កោះកុង ៖ ខណៈកំពុងចុះទស្សនកិច្ចនៅតំបន់ឆាយតាហ៊ីង នៃសហគមន៍អេកូទេសចរណ៍អារ៉ែង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយប្រជាពលរដ្ឋនៅទីនោះ បានអំពាវនាវដល់ភ្ញៀវទេសចរនៅជុំវិញពិភពលោក អញ្ជើញមកទស្សនាតំបន់ព្រៃត្រូពិក (Tropic Foresh) ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានតែមួយគត់នៅតំបន់ស្ទឹងអារ៉ែង នៃស្រុកថ្មបាំង ខេត្តកោះកុង។
ដំណើរទស្សនកិច្ចនៅតំបន់ទេសចរណ៍ដែលមានទឹកហូរដ៏វែងអន្លាយត្រជាក់ល្ហឹមនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីលោក រដ្ឋមន្ត្រី ថោង ខុន រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តកោះកុង និងទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) អញ្ជើញជួបសំណេះសំណាលជាលើកទី២ ជាមួយប្រជាសហគមន៍តំបន់អារ៉ែងប្រមាណ ២៥០នាក់ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក ថោង ខុន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតតំបន់អេកូទេសចរណ៍អារ៉ែងនេះឡើង ដើម្បីជួយជ្រោមជ្រែងដល់ជីវភាពប្រជាពលរដ្ឋ ការពារធនធានធម្មជាតិ តាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកទស្សនាតំបន់នេះផងដែរ។
ក្រសួងទេសចរណ៍បានបណ្ដុះបណ្ដាលលើជំនាញមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ សុវត្ថិភាពចំណីអាហារ អនាម័យ បរិស្ថានជាដើម ដល់ប្រជាសហគមន៍ក្នុងតំបន់នេះ។ លើសពីនេះ រាជដ្ឋាភិបាលបាននិងកំពុងធ្វើការសាងសង់យ៉ាងសកម្មនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បណ្តាញអគ្គិសនី ប្រព័ន្ធទូរគមនាគមន៍ មណ្ឌលសុខភាព មណ្ឌលរដ្ឋបាល សកម្មភាពការងាររបស់មជ្ឈមណ្ឌលកម្ចាត់មីន ក្រុមការងារសុខាភិបាលចុះត្រួតពិនិត្យជំងឺគ្រុនចាញ់ និងសមិទ្ធផលជាច្រើនទៀត។
ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កញ្ញា Suwanna Gauntlett បានឲ្យដឹងថា កញ្ញាចង់ឃើញភ្ញៀវទេសចរមកពីជុំវិញពិភពលោក អញ្ជើញមកទស្សនាកម្សាន្តតំបន់អេកូទេសចរណ៍ ពិសេសមកឈរគយគន់ព្រៃត្រូពិកចុងក្រោយគេ និងធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍នេះ ពីព្រោះទីនេះមានទេសភាពល្អស្រស់ត្រកាលគួរជាទីរមនា។
លោកស្រី ឆាយ សៀវលីន ប្រធានសមាគម CATA បានបញ្ជាក់ថា លោកស្រីនឹងដាក់បញ្ចូលសហគមន៍អេកូទេសចរណ៍អារ៉ែង ចូលទៅក្នុងកញ្ចប់ទស្សនកិច្ចរបស់ភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តឆ្លងកាត់ភាគនិរតីកម្ពុជានេះ ហើយសមាគម CATA នឹងជំរុញអោយទីភ្នាក់ងារទេសចរណ៍. ជាសមាជិកសមាគមន៏ ធ្វើការនាំភ្ញៀវមកទីនេះដោយឆ្លងកាត់ការគ្រប់គ្រង ចង្អុលណែនាំពីសហគមន៍ ហើយសមាគមន៍ CATA នឹងធ្វើជាស្លាកសញ្ញាផ្ដល់ព័ត៌មានប្រាប់ដល់ភ្ញៀវទេសចរទាំងឡាយណា ដែលមិនទាន់មានគម្រោងទេសចរណ៍ជាមុន។
ប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង លោក ទិត្យ លី បានបញ្ជាក់ថា តាំងពីបង្កើតសហគមន៍អេកូទេសចរណ៍នេះមក ប្រជាសហគមន៍បានផ្លាស់ប្ដូរមុខរបរពីការបរបាញ់ កាប់ព្រៃឈើ មកជាមគ្គុទ្ទេសក៍នាំភ្ញៀវទេសចរដើរទស្សនាតំបន់អេកូទេសចរណ៍វិញ។ លោកថា ប្រជាពលរដ្ឋមានការរីករាយយ៉ាងខ្លាំងចំពោះប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំយកនូវសន្តិភាពជូនប្រទេសជាតិនិងប្រជាជន ហើយដែលសម្តេចលោកតែងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងធនធានធម្មជាតិនៅតំបន់ស្ទឹងអារ៉ែងនេះ និងប្ដេជ្ញាគាំទ្រសម្ដេចតេជោតទៅមុខទៀត។
ទន្ទឹងនឹងនោះ លោក ថោង ខុន បានបន្ថែមថា តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍នៅតំបន់អារ៉ែងនេះ ប្រជាសហគមន៍នឹងទទួលបានចំណូល និងអត្ថប្រយោជន៍ច្រើនជាងការកាប់ព្រៃឈើ បរបាញ់សត្វព្រៃ។ លោកថា ជាបទពិសោធន៍ដូចនៅសហគមន៍អេកូទសចរណ៍ជីផាត់ ប្រជាជនឈប់បរបាញ់សត្វ ឈប់កាប់ព្រៃឈើ ហើយងាកមកប្រកបមុខរបរផ្តល់សេវាទេសចរណ៍ដល់ភ្ញៀវទេសចរ ដូចជា មគ្គុទ្ទេសក៍នាំភ្ញៀវ ចុងភៅចល័ត ផ្ទះស្នាក់សហគមន៍ ផ្តល់សេវាម្ហូបអាហារ ដឹកជញ្ជូន។ល។ ដូច្នេះហើយទើបលោករដ្ឋមន្ត្រីប្រកាសអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចាប់អារម្មណ៍មកទស្សនាតំបន់អេកូទេសចរណ៍អារ៉ែងនេះឲ្យបានច្រើន ដោយនៅទីនេះមានសេវាកម្មគ្រប់គ្រាន់រង់ចាំបម្រើទេសចររៀងរាល់ថ្ងៃ ដែលផ្តល់ដោយសហគមន៍អេកូទេសចរណ៍អារ៉ែងនេះ។
សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍អេកូទេសចរណ៍អារ៉ែង លោក រដ្ឋមន្ត្រីបានសន្យាថានឹងឧបត្ថម្ភកុំព្យួទ័រចំនួន៤គ្រឿង ឧបករណ៍បំពងសំឡេងចល័ត២គ្រឿង ម៉ាស៊ីនថតចម្លង១គ្រឿង ផ្ដល់ការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ បន្ថែម មុខជំនាញចំអិនម្ហូបអាហារ ផលិតបទចម្រៀងអំពីសក្ដានុពលអេកូទេសចរណ៍អារ៉ែង និងអណ្តូងទឹកចំនួន៣កន្លែង ដែលឧបត្ថម្ភដោយសមាគម CATA៕ ដោយ៖បញ្ញាស័ក្តិ