ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ដ្រីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មន្ដ្រីរដ្ឋបាលខណ្ឌកំបូល និងមន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញចុះពិនិត្យស្ថានភាពជាក់ស្ដែងប្រព័ន្ធបង្ហូរទឹក ក្នុងភូមិសាស្ត្រសង្កាត់សំរោងក្រោម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាជន់លិចក្នុងតំបន់មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ជាពិសេសមុខបញ្ជាការដ្ឋាន កងទ័ពជើងគោក លើកំណាត់ផ្លូវជាតិលេខ៤។
ជាដំណោះស្រាយជំហានដំបូង កាលពីយប់ថ្ងៃសុក្រ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលខណ្ឌកំបូល កាយផ្ដាច់ផ្លូវនិងដាក់លូក្នុងភូមិត្រពាំងក្រសាំង និងភូមិជង្រុក បណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់ត្រពាំងក្រសាំង ដើម្បីបើកមុខទឹកឱ្យហូរ រំដោះទឹកចេញពីផ្លូវជាតិលេខ៤ មុខបញ្ជាការដ្ឋាន កងទ័ពជើងគោក និងបានដាក់គ្រឿងកាយស្ដារប្រឡាយបណ្ដោយមហាវិថី ឈ្នះ ឈ្នះ ដើម្បីបើកមុខទឹកឱ្យហូរចូលក្នុងបឹងតាមោក រំដោះការជន់លិចទឹកជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ៕ ដោយ៖កូឡាប