សេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ លើមានការរៀបចំជាមាត្រាថ្មីមួយចំនួន បំពេញបន្ថែមនូវភាពខ្វះចន្លោះដែលពុំមាន ចែងនាពេលកន្លងមក ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ។
លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានមានប្រសាសន៍ថា គណៈកម្មការបានឯកភាពគ្នាសម្រេចបញ្ជូន សេចក្តីព្រាងច្បាប់ស្តីពីច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សា ធម្មនុញ្ញ ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំជាវិសាមញ្ញនៃរដ្ឋសភា ធ្វើការពិភាក្សា និង អនុម័តនាពេលខាងមុខ។
លោក ប៉ែន បញ្ញា បានមានប្រសាសន៍បែបនេះ បន្ទាប់ពីអង្គប្រជុំបានធ្វើការពិនិត្យ និងសិក្សាយ៉ាងលម្អិតរួមគ្នា រវាងអន្តរគណៈកម្មការ ជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។ សមាសភាពក្នុងកិច្ចប្រជុំនេះ មានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ដឹកនាំដោយ លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការ សហការជាមួយអន្តរគណៈកម្មការជំនាញ រដ្ឋសភាដែលទទួលបន្ទុកពិនិត្យនិងសិក្សាសេចក្តីព្រាងច្បាប់។ ចំណែកតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ និងសហការី។
លោក មានប្រសាសន៍បន្តថា កម្ពុជាមានប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌រឹងមាំ មានស្ថិរភាព អាចជឿទុកចិត្តបាន តាមមាគ៌ានៃនីតិរដ្ឋ ដោយមានទាំងបរិមាណ និងគុណភាពស្ទើរគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងសំណូមពរ នៃការអភិវឌ្ឍប្រទេសជាតិ។ លើសពីនេះទៀត កម្ពុជាមានសុខសន្តិភាពយ៉ាងពិតប្រាកដ ដែលរាជរដ្ឋាភិបាលអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងដំណើរឆ្ពោះទៅសម្រេចយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ ដែលជាភារកិច្ចចម្បងមួយរបស់រាជរដ្ឋាភិបាល ក្នុងការទទួលខុសត្រូវចំពោះសង្គម។
លោក មានប្រសាសន៍បន្ថែមថា ដោយប្រទេសកម្ពុជាប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គឺអង្គព្រះមហាក្សត្រ មិនអាចរំលោភបំពានបានឡើយ ហើយដើម្បីធានាលើកស្ទួយ និងការពារព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រដែលជាប្រមុខរដ្ឋនៃព្រះរាជាណាចក្រ កម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិខ្មែរ ដូចនេះចាំបាច់ត្រូវមានការរៀបចំជាមាត្រាថ្មីមួយចំនួន បំពេញបន្ថែមនូវភាពខ្វះចន្លោះដែលពុំមាន ចែងនាពេលកន្លងមក ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ និងស្របតាមបរិបទសង្គម ដែលមានការរីកចម្រើន។
ចំណែកសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ គឺក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសម្រេច អំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺតម្រូវឲ្យមាន ការធ្វើវិសោធនកម្មច្បាប់នេះឡើង ដើម្បីឆ្លើយតបនឹងបរិការណ៍ ធានាឲ្យមានភាពរលូន សង្គតិភាព និងឯកភាពនៃច្បាប់ ព្រមទាំងធានាឲ្យមាន ការអនុវត្តច្បាប់ដោយប្រសិទ្ធភាព។
លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សា ធម្មនុញ្ញ និងសេចក្តីព្រាងច្បាប់ស្តីពីច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ វាទាមទារចាំបាច់ត្រូវតែធ្វើវិសោធនកម្មទៅលើច្បាប់នេះ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការគោរពសិទ្ធិ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ផ្អែកលើក្របខ័ណ្ឌច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌ដែលជាសេនា ធិការរបស់រាជរដ្ឋាភិបាល បានខិតខំជំរុញធ្វើការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំងពីរនេះ ជាការគាំទ្រដល់ការងារធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធ យុត្តិធម៌ ព្រោះវាជាផ្នែកដ៏សំខាន់នៃអភិបាលកិច្ចល្អក្នុងការលើកស្ទួយ ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការពង្រឹងគោលការណ៍នីតិរដ្ឋ នៅក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានានូវយុត្តិធម៌សង្គម ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនិងសមធម៌៕ ដោយ៖បញ្ញាស័ក្តិ