Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូត​ជប៉ុន ឈ្វេងយល់​ពី​តំបន់​សក្តានុពល​វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និង​កសិកម្ម នៅក្នុង​ខេត្តស្វាយរៀង​

​ខេត្តស្វាយរៀង​:​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០​នេះ បានអនុញ្ញាត​ឲ្យ​លោក Masahiro MIKAMI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួប​សម្តែង​ការគួ​សម និង​ស្តាប់​ព័ត៌មាន​សង្ខេប​អំពី​ស្ថានភាព​ទូទៅ​នៅក្នុង​ខេត្តស្វាយរៀង​។​

​មាន​ប្រសា​ន៍​ទៅកាន់ លោក Masahiro MIKAMI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក អភិបាលខេត្ត បានបញ្ជាក់​ជូន អំពី​ស្ថានភាព​ភូមិសាស្ត្រ និង​តំបន់​សក្តានុពល​សំខាន់ៗ ដែល​រដ្ឋបាលខេត្ត​សម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និង​កសិកម្ម ជាពិសេស​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​នៅ​ខេត្តស្វាយរៀង ក្នុងនោះ​ក្រុមហ៊ុន​ជប៉ុន​ក៏បាន​បណ្តាក់​ទុនវិនិយោគ​ជាច្រើន​ក្រុមហ៊ុន​ផងដែរ ដែល​បានផ្តល់​ការងារ ធ្វើ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង និង​មកពី​តាម​បណ្តា​ខេត្ត​សរុប​ជាង​៨​ម៉ឺន​នាក់ ។

​លោក ម៉ែន វិបុល អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ជំនួយ​របស់​ជប៉ុន ជួយ​ដល់​វិស័យ​រដ្ឋ​នានា​ក្នុង​ខេត្ត ព្រមទាំង​ក្រុមហ៊ុន​ដែល​បានមក​បណ្តាក់​ទុនវិនិយោគ នៅលើ​ទឹកដី​ខេត្តស្វាយរៀង​ជា​បន្តបន្ទាប់​នាពេល​កន្លងមក និង​អរគុណ​ចំពោះ​ឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូត​ជប៉ុន ដែល​បាន​ឆ្លៀតពេល​ពេលវេលា​អញ្ជើញ​មក​សិក្សា​ឈ្វេងយល់​ពី​ស្ថានភាព​ទូទៅ អំពី​សក្ដានុពល និង​ការអភិវឌ្ឍ​ខេត្ត ការពង្រឹង​ចំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ជប៉ុន និង​ខេត្តស្វាយរៀង ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន​ជប៉ុន និង​ខេត្តស្វាយរៀង ជាពិសេស​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សុវត្ថិភាព និង​ទ្រព្យសម្បត្តិ​របស់​អ្នកវិនិយោគ​ជប៉ុន​ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ខេត្តស្វាយរៀង ព្រមទាំង​ឱកាស​វិនិយោគ​បន្ថែមទៀត​នាពេលខាងមុខ​៕ ដោយ៖វ៉ៃ​កូ​

×