្រសិទ្ធភាព និងនិរន្តភាពដល់បរិស្ថាន និងសង្គម នៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា តាមរយៈការវិនិយោគ ទៅលើប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី។ ការវិនិយោគនេះ នឹងផ្តោតលើការពង្រីកបណ្តាញតង់ស្យុងមធ្យម ២២ kV នៅតាមតំបន់ជុំវិញខេត្តសៀមរាប និងតាមតំបន់ជនបទនៅក្នុងខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ, ការសាងសង់និងពង្រីកអនុស្ថានីយ៍, ព្រមទាំងការសាងសង់ខ្សែបញ្ចូនក្រោមដី និងប្រព័ន្ធ អាគុយស្ដុកថាមពល។

ក្នុងឱកាសនោះ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាង កក់ក្តៅចំពោះវត្តមានឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា អមដោយលោកស្រី Christina Laun ប្រធានផ្នែកប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃក្រសួងសហប្រតិបត្តិការ និង អភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកស្រី Thao NGUYEN អ្នកគ្រប់គ្រង ប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម ប្រចាំការិយាល័យកណ្ដាល នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KIW)។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លាក្នុងការរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។ ពិធី ចុះហត្ថលេខានេះ គឺជាសក្ខីភាពនៃការបន្តឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដល់រាជរដ្ឋាភិបាលកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះដែរ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះកិច្ចចរចា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ កាលពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា ដែលបាន ឯកភាពគ្នាលើបញ្ជីគម្រោង/កម្មវិធី ដោយផ្តោតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម គាំពារ និងសុខមាលភាពសង្គម សុខាភិបាល អភិវឌ្ឍន៍ផ្លូវជនបទ រួមទាំងការពង្រឹងវិស័យវាយនភណ្ឌនៅកម្ពុជា។

ជាការឆ្លើយតប, ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានគូសបញ្ជាក់ថា ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ដ៏សំខាន់មួយ ក្នុងចំណោមដៃគូអភិវឌ្ឍន៍ដទៃទៀត រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរយៈពេលយូរអង្វែងជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បាននឹងកំពុងបន្តជួយគាំទ្រដល់ការអភិវឌ្ឍសង្គម និង
សេដ្ឋកិច្ចនៅកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយផ្តល់ហិរញ្ញប្បទានដែលឆ្លើយតបទៅនឹងតម្រូវ ការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ជាក់ស្ដែង, គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទ ជំហានទី២ និងជំហានទី៣ ដែលត្រូវ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននៅថ្ងៃនេះ បានឆ្លើយតបនឹងតម្រូវការអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យថាមពលសំដៅរក្សាលំនឹងថ្លៃ និង ពិនិត្យលទ្ធភាពបញ្ចុះថ្ល អគ្គិសនី ព្រមទាំងធានាភាពគ្រប់គ្រាន់ និងស្ថិរភាព នៃការផ្គត់ផ្គង់អគ្គិសនីសម្រាប់ឧស្សាហកម្ម និងកសិកម្ម, ជំរុញការប្រើប្រាស់ថាមពលក៏កើតឡើងវិញ និងអនុវត្តកម្មវិធីប្រសិទ្ធភាពថាមពលឱ្យអស់សក្តានុពលដើម្បី ធានាបាននូវសន្តិសុខថាមពល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×