ខេត្តស្វាយរៀង៖ ជនសង្ស័យជាមុខសញ្ញាជួញដូរ រក្សាទុកដឹកជញ្ជូនគ្រឿងញៀន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនចំនួន៤នាក់ ស្រី១នាក់ រួមជាមួយនឹងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ស្វាយរៀងនិងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោក សុខ កែវ បណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ និងទី៥ ខែតុលា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ .ក្រុងស្វាយរៀង និងមានកិច្ចសហការល្អជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ១ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ ១លើកដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ ស្រី១នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន -ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២៧កញ្ចប់(ធំ៣កញ្ចប់)ទម្ងន់១៩១,៦ក្រាម -ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង -ទូរស័ព្ទដៃ៣គ្រឿង -រួមជាមួយឧបករណ៍ជក់ប្រើប្រាស់និងសម្ភារវេចខ្ចប់មួយចំនួនទៀត៕ដោយ៖វ៉ៃកូ