ភ្នំពេញ៖ ប្រិយយមិត្តជាទីរាប់អាន ថ្ងៃនេះមានរឿងក្តៅគគុកទៀតហើយ ក្រោយភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា នោះគឺរឿងរ៉ាវទាក់ទងនឹងជំទាវ សុន កណ្ណិកា ដែលថ្មីៗនេះ បានទទួលរងព្យុះរិះគន់យ៉ាងខ្លាំង ដោយសារតែគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Maadam Yoo បានបង្ហោះ ឆាតផ្ទាល់ខ្លួនជាមួយអ្នកនាង សុន កណ្ណិកា ពីការវេរលុយដែលមានចំនួន រហូតដល់ទៅ ១ លានដុល្លារ ។ ដោយក្នុងនោះ អ្នកនាង សុន កណ្ណិកា បានសរសេរថា “ សប្បាយចិត្តណាស់ ព្រឹកនេះទទួលបានហើយ លុយ ១ លានដុល្លារ ដែលបងបាញ់មក ” ។
ក្រោយរឿងនេះផ្ទុះការចាប់អារម្មណ៍ ក្រោយមក ក៏មានគណនីហ្វេសប៊ុកឈ្មោះ Sweetie Berry បានបញ្ចេញរូប Screenshot កាត់ភ្ជាប់លុយដុល្លារទាំងដុំៗ ដើម្បីបញ្ជាក់ទៅដល់មហាជនថាអ្វីៗដែលជំទាវជំទាវ សុន កណ្ណិកា អ៊ួតនោះ គឺជាការកុហក់បោកប្រាស់ប៉ុណ្ណោះ ដោយបានសង្កត់ធ្ងន់ថា «កុំចាត់ទុកជនជាតិខ្មែរដំឡូងមូលឲ្យសោះ»។
តែយ៉ាងណា ក្រោយមកអ្នកនាង សុន កណ្ណិកា ក៏បានឡាយវីដេអូសុំទោសបងប្អូនទាំងអស់គ្នា នូវរាល់អ្វីៗដែលបានកើតឡើងដែលបងប្អូនគិតថាជាកំហុសឆ្គង និងក៏បានសារភាពត្រង់ៗថា តាមពិតទៅលុយដុល្លារទាំងដុំៗនោះ គឺជាលុយដែលអ្នកនាង Save ចេញពីក្នុងអ៊ីនធឺណិតប៉ុណ្ណោះ ហើយដោយសារតែស្រឡាញ់ពេក ក៏បានដាក់នៅលើអេក្រង់ទូរស័ព្ទជាប់រហូត។
បន្ថែមលើនេះ សុន កណ្ណិកា ក៏បានបង្ហោះ សារមួយឃ្លា លើកឡើងជុំវិញកំហុសឆ្គងរបស់មនុស្សម្នាក់ៗ ដែលគ្មានអ្នកណាម្នាក់ជៀសផុតពីការមិនចេះខុសយ៉ាងដូច្នេះថា៖ «គ្មាននរណាម្នាក់ល្អឥតខ្ចោះ ឡើយ សូម្បីតែខ្មៅដៃ ក៏មានជ័រលុបដែរ រៀនពីកំហុស ធ្វើខុសចេះកែ ព្រោះ ជីវិតយើងត្រូវទៅមុខទៀត មិនមែននៅត្រឹមនិងទេណា បើគ្មានអ្នកណាអភ័យទោសអោយយើង គឺយើងអភ័យទោសឲ្យខ្លួនឯង ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ» ។
ដោយឡែក កាលពីម្សិលមិញនេះ (ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០) ប្រហែលអត់ទ្រាំពុំបាននឹងគណនីហ្វេសប៊ុក Sweetie Berry ដែលនៅតែបង្ហោះដែលនាំឲ្យមហាជនមានការយល់ច្រឡំកាន់តែខ្លាំងឡើងនោះ អ្នកនាង សុន កណ្ណិកា ក៏បានផ្ញើសារទៅកាន់គណនីហ្វេសប៊ុកខាងលើ ដោយភ្ជាប់លិខិតជូនដំណឹង ដែលមានមេធាវី២រូបការពារក្តី ឲ្យប្រញាប់លុបចេញជាបន្ទាន់ ដោយទុកពេល២ថ្ងៃប៉ុណ្ណោះ ពុំនោះទេ នឹងត្រូវប្រឈមនឹងផ្លូវច្បាប់។
ទោះយ៉ាងណា ក្រោយពីបានឃើញលិខិតព្រមានបែបនេះពីជំទាវ សុន កណ្ណិកា ក៏ស្រាប់តែគណនី Sweetie Berry បានឆ្លើយតបទៅវិញ និងសច្ចាតស៊ូដល់ទីបញ្ចប់ ដោយសំអាងហេតុផលមួយនេះថា៖ «លិខិតជូនដំណឹង មិនមែនពាក្យបណ្តឹងឡើយ សម្រាប់ពាក្យបណ្តឹងមិនមានច្បាប់ណា៎ឲ្យផុសជាសាធារណៈបានដែរ។ សូមបងប្អូនកុំទាន់យល់ច្រឡំថាប្តឹងណា៎។ នាងខ្ញុំ SweetieBerry នឹងតស៊ូវិញដល់ទីបំផុត។ ខ្ញុំមិនបានធ្វើអ្វីខុសច្បាប់ប្រទេសឡើយ ខ្ញុំជាប្រជាជនធម្មតាម្នាក់ដែលមានសិទ្ធិបញ្ចេញមតិយោបល់ និងធ្វើការរិះគន់។ ខ្ញុំមិនព្រមចុះចាញ់អំណាចទឹកប្រាក់មកជិះជាន់លើសិទ្ធិនោះឡើយ។
សង្ឃឹមថា បងប្អូនដែលស្រឡាញ់រាប់អានខ្ញុំ នឹងផ្តល់ជាកម្លាំងចិត្តក្នុងការតស៊ូមួយនេះ។»៕ ដោយ៖ លឹម ហុង