ភ្នំពេញ ៖ អ្នកជំនាញក្នុងការបង្ហាត់បង្ហាញភាសាអង់គ្លេសដល់ពលរដ្ឋខ្មែរក្នុងរយៈពេល២៥ឆ្នាំនេះ បានសង្កេតឃើញថា កូនសិស្សខ្មែរមានការកើនឡើងគួរឲ្យកត់សម្គាល់ទៅលើកម្រិតចំណេះភាសាអង់គ្លេស ហើយប្រៀបធៀបកម្រិតចំណេះដឹងនេះទៅនឹងប្រទេសជិតខាង គឺយើងឃើញថាចំណេះដឹងទាំងនោះមិនចាញ់គេនោះទេ ហើយអាចខ្ពស់ជាងគេទៀតផង ក្នុងវិស័យអប់រំ វិស័យសេដ្ឋកិច្ច និងវិស័យសិក្សាធិការជាដើម។
សន្និសីទ CamTESOL បានធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានរយៈពេល១៤ឆ្នាំមកហើយ លើការបង្ហាត់បង្ហាញភាសាអង់គ្លេស និងអ្នកបោះពុម្ពសៀវភៅ ទាក់ទងក្នុងការបង្ហាត់ភាសាអង់គ្លេស បានមកជួបជុំគ្នានៅប្រទេសកម្ពុជា ចំនួន៣៩ប្រទេសប្រមាណ១៧០០នាក់ ដែលនឹងធ្វើការចែករំលែក នូវបទពិសោធន៍ លើវិស័យបង្ហាត់បង្ហាញភាសាអង់គ្លេស នៅក្នុងប្រទេសកម្ពុជា។
ពិធីបើកកម្មវិធីសន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី១៤ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃសៅរ៍ ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
លោកបណ្ឌិតសភាចារ្យ បានថ្លែងថា សន្និសីទ CamTESOL នេះនាំមកនូវការជួបជុំគ្នាក្នុងចំណោមគ្រូបង្រៀនភាសាអង់គ្លេស និងគ្រូឧទ្ទេស អ្នកស្រាវជ្រាវក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេស (ELT) និងភាសាវិទ្យា បុគ្គលិករដ្ឋបាលរបស់សាលារៀន និងសាកលវិទ្យាល័យ ដែលបណ្ដុះបណ្ដាលផ្នែកភាសាអង់គ្លេស អ្នកអប់រំ ដែលមានចំណាប់អារម្មណ៍ ក្នុងការអប់រំភាសាអន្តរជាតិ។ សន្និសីទដ៏ធំនេះ នឹងរួមបញ្ចូលនូវការធ្វើបទបង្ហាញចំនួនជាង ៣៥០ ដោយអ្នកជំនាញផ្នែកបង្រៀនភាសាអង់គ្លេស ព្រមទាំងមានការធ្វើបទបង្ហាញបន្ថែម ចំនួន១០០ ផ្សេងទៀត។
លោកម៉ៅ ស្រេង នាយកស្ថាប័នអប់រំ អាយ ឌី ភី (IDP Education) កម្ពុជា បានថ្លែងថា នៅឆ្នាំខាងមុខទៀត សន្និសីទនេះនឹងបន្តផ្តល់ជាវេទិកាក្នុងការចែករំលែកបទពិសោធន៍ចំណេះ ការស្រាវជ្រាវ ជួយលើកកម្ពស់កម្រិតស្តង់ដារនៃការបង្ហាត់បង្រៀនភាសាអង់គ្លេស មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាទូទាំងពិភពលោកផងដែរ។ ក្នុងចំណោមភ្ញៀវដែលចូលរួមទាំង៣៩ប្រទេស ដែលមាន១៧០០នាក់នោះ មានគ្រូបង្ហាត់បង្ហាញភាសាអង់គ្លេសពីប្រទេសនានាដូចជានាយកសាលា ឬចាងហ្វាយសាលា ឬសាកលវិទ្យាល័យ និងស្រាវស្រាវជ្រាវសិក្សាធិការ ដើម្បីមកចែករំលែកនៃការយល់ដឹងរបស់ពួកគាត់ថាតើការបង្ហាត់បង្ហាញភាសាអង់គ្លេសត្រូវធ្វើយ៉ាងម៉េច ធ្វើឲ្យកាន់តែប្រសើរឡើង ជួយកូនសិស្សឲ្យរៀនកាន់តែលឿនឡើងនិងឆាប់ចេះភាសាអង់គ្លេស។
លោកបានលើកឡើងថា ឆ្លងតាមការបង្ហាត់បង្ហាញភាសាអង់គ្លេសដល់ពលរដ្ឋខ្មែរក្នុងរយៈពេល២៥ឆ្នាំនេះ បានសង្កេតឃើញថាមានការកើនឡើងគួរឲ្យកត់សម្គាល់ទៅលើកម្រិតចំណេះភាសាអង់គ្លេសរបស់កូនសិស្សកម្ពុជា ហើយប្រៀបធៀបកម្រិតចំណេះដឹងនេះទៅនឹងប្រទេសជិតខាង គឺយើងឃើញថាចំណេះដឹងទាំងនោះមិនចាញ់គេនោះទេ ហើយអាចខ្ពស់ជាងគេទៀតផង ដោយសារការខិតខំប្រឹងប្រែងលោកគ្រូក្នុងការបង្ហាត់បង្ហាញភាសាអង់គ្លេស និងកូនសិស្សដែលខំព្យាយាមសិក្សាដោយខ្លួនឯង។ ភាសាអង់គ្លេសមានសារសំខាន់នៅក្នុងវិស័យអប់រំ វិស័យសេដ្ឋកិច្ច និងវិស័យសិក្សាធិការជាដើម ដូច្នេះហើយទើបមានការចូលរៀនសូត្រយ៉ាងសស្រាក់សស្រាំពីបណ្តាគ្រូបង្រៀននិងបណ្តាកូនសិស្ស ដែលចូលមកសិក្សាក្រេបជញ្ជក់យកចំណេះដឹងភាសាអង់គ្លេស។
លោកបានបញ្ជាក់ថា “ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រក្នុងការបង្កើនចំណេះដឹងភាសាអង់គ្លេសដល់យុវជនមួយចំនួននោះ គឺយើងតែងតែឮការសួរគ្នាថាតើរៀនភាសាអង់គ្លេសយ៉ាងម៉េចដើម្បីឲ្យបានឆាប់ចេះ? គឺការរៀននោះអាស្រ័យទៅលើគ្រូបង្ហាត់នោះផង តើគ្រូនោះមានចំណេះដឹងក្នុងការបង្ហាត់បានល្អទេ មានបច្ចេកទេសក្នុងការជួយកូនសិស្សឆាប់យល់ ឆាប់ចាំទេ ។ ទាក់ទងនឹងឯកសារ សម្ភារៈសិក្សាដែលប្រើប្រាស់ដោយគ្រូបង្ហាត់និងក្នុងថ្នាក់រៀន តើមានលក្ខណៈមួយជួយពន្លឿនល្បឿនក្នុងការរៀនសូត្រ ហើយកិច្ចការដែលសំខាន់ជាងគេគឺការយកចិត្តទុកដាក់របស់កូនសិស្សផ្ទាល់ខ្លួន ហើយប្រសិនបើមានគ្រូល្អ មានសម្ភារៈបរិក្ខារល្អ នឹងរៀនបានល្អ ។ ប៉ុន្តែប្រសិនបើមានសៀវភៅល្អ សម្ភារៈល្អ តែកូនសិស្សមិនខំរៀននោះក៏ល្បឿននៃការសិក្សាក៏មិនបានលឿនដែរ។ ការរៀនភាសាត្រូវខិតខំដោយខ្លួនឯង ក្រោយពេលចេញពីសាលា ត្រូវស្វែងរកការសិក្សាដោយខ្លួនឯងបន្ថែមទៀតនៅខាងក្រៅសាលា តាមរយៈការអានសៀវភៅ ស្តាប់ទូរទស្សន៍ ស្តាប់វិទ្យុ អានកាសែត ការនិយាយសាសងជាមួយមិត្តភក្តិនិងអ្នកដែលរៀនភាសាអង់គ្លេសដូចគ្នា។ លោកបន្តថា ការរៀនភាសាអង់គ្លេសគួរតែចំណាយពេលឲ្យបានច្រើន នៅខាងក្រៅថ្នាក់ ជាជាងនៅក្នុងថ្នាក់រៀនទៀត ។ ពីព្រោះតាមពិតទៅការរៀនហើយត្រូវយកទៅប្រើប្រាស់ ហើយបើសិនជារៀនហើយមិនយកទៅប្រើនោះ គឺកម្រិតចំណេះដឹងនឹងថយមិនលឿនដូចគ្នាដែលប្រើប្រាស់ភាសាអង់គ្លេសដូចគេទេ”៕ ដោយ៖កូឡាប