ភ្នំពេញ៖កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីមួយចំនួនធំ ស្មគ្រចិត្តទទួលយកដំណោះស្រាយ របស់រដ្ឋបាលរាជធានីភ្នំពេញ ខណៈមានកម្មករផ្នែកបើកបររថយន្តដឹកសំរាមមួយចំនួនតូច មិនព្រម ទទួល យកគោលការណ៍ ធ្វើឲ្យមានការរាំងស្ទះដល់ការបម្រើការងារជាធម្មតា ។
ថ្លែងនៅក្នុងឱកាសសំណេះសំណាល និងចែកជូននូវអង្ករ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រីជាច្រើននាក់ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើការណែនាំដល់កម្មករ-កម្មការិនីរបស់ក្រុមហ៊ុនស៊ីនទ្រីទាំងអស់ ត្រូវចូលរួមធ្វើការជាធម្មតាវិញ ដើម្បីកុំឲកយមានការខាតបង់ប្រយោជន៍របស់ខ្លួន និងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ។
លោក កើត ឆែ បានបន្តឲ្យដឹងថា ក្រោយមានការធ្វើកូដកម្មរបស់កម្មករ-កម្មការិនីប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី ជាច្រើនថ្ងៃកន្លងមកនេះ រាជធានីភ្នំពេញ មានការកកស្ទះសំរាមជាច្រើននៅតាមតំបន់នានា ខណៈដែលជាទូទៅសំរាមក្នុងរាជធានីភ្នំពេញ មានជិត៣០០០តោននៅក្នុងមួយថ្ងៃ។ ដើម្បីឆ្លើយតប និងដោះស្រាយកុំឲ្យមានការកកស្ទះនូវបញ្ហាសំរាមនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការដោះស្រាយជាបណ្តោះអាសន្ន ដោយបានបញ្ចេញនូវរថយន្តដឹកសំរាមរបស់ខ្លួនដែលជាមធ្យោបាយរួម និងបានបញ្ជាឲ្យមន្ត្រីក្រោមឱវាទ ចុះធ្វើការប្រមូលសំរាមក្នុងខណ្ឌទាំង១៤ កុំឲ្យមានការកកស្ទះ ដោយក្នុងនោះគិតចាប់ពីថ្ងៃធ្វើកូដកម្មតវ៉ារបស់បុគ្គលិកស៊ីនទ្រី រយៈពេលមួយសប្តាហ៍នេះ កម្លាំងរដ្ឋបាលរាជធានីភ្នំពេញប្រមូលបានជាង១៥០០តោន ។
ជាមួយគ្នានោះលោក កើត ឆែ បានបញ្ជាក់បន្ថែមទៀតថា រដ្ឋបាលរាជធានីភ្នំពេញ ដែលមានឯកត្តម ឃួង ស្រេង ជាអភិបាល និងជាគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការបញ្ជាឲ្យទិញនូវ រថយន្តសាហ្សឺ (គ្រឿងចក្រសម្រាប់ឈូសឆាយ) ជាបន្ទាន់ ចែកជូនក្នុង១ខណ្ឌ ចំនួន២គ្រឿងបន្ថែមទៀត ដើម្បីធ្វើការសម្រួលក្នុងការប្រមូលសំរាមឲ្យកាន់តែងាយស្រួល និងចំណេញពេលវេលា។
លោក កើត ឆែ បានបញ្ជាក់ទៀតថា ការសម្របសម្រួលជូនដល់បងប្អូន ដែលជាកម្មករ-កម្មការិនីប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីនាពេលនេះ គឺរដ្ឋបាលរាជធានីភ្នំពេញ បានគិតគូរពីសុខទុក្ខរបស់ពួកគាត់ កុំឲ្យមានការខាតបង់ទាំងពេលវេលា និងបាត់បង់ប្រាក់ចំណូលរបស់ខ្លួន ខណៈដែលកម្មករ -កម្មការិនីមួយចំនួនធំ បានស្ម័គ្រចិត្ត ទទួលយកគោលការណ៍សម្របសម្រួលរបស់រដ្ឋបាលរាជធានីភ្នំពេញ ប៉ុន្តែមានបុគ្គលិកផ្នែកបើកបររថយន្តដឹកសំរាមមួយចំនួនតូច មិនព្រមទទួលយកគោលការណ៍ ទើបធ្វើឲ្យបងប្អូនកម្មករប្រមូលសំរាមមួយចំនួនធំ មិនអាចចូលបម្រើការងារជាធម្មតា។
គួរបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ ស្តីពីការធ្វើកូដកម្មរបស់កម្មករក្រុមហ៊ុន ស៊ីនទ្រី ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើជួបប្រជុំជាមួយសហជីព និងតំណាងបងប្អូនកម្មករ និយោជិតរបស់ក្រុមហ៊ុន ស៊ីនទ្រី ដែលកំពុងធ្វើកូដកម្ម មិនចេញប្រមូលសំរាម ដើម្បីរកដំណោះស្រាយ ឲ្យបានសមស្របតាមផ្លូវច្បាប់។ ជាលទ្ធផល នៃកិច្ចប្រជុំនេះ ទទួលបានចំនួនបីដូចជា៖ទី១ ចំពោះសំណើរបស់បងប្អូនកម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុន ស៊ីនទ្រី ដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមផ្លូវច្បាប់ស្តីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកទទួលខុសត្រូវ។ ទី២ ចំពោះការងាររបស់បងប្អូនកម្មករ និយោជិតទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៊ីនទ្រី ដេញថ្លៃការប្រមូលសំរាមបាន ឬមិនបានក៏ដោយ។ ទី៣ សូមឲ្យបងប្អូនកម្មករនិយោជិតទាំងអស់ នាំគ្នាចូលធ្វើការងារវិញជាធម្មតា ចាប់ពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះតទៅ ។ ប៉ុន្តែជាក់ស្តែងនៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ដដែលបងប្អូនកម្មករនិយោជិតដែលជាអ្នកបើកបរ បានកែប្រែចិត្ត មិនព្រមចេញឡានទៅប្រមូលសំរាមតាមការព្រមព្រៀងទៅវិញ។ រដ្ឋបាលរាជធានីភ្នំពេញបានសម្តែង នូវការសោកស្តាយចំពោះទង្វើរបស់កម្មករ និយោជិតរបស់ក្រុមហ៊ុន ស៊ីនទ្រី មួយចំនួន ដែលមិនគោរពតាមការព្រមព្រៀង ដូចដែលមានបានចែងនៅក្នុងកំណត់ហេតុនៃអង្គប្រជុំ ។ ដើម្បីដោះស្រាយបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាត់វិធានការ ដោយដោះស្រាយកម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីធ្វើការប្រមូលសំរាម ដែលមានការកកស្ទះនៅរាជធានីភ្នំពេញ ឲ្យអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ៕
ដោយ៖បញ្ញាស័ក្តិ